រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានកាន់រូបថតចៅប្រុសមួយសន្លឹកដើរសួរគេពេញក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ខណៈចៅប្រុសរបស់គាត់បានដើរទៅជាមួយក្មេងៗសុំទានដែលរស់នៅជិតខាងគ្នាមកដល់កោះពេជ្រ ហើយវង្វេងបាត់មិនឃើញត្រឡប់ទៅផ្ទះវិញកាលពីរសៀលថ្ងៃទី១២ ខែមីនា ២០១៩ ។
កុមារាដែលជីដូនតាមរកខាងលើឈ្មោះឈិន មេត្តាកាម៉ុន អាយុ៥ឆ្នាំ ស្នាក់នៅជាមួយជីដូននៅបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌមករា។
តាមប្រភពព័ត៌មានពីជីដូនឈ្មោះសោម សុម៉ាលី អាយុ៤០ឆ្នាំ បានប្រាប់អោយដឹងថា ចៅរបស់គាត់បានរស់នៅជាមួយគាត់តាំងតែពីតូចមកម្ល៉េះ ហើយឪពុកម្តាយរបស់កុមារនោះបានចេញទៅរកស៊ីនៅខេត្តឆ្ងាយអស់ហើយ ។ នៅមុនមានការភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីគាត់ក្រោកពីដេកពេលថ្ងៃ ហើយស្រែករកចៅមិនឃើញ ក៏ដើររក ស្មានតែចៅទៅលេងជាមួយក្មេងៗនៅផ្ទះជិតខាងគ្នា តែរកមិនឃើញសោះ លុះពេលសួរអ្នកជិតខាង គេប្រាប់ថា ចៅប្រុសរបស់គាត់ទៅជាមួយក្មេងៗសុំទានបាត់ហើយ គឺទៅកោះពេជ្រ។
ប្រភពដដែលបានបន្តថា គាត់ក៏បានតាមទៅរកដល់មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ មីនា តែមិនឃើញចៅរបស់គាត់សោះ ឃើញតែក្មេងៗដែលនាំចៅគាត់ទៅនោះមកសួរនាំ ហើយក្មេងៗទាំងនោះបាននិយាយថា វង្វេងគ្នាហើយ កំពុងតែតាមរកមិនឃើញដូចគ្នា ឮដូច្នេះគាត់ក៏តាមរករហូតដល់យប់ជ្រៅនៅតែមិនឃើញ ក៏ត្រឡប់មកផ្ទះវិញ។
លុះដល់ថ្ងៃទី១៣ ខែមិនា គាត់ក៏មករកម្តងទៀត ហើយកាន់រូបថតចៅប្រុសរបស់គាត់មួយសន្លឹកដើរសួរគេពេញក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនៅតែគ្មានអ្នកណាស្គាល់ ឬក៏ប្រទះឃើញនោះទេ រហូតដល់វេលាម៉ោង៨យប់ថ្ងៃដដែលនោះ គាត់ក៏សម្រេចចិត្តមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីអោយសមត្ថកិច្ចជួយតាមស្វែងរក។
ជាចុងក្រោយ ស្ត្រីជាជីដូនមានតែម្រាមដៃដប់លើកសំពះបួងសួងដល់ទេវតាមេត្តាជួយថែរក្សាចៅគាត់ផង ហើយបើបងប្អូនប្រជាពលរដ្ឋបានឃើញចៅរបស់គាត់ដូចមានភិនភាគខាងលើ សូមមេត្តាជួយឃាត់ទុកអោយគាត់ផង និងទាក់ទងមកគាត់តាមរយៈលេខទូរស័ព្ទ 096 377 44 96 ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]