ថៃ៖ ប៉ូលិសថៃធាត់ៗជាច្រើន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺន «Central Police Training Center» ស្ថិតក្នុងស្រុក Pak Chong ខេត្ត Nakhon Ratchasima រយៈពេល២សប្តាហ៍ ដើម្បីធ្វើការហ្វឹកហាត់ ឬហាត់ប្រាណដែលជាផ្នែកមួយនៃកម្មវិធីថ្មី ក្នុងការជួយសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាព។ នេះយោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយ។

ប៉ូលិសធាត់ៗបញ្ជូនមកហាត់ប្រាណ

មន្រ្តីលោក Sornpetch Chantarak ដែលជាអ្នករៀបចំបង្កើតកម្មវិធីថ្មីនេះ បានលើកឡើងថា វាពិតជាមានបញ្ហាច្រើនណាស់ ប្រសិនបើសម្បូរតែមន្រ្តីប៉ូលិសធាត់ៗ ក្បាលពោះកំពីងៗបែបនេះ។ ព្រោះថា ការងារនឹងយឺតយ៉ាវ ដើរ រត់ ក៏មិនរហ័សរហួនទាន់សភាពការណ៍ ដែលនឹងអាចធ្វើឲ្យភ្លាត់ស្នៀតក្នុងប្រតិបត្តិការការងារ ដូចជាករណីតាមចាប់ជនល្មើសជាដើម។

ប្រភពបានឲ្យដឹងថា មន្រ្តីប៉ូលិសចំនួន ២០០នាក់ហើយ ដែលត្រូវបានគេបញ្ជូនមកក្នុងកម្មវិធីហ្វឹកហាត់កម្ចាត់ក្បាលពោះ ឬ «Belly Destruction» រយៈពេល២សប្តាហ៍នេះ ដែលទើបតែបានបញ្ចប់នាដើមខែនេះ ខណៈសកម្មភាពនេះក៏នឹងត្រូវមានជាបន្តបន្ទាប់ទៀតផងដែរ។

មន្រ្តីលោក Sornpetch បានមានប្រសាសន៍បន្តថា ក្រោយបញ្ចប់ការហ្វឹកហាត់ (ហាត់ប្រាណ) បូករួមនឹងការហូបចុកយ៉ាងតឹងរ៉ឹង មន្រ្តីមួយចំនួនក៏បានស្រកទម្ងន់អស់ច្រើនជាងមុន ដែលមន្រ្តីប៉ូលិសខ្លះ ទម្ងន់៨០គីឡូក្រាម បានស្រកនៅសល់ត្រឹម៦០គីឡូក្រាមវិញផងដែរ។

ប៉ូលិសធាត់ៗបញ្ជូនមកហាត់ប្រាណ

ជុំវិញនឹងដំណើរការនេះ លោកបានឲ្យដឹងទៀតថា មន្រ្តីប៉ូលិសទាំងអស់ គឺត្រូវតែហាត់ប្រាណនៅក្នុងជំរុំជារៀងរាល់ថ្ងៃ និងចូលរួមសកម្មភាពនានាដូចជា ជិះកង់ និងការងារខាងក្រៅផ្សេងៗទៀត ដើម្បីជួយឲ្យពួកគេឆាប់ស្រកទម្ងន់។

លើសពីនេះ ពួកគេក៏ត្រូវបានបង្កើតជា ID មួយ ដើម្បីធ្វើការតាមដាន និងកត់ត្រាពីស្ថានភាពទម្ងន់របស់ពួកគេ មុន និង ក្រោយ ការហ្វឹកហាត់នេះផងដែរ។

គួរឲ្យដឹងផងដែរថា ជំរុំហ្វឹកហាត់នេះទើបតែចាប់ផ្តើមបានរយៈពេល ១ខែប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រ និងការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ និងអ្នកនៅលើបណ្តាញសង្គម ខណៈដែលលោក Sornpetch ជាមន្រ្តីដឹកនាំកម្មវិធីថ្មីមួយនេះ ក៏បានសម្ដែងក្តីរំភើប និងបានលើកឡើងថា នឹងបន្តចាត់ការទៅលើមន្រ្តីពាក់ព័ន្ធផ្សេងទៀត មាឌធាត់ៗ ក្បាលពោះសម្អុយ ដែលរូបលោកនឹងជាអ្នកហ្វឹកហាត់ពួកគេដោយផ្ទាល់ផងដែរ៕

(សូមបញ្ជាក់ថា៖ ប្រភពពុំបានបញ្ជាក់ទេថា នឹងមានការដកចំពោះ មន្រ្តីប៉ូលិសធាត់ៗ ក្បាលពោះធំៗ ចេញពីការងារនោះទេ)

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ប៉ូលិសធាត់ៗបញ្ជូនមកហាត់ប្រាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]