វៀតណាម៖ ដោយសារតែចង់ទំនុកបម្រុងការសិក្សារបស់កូនស្រីបង្កើតពីរនាក់ដែលរៀននៅសហរដ្ឋអាមេរិកឲ្យចប់ចុងចប់ដើម លោកតា Duyen ដែលជាជនជាតិវៀតណាម មានអាយុ៧២ឆ្នាំ ប្រកបមុខរបរជាអ្នកលក់កាហ្វេតាមចិញ្ចើមផ្លូវក្នុងទីក្រុងហូជីមិញម្នាក់នេះ បានសម្រេចចិត្តលក់ផ្ទះរបស់គាត់ដើម្បីយកលុយផ្ញើទៅឲ្យកូនៗបង់ថ្លៃសាលារៀននៅទីនោះតែម្តង។

ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺ កូនស្រីបង្កើតទាំងពីរនាក់របស់គាត់ដែលរស់នៅក្នុងទឹកដីអាមេរិកនោះ មិនដែលមកលេងស្រុកកំណើតម្តងទេ តាំងពីឆ្នាំ២០០៩មកម្ល៉េះ បើទោះបីជាពួកគេបានបញ្ចប់ការសិក្សារៀងៗខ្លួនហើយក៏ដោយ។ ពួកគេសុខចិត្តទុកលោកតា Duyen ចោលឲ្យរស់នៅវៀតណាមម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំ ដោយមិនបានជិះមកសួរសុខទុក្ខគាត់សូម្បីម្តង។

លោកតា Duyen កំពុងលក់កាហ្វេ

គួរបញ្ជាក់ថា ទុក្ខធុរៈទាំងអំបាលម៉ានត្រូវធ្លាក់មកលើលោកតា Duyen ទាំងអស់ ចាប់តាំងពីប្រពន្ធរបស់គាត់ទទួលមរណភាពមក ពិសេសគឺការទំនុកបម្រុងការសិក្សារបស់កូនស្រីបង្កើតពីរនាក់នៅអាមេរិកនេះតែម្តង។ ហើយដើម្បីមានលុយគ្រប់គ្រាន់ សម្រាប់បង់ថ្លៃសាលាកូនស្រីនៅអាមេរិកបាន គាត់ត្រូវបានគេបង្ខំឲ្យលក់ផ្ទះដែលគាត់ធ្លាប់នៅចោល ហើយ យកលុយដែលនៅសេសសល់ទៅទិញផ្ទះថ្មីមួយទៀតដែលមានតម្លៃថោក។

សព្វថ្ងៃនេះ លោក Duyen មានត្រឹមតែម៉ូតូមួយគ្រឿងក្នុងការលក់កាហ្វេចល័តរបស់គាត់ក្នុងទីក្រុងហូជីមិញតែប៉ុណ្ណោះ។ គាត់បានប្រកបមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងទទួលបានជោគជ័យខ្លាំងក្នុងវិស័យលក់កាហ្វេចល័តនេះដែរ។ចំណែកឯកូនស្រីទាំងពីររបស់គាត់ក៏បានបញ្ចប់ការសិក្សានៅអាមេរិករៀងៗខ្លួនដែរ។ឥឡូវនេះកូនស្រីរបស់គាត់ម្នាក់មានមុខរបរជាវេជ្ជបណ្ឌិត និង ម្នាក់ទៀតគឺជាសាស្ត្រាចារ្យ។

ប៉ុន្តែគួរឲ្យសោកស្តាយ ព្រោះក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ពួកគេមិនដែលត្រលប់មកប្រទេសវៀតណាមវិញទេ។ អីចឹងហើយ លោក Duyen ដែលជាឪពុកប្រហែលជាត្រូវទិញសំបុត្រយន្តហោះទៅលេងពួកគេនៅអាមេរិកវិញហើយ។ ឥឡូវនេះ លោកតា Duyen កំពុងធ្វើការសន្សំប្រាក់ដើម្បីយកទៅធ្វើជាសោហុយក្នុងការធ្វើដំណើរទៅអាមេរិកដើម្បីជួបកូនស្រីគាត់ទាំងពីរ។

ស្របពេលជាមួយគ្នានេះ គាត់ក៏បានប្រកាសប្រាប់លោកមូយរបស់គាត់ ដោយសរសេរអក្សរលើធុងកាហ្វេបង្ហាញពីថ្ងៃឈប់រយៈពេល ៤៨ថ្ងៃ ក្នុងគោលបំណងទៅលេងកូនរបស់គាត់នេះដែរ។

យោងតាមប្រសាសន៍របស់លោកតា Duyen ផ្ទាល់បាននិយាយថា “ ក្នុងការទៅលេងអាមេរិកនេះ ខ្ញុំគ្មានមានរបស់មានតម្លៃអ្វីយកទៅជាមួយទេ។ អីចឹងហើយខ្ញុំនឹងយក
កាហ្វេពីវៀតណាមចំនួន៣គីឡូក្រាមដើម្បីជាកាដូឲ្យទៅកូនស្រីខ្ញុំទាំងពីរ”។ គាត់បន្ថែមថា “ ខ្ញុំមិនដែលស្តាយក្រោយជាមួយនឹងការសម្រេចចិត្តនេះទេ បើទោះបីជាពួកគេមិនបានត្រលប់មកលេងខ្ញុំក្រោយបញ្ចប់ការសិក្សាក៏ដោយ”៕

លោកតា Duyen កំពុងលក់កាហ្វេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]