កូរ៉េខាងត្បូង ៖ ជារឿងក៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតហើយ ដែលសមាជិកក្រុមចម្រៀងល្បីៗ នៅក្នុងវិស័យ Kpop កូរ៉េ ត្រូវបានគេរកឃើញថា ជាប់ព័ន្ធនៅក្នុងរឿង បំពានផ្លូវភេទលើនារីៗ ច្រើនជាង ១០នាក់ ថែមទាំងលួចថតវីដេអូ បង្ហោះចែកចាយក្រុម Group Chat ដ៏អាថ៌កំបាំងមួយ ដែលប្រមូលផ្ដុំដោយ តារាប្រុសល្បីៗ។

សមាជិកក្រុម Big Bang គឺលោក Seungri ទើបតែត្រូវបាន ផលិតកម្មបញ្ចប់កុងត្រា កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីលោក ត្រូវបានរកឃើញថា ជាម្នាក់ក្នុងចំណោមតារាល្បីៗ ដែលស្ថិតក្នុង Group Chat នោះដែរ។ ចំណែកតារាចម្រៀងប្រុស Jung JoonYoung ក៏ទើបតែបានសារភាពថា ខ្លួនបានធ្វើបាប នារីៗជាច្រើននាក់ រួចបង្ហោះវីដេអូចែកមិត្តៗនៅក្នុង Group Chat មើល ជាការកម្សាន្តភ្នែក។ ពេលនេះ Seungri និង Jung JoonYoung កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ប៉ូលីស ដើម្បីស្វែងរក សមាជិកក្នុង Group Chat ដទៃទៀត ដែលជាប់ព័ន្ធក្នុងរឿងនេះ ដើម្បីមកទទួលទោសតាមច្បាប់។

នៅខណៈដែល Yong JunHyun សមាជិកក្រុម HIGHLIGHT ទើបតែទទួលសារភាពថា ខ្លួនជាសមាជិកក្នុង Group Chat នោះម្នាក់ដែរ សមាជិកក្រុម FTISLAND គឺលោក Choi Jonghoon ក៏ត្រូវបានគេសង្ស័យថា ជាម្នាក់ក្នុងចំណោមពួកគេដូចគ្នា។

បើយោងតាម សេចក្តីប្រកាសរបស់លោក Min Gap Ryong ប្រធានភ្នាក់ងារប៉ូលីសម្នាក់ បានបង្ហាញថា លោក Choi Jonghoon ធ្លាប់ត្រូវគេចាប់បាន ជាច្រើនលើកថា បើកបរក្នុងស្ថានភាពស្រវឹង ថែមទាំងជាប់ពាក់ព័ន្ធ រឿងថតវីដេអូអាសអាភាសបែបនេះ តាំងពី ៣ឆ្នាំមុនមកម្ល៉េះ។

ប៉ុន្តែព័ត៌មានទាំងអស់ ស្រាប់តែស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីការដោះស្រាយដោយសម្ងាត់ ជាមួយមន្រ្តីប៉ូលីសម្នាក់ ដែលមានទំនាក់ទំនងជិតស្និទនឹងលោក។ ថ្មីៗនេះ ភ្នាក់ងារប៉ូលីសថ្នាក់លើ ចាប់ផ្ដើមស៊ើបអង្កេតឡើងវិញ ចំពោះករណីនេះ ដូច្នេះហើយ Choi Jonghoon សមាជិកក្រុម FT ISLAND គឺជាមនុស្សបន្ទាប់ ដែលជាប់សង្ស័យក្នុងរឿងនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jung JoonYoung
រូបភាព Seungri
រូបភាព Choi Jonghoon
រូបភាព Choi Jonghoon
រូបភាព Choi Jonghoon និងមិត្តៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]