(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការតាមបង្ក្រាបមុខសញ្ញា២ករណី ដែលបានធ្វើសកម្មភាពនៅខណ្ឌ៧មករា និងខណ្ឌទួលគោក នាពេលកន្លងទៅ ដោយឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ចំនួន៣នាក់ ព្រមទាំងវត្ថុតាងមួយចំនួនផងដែរ។

ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងតាមការណែនាំពី អគ្គស្នងការរងទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ករណីទី១៖ កើតឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច នៅចំណុចមុខគ្លីនិចវិបុលសុខ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ លុះដល់ថ្ងៃទី១២ ខែមីនា ពេលនោះកម្លាំងល្បាតរបស់នាយកដ្ឋាន បានប្រទះឃើញជនសង្ស័យខាងលើ មានគ្នា២នាក់ជិះម៉ូតូ២គ្រឿង ទើបកម្លាំងដេញរហូតដល់ចំណុចបុរីកីឡា សង្កាត់វាលវង់ ហើយឃាត់ខ្លួនបានម្នាក់មកសួរនាំ។

ក្រោយធ្វើការសាកសួរជនសង្ស័យឈ្មោះ សេង ធី បានសារភាពថា កាលពីថ្ងៃកើតហេតុខាងលើ ខ្លួនជាអ្នកបិទគូថជិះម៉ូតូ ហុងដាឃ្លិក ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1HK-7504 និងឈ្មោះ អាតឿ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HN-8873 ជាអ្នកធ្វើសកម្មភាព ឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច រួចជិះគេចដល់ផ្សារឃ្លាំងរំសេវ បានឆែកកាបូបឃើញមានលុយដុល្លារ៥០ដុល្លារ, លុយខ្មែរ១០ម៉ឺនរៀល, ទូរស័ព្ទ២គ្រឿង (លក់បាន៤០០ដុល្លារ) រួចចែកគ្នា២នាក់។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបន្ថែមថា សម្រាប់ករណីទី២៖ នៅថ្ងៃទី០៩ ខែមី​នា ឆ្នាំ២០១៩ កម្លាំងរបស់នាយកដ្ឋាន បានបង្ក្រាបករណី​ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)​ ត្រង់ចំណុច​ស្តុប​​ផ្សារដេប៉ូ​ ផ្លូវ​​ឧញ៉ាទេពផន ខណ្ឌទួលគោក ​ពេលនោះកម្លាំងជំនាញ​បានឃាត់ខ្លួន សង្ស័យចំនួន០២នាក់ ឈ្មោះ ពេជ្រ​ វណ្ណេត​ អាយុ១៨ឆ្នាំ និងឈ្មោះ ភា​ វិសាល ​អាយុ១៧ឆ្នាំ។ ដកហូតបាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ​ឆ្នាំ​​២០១៩​ ពាក់ស្លាកលេខ​ភ្នំពេញ​1HJ​-​8258។

បន្ទាប់ពីធ្វើការសាកសួរចប់សព្វគ្រប់ ជនសង្ស័យដែលបង្ក្រាបបានទាំង២ករណីខាងលើនេះ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]