(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាបជាក់ស្ដែង​ទៅលើក្រុមជនសង្ស័យ ​ចំនួន៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងដកហូត​វត្ថុតាងជាសម្ភារប្រើប្រាស់ និងថ្នាំញៀនបម្រើឲ្យសកម្មភាពជក់មួយចំនួន។

លោកវរសេនីយ៍ទោ គល់ យី បានបញ្ជាក់ថា ការតាមបង្ក្រាបជាក់ស្ដែង ចំពោះជនសង្ស័យទាំង៦នាក់ ក្នុងបទល្មើសរក្សាទុក និងប្រើប្រាស់ថ្នាំញៀននេះ បានបើកប្រតិបត្តិការឡើង ក្នុង២ករណីផ្សេងគ្នា ដែលស្ថិតនៅត្រង់ចំណុចក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរេះ២ និងស្ថិតនៅត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។

លោកអធិការ​បានបញ្ជាក់ទៀតថា ជនសង្ស័យដែលបង្ក្រាបទាំងនោះ ទី១៖ឈ្មោះ កូរ៉ា ហ្សាក់ ​អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ ហេង ងួន អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ឯល មហា ម៉ាក់ អាហីម អាយុ២៧ឆ្នាំ, ទី៤៖ឈ្មោះ ហីម សានី ​អាយុ២៨ឆ្នាំ មានទីលំនៅក្នុងក្រុមទី៦ ក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ​។ ឯជនសង្ស័យ២នាក់ទៀត ឈ្មោះ សា រ៉ាវី ​អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណាល និងម្នាក់ទៀតឈ្មោះ វ៉េង សំបូរ ​អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ លោកវរសេនីយ៍ទោ គល់ យី បានអំពាវនាវដល់ស្រទាប់យុវជន គួរត្រូវជៀសឲ្យឆ្ងាយពីការសេពគ្រឿងញៀន ដែលបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួន ដូចជាបាត់បង់សមត្ថភាពក្នុងការរៀនសូត្រ សមត្ថភាពក្នុងការបំពេញការងារ បាត់បង់អាជីព ចំណូលគ្រួសារថយចុះ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យកិត្តិយសគ្រួសារអាប់ឱន​ជាដើម។

លោកបន្តថា ក្រៅពីបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួននោះ គ្រឿងញៀនបានបង្កឲ្យមានផលវិបាកផ្សេងៗទៀត ដល់សហគមន៍ និងសង្គមជាតិ ដូចជាបង្កើនជំងឺ ចំណាយលើបញ្ហាសុខភាព បន្ថយសមត្ថភាព ដែលបង្កឲ្យមានជាឧក្រិដ្ឋកម្ម ឃាតកម្ម ចោរកម្ម អសន្តិសុខ។ល។

ទោះយ៉ាងណា ជនសង្ស័យចំនួន៦នាក់​ខាងលើ រួមជាមួយវត្ថុតាង ប្រភេទក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងសកម្មភាពរក្សាទុក ក្រោយពីបង្ក្រាបជាក់ស្ដែងនេះ បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿង​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនិតិវិធី៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]