សិង្ហបុរី៖ ជាធម្មតាត្រូវមេបញ្ឈប់ការងារគឺជាបទពិសោធន៍ដ៏អាក្រក់បំផុតសម្រាប់បុគ្គលិក។ ប៉ុន្តែក៏មិនមែនមានន័យថា បុគ្គលិកម្នាក់នោះត្រូវអស់ផ្លូវ ឬក៏មានលេសទៅសម្លាប់មនុស្សដែរ។ ជាក់ស្តែងថ្មីៗនេះមានករណីឃាតកម្មមួយ ដែលមានបុគ្គលិកម្នាក់បានចាក់មេរបស់ខ្លួនចំនួន២នាក់ បណ្តាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសបន្ទាប់ពីជននេះត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារលើកទី២។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនបង្កឈ្មោះ Yu Jinman អាយុ ២៣ឆ្នាំ ជនជាតិម៉ាឡេស៊ី ត្រូវបានក្រុមហ៊ុន Jiji Singapore បញ្ឈប់ពីការងារ។ គេមានការខឹងសម្បាជាខ្លាំង ក៏ទៅជួបមេម្នាក់ឈ្មោះ Lin នៅពេលរសៀលថ្ងៃត្រង់ ហើយក៏កើតមានការឈ្លោះប្រកែកគ្នាជាខ្លាំង ដល់ថ្នាក់ជនបង្កទាញកាំបិតចាក់ជនរងគ្រោះជាច្រើនដងរហូតដល់ស្លាប់នៅនឹងការិយាល័យតែម្តង។ ពេលនោះជនរងគ្រោះឈ្មោះ Lin ត្រូវជាមេបានព្យាយាមប្រតាយប្រតប់ដែរតែមិនមានប្រសិទ្ធភាព។  ក្រោយមកមានមេម្នាក់ទៀតឈ្មោះ Li Mingqiao បានមកដល់កន្លែងកើតហេតុ ឃើញស្ថានភាពបែបនេះក៏មកជួយជនរងគ្រោះ ស្រាប់តែជនបង្កចាក់លោក Li បន្ថែមទៀត បណ្តាលឱ្យរងរបួសជាទម្ងន់។

ក្រោយមកជនបង្កមានការភ័យស្លន់សោរជាខ្លាំង បម្រុងចង់យកកាំបិតចាក់ខ្លួនឯងធ្វើអត្តឃាតនៅនឹងកន្លែងកើតហេតុតែម្តង ប៉ុន្តែប៉ូលិសបានទៅដល់ និងធ្វើការឃាត់ខ្លួនទាន់ពេលវេលា។

ប្រភពបានឱ្យដឹងទៀតថា ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ជនរងគ្រោះ (Lin) បានដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ ចំណែកជនរងគ្រោះម្នាក់ទៀតគឺលោក Li Mingqiao ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ បច្ចុប្បន្នស្ថានភាពរបស់លោក Li Mingqiao មានការធូរស្បើយប្រសើរជាងមុនហើយ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន  ឪពុកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតបាននិយាយថា ជនបង្កបានធ្វើការឱ្យក្រុមហ៊ុន Jiji Singapore អស់រយៈពេលជាង ៥ឆ្នាំមកហើយ។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនបានបញ្ឈប់ការងារគេជាលើកទី ២។

«ជាក់ស្តែង នៅពេលជនបង្កត្រូវបានក្រុមហ៊ុនបញ្ឈប់ជាលើកទី១ គេបានសុំអង្វរជនរងគ្រោះ (Lin) ផ្តល់ឱកាសឱ្យគេម្តងទៀត។ ប៉ុន្តែការងាររបស់គេធ្វើមិនបានល្អសោះ ទើបមានការប៉ះពាល់ដល់ប្រតិបត្តិការក្រុមហ៊ុនជាខ្លាំង ទើបជនរងគ្រោះ (Lin) សម្រេចចិត្តថាបញ្ឈប់រូបគេជាលើកទី២។»

ប្រភពដដែលបានឱ្យដឹងថា ជនបង្កបានធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេលជាង ៥ឆ្នាំមកហើយ ប៉ុន្តែគេធ្វើការងារមិនសូវបានល្អប៉ុន្មានទេ ពោលគឺតែងតែឧស្សាហ៍សុំច្បាប់ឈប់ជាញឹកញាប់ ហើយក៏គេចវេសពីការងារដោយគ្មានមូលហេតុគ្រប់គ្រាន់ផងដែរ។

យ៉ាងណាមិញ ចំពោះជនបង្កវិញ បច្ចុប្បន្នរូបគេកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រួចនឹងបន្តកាត់ទោសទៅតាមនិតិវិធីច្បាប់៕

ជនរងគ្រោះ Lin
ជនរងគ្រោះ Li Mingqiao
រូបភាពនៅកន្លែងកើតហេតុ
ស​មត្ថកិច្ចដកហូតវត្ថតាងនានាពីកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]