រាជធានី​ភ្នំពេញ ៖ ទីបំផុត​ ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប​កម្សាន្ត​រ៉ក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញដីកាឃុំខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១២ មីនា ដាក់​ពន្ធនាគារ​ប៉េ​ហ្សុ​ី​ ជា​បណ្តោះ អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សម្រួល​និង​ផ្តល់​ទីតាំង​ឱ្យ​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន ​ដោយ​ខុស ច្បាប់​តាម​មាត្រា​៤៤ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដែល​ប្រឈម​ការ​ជាប់​ពន្ធ​នាគារ​ពី​៥ ​ទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០-២០​លាន​រៀល ។

ឧកញ៉ា គិត ធាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌរាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា នៅ​ភូមិ​គ្រឹះ​របស់​លោក​លេខ​១៤ ផ្លូវ​២៨៧ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក សេង លាង ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា វេលា​ម៉ោង​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ និង​ខណ្ឌទួល​គោក ក្រោម​ការ​សម្របសម្រួល ដឹកនាំ​ដោយ​លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ បាន​ឡោម​ព័ទ្ធ​និង​ចូល​ភូមិ​គ្រឹះ​លោក​ឧកញ៉ា គិត ធាង ដើម្បី​នាំ​ខ្លួន​តាម​ដីកា ។ ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ហើយ សមត្ថកិច្ច​នគរបាល​បាន​នាំ​ឧកញ៉ា គិត ធាង ចូល​រថយន្ត និង​បាន​ដឹក​ឆ្ពោះទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​នៅ​ទីនោះ​ពេញ​១​យប់ ។ លុះ​វេលា​ម៉ោង​៨​ព្រឹក​ទើបត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​រថយន្ត​ទំនើប​១​គ្រឿង ដែល​មាន​ម៉ូតូ​នគរបាល​២-៣​គ្រឿង​ជិះ​អម​តាម​ពីក្រោយ​ផង​ដែរ ។

តាម​ការ​សង្កេត​នៅ​សាលាដំបូង​រាជធានី ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​លោក​ឧកញ៉ា គិត ធាង ទៅ​ដល់​មាន​សារព័ត៌មាន​ក្នុងស្រុក​តិចតួច​បាន​ទៅ​ថត និង​យក​ព័ត៌មាន​ជុំវិញ​ការ​នាំ​ខ្លួន​ឧកញ៉ា គិត ធាង ចូល​តុលា​ការ​​នោះ ។ រថយន្ត​សមត្ថកិច្ច​ដែល​ដឹក​ឧកញ៉ា គិត ធាង បាន​ចូល​ទៅ​ដល់​មុខ​ជណ្តើរយន្ត​ក្នុង​បរិវេណ​សាលា​ដំបូង លុះ​ពេល​ឧកញ៉ា គិត ធាង ចុះ​ពី​រថយន្ត​ស្រាប់តែ​ឃើញ​ស្ត្រី​ម្នាក់​ចុះ​ជាមួយ​ដែរ និង​អោបដៃ​ជាប់​គ្មាន​អ្នកកាសែត​ណា​មាន​លទ្ធភាព​ថត​បាន​ឡើយ ។ តាម​ការ​អះអាង​ពី​សមត្ថកិច្ច​ថា ស្ត្រី​នោះ​ជា​ភរិយា​ឧកញ៉ា គិត ធាង តាម​មក​ជាមួយ ព្រោះ​ឧកញ៉ា គិត ធាង មាន​សុខភាព​មិនល្អ ជាក់ស្តែង​នៅ​ដៃ​មាន​ថ្នាំពេទ្យ​១​ស្បោង​ធំ កាន់​ភ្ជាប់​ទៅ​ជាមួយ ។

សំណុំរឿង​ឧកញ៉ា គិត ធាង បាន​ស្ថិត​នៅ​ដៃ​លោក សេង លាង ចៅក្រម​សើ​ុ​ប​សួរ ហើយ​លោក​ចៅក្រម​បាន​ដំណើរការ​សាកសួរ​ចាប់ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​១១ ទើប​សម្រាក​ទទួលទាន​បាយ​ទឹក​រៀងខ្លួន ។ ពេល​​នោះ​ឧកញ៉ា គិត ធាង មិន​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​វិញ​ទេ គឺ​តម្រូវ​ឲ្យ​សម្រាក​នៅ​កន្លែង​សាកសួរ​ជាន់​ទី​៥ នៃ​អគារ​សាលាដំបូង​។ លុះ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​ទើប​បន្ត​ការ​សាកសួរ​ទៀត រហូត​បាន​ចេញ​ដីកាឃុំខ្លួន​តាម​នីតិវិធី​ច្បាប់ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ កន្លង​ទៅ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ទ្រង់ទ្រាយ​ធំ ចុះ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៣១១​នាក់ ស្រី្ត​៥១​នាក់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ជិត​៥០​គីឡូក្រាម​ផង​ដែរ ។

ក្រោយ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ខាងលើ​ត្រូវ​បាន​បញ្ចប់ មនុស្ស​ទាំង​៣១១​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន ត្រូវ​យក​ទៅ​សាកសួរ​នាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ក្រោយ​ការ​សាកសួរ​អស់​ជា​ច្រើន​ថ្ងៃ​រួច​មក នគរបាល​សម្រេច​អនុញ្ញាត​ឱ្យ​មនុស្ស​ចំនួន​ជាង​២០០​នាក់ ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ឱ្យ​អ្នក​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា ព្រេ​ាះ​ពួក​គេ​គ្រាន់តែ​ជា​ជន​សេព​គ្រឿងញៀន​ប៉ុណ្ណោះ ។ ដោយឡែក​មនុស្ស​១៧​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង ត្រូវ​បាន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពី​ព្រេ​ាះ​ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​និង​ចែកចាយ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ ។

គួរ​បញ្ជាក់​ថា លោក​ឧកញ៉ា​គិត ធាង ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​អះអាង​ថា មិន​ឱ្យ​មានការ​ផលិត ចែកចាយ ឬ​ប្រើប្រាស់​ថ្នាំ​ញៀន ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​របស់​ខ្លួន​ឡើយ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​ទៅ ។ ក្នុង​កិច្ចសន្យា​ដដែល លោក​ឧកញ៉ា គិត ធាង ព្រម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិនបើ​លោក​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​របស់​អាជ្ញាធរ ។

អ្វី​ជា​ការ​កក់​សម្គាល់ ជំ​ុ​វិញ​រឿងរ៉ាវ​ខាងលើ​នេះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ មីនា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ផ្តល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULES) សម្តេច​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ពាក់ព័ន្ធ​ទាំង​អស់ ធ្វើ​យ៉ាងណា​ត្រូវ​ស្រាវជ្រាវ​តាម​ចាប់​មេខ្លោង​ធំ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​មជ្ឈ​មណ្ឌល​រ៉ក់ មក​ចាត់ការ​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន ។ ក្រោយ​បទបញ្ជា​របស់​សម្តេច​តេ​ជោ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​នោះ នៅ​ល្ងាច​ថ្ងៃខែ​ដដែល​នេះ ក៏​មានការ​នាំ​ខ្លួន​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ គឺ​លោក​ឧកញ៉ា គិត ធាង យក​ទៅ​សាកសួរ​នាំ​តែ​ម្តង ។

មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ បាន​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងពាណិជ្ជកម្ម​ដោយ​មាន​លោក​ឧកញ៉ា គិត ធាង ជា​ម្ចាស់​​ និង​មានឈ្មោះ​ថា រ៉ក់ អុ​ិ​ន​ធើ​រ​ធេ​ន​មេន សិន​ធើ ជា​ប្រភេទ​ក្រុមហ៊ុន​ឯកជន​ទទួល​បន្ទុក​ត្រូវ​មាន​កម្រិត​។ នៅ​រសៀល​ថ្ងៃ​ទី​១២ មីនា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ក្រសួងសុខាភិ​បាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ករណី​រ៉ក់​ទោះ​ជីកដី​ជម្រៅ​ណា ក៏​ត្រូវ​តែ​ជីក​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា ករណី​រ៉ុ​ក​ជា​ករណី​ធំ​ណាស់ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រ​លយ​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ទីតាំង​គ្រឿងញៀន​មួយទៀត ដែល​បច្ចុប្បន្ន​នៅ​សម្ងំ​នៅឡើយ តែ​សម្តេច​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ជាទី​តាំង​ណា​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ខ្លាំង​ៗ​ថា ករណី​រ៉ក់​ត្រូវ​តែ​ធ្វើ​ដោយ​គ្មាន​លើកលែង​នោះ​ឡើយ ។ អភិក្រម​ទាំង​៥​របស់​សម្តេច​មិនមែន​ធ្វើ​សម្រាប់​តែ​មន្ត្រីរាជការ​នោះ​ទេ វិស័យ​ឯកជន​ក៏​ត្រូវ​តែ​ធ្វើ​ដែរ ។

ទោះ​បី​មាន​ក្រុម​ជើងកាង​ប៉ុន្មាន​ការពារ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ក៏​សម្តេច​ត្រូវ​តែ​វាយ​កម្ទេច​ដែរ ។ សម្តេចតេ​ជោ ហ៊ុន សែន បាន​រំលឹក​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បោសសំអាត​រាល់​ភាព​អសកម្ម​ក្នុង​សង្គម​ទាំងអស់​តាំងពី​តូច រហូត​ដល់​ធំ ។សម្តេច​បាន​វាយតម្លៃ​ថា ការ​កើតឡើង​នូវ​ការ​ជួញដូរ​គ្រឿងញៀន​នេះ ដោយសារ​តែ​ភាព​កម្សោយ​នៃ​ការ​គ្រប់គ្រង ។

សម្តេច​តេ​ជោ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា តុលាការ​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ករណី​គ្រឿងញៀន​នៅ​រ៉ក់ ។ បើ​ធ្វើ​មិន​ត្រឹមត្រូវ​តុលាការ ក៏​ប្រឈម​នឹង​ការ​ចាត់វិធានការ​ដែរ ។ ករណី​រ៉ក់​នេះ សម្តេច​នឹង​បន្ត​មើល​ការ​អនុ​វត្តន៍​របស់​តុលាការ ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]