អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បានបង្ហាញភាពអស្ចារ្យក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ UEFA Champions League សាជាថ្មីម្តងទៀត បន្ទាប់ពីធ្វើបានសម្រេចគ្រាប់បាល់ Hat-Trick ទល់នឹងក្រុម At.Madrid កាលពីយប់មិញ និងបានទម្លាក់ក្រុមមកពីអេស្ប៉ាញមួយនេះបានសម្រេចត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។

ការប្រកួតរវាង Juventus និង At.Madrid

អ្នកគាំទ្ររបស់ Juventus ហាក់មានការខកចិត្តយ៉ាងខ្លាំងចំពោះ Cristiano Ronaldo គ្រាដែលជើងទី១ នៅទឹកដីអេស្ប៉ាញកីឡាករវ័យ ៣៣ឆ្នាំរូបនេះ ធ្វើមិនសូវបានល្អដោយត្រូវក្រុម At. Madrid នាំមុខមុននៅជើងទី១ លទ្ធផល ២-០។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរយ៉ាងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ Juventus បន្ទាប់ពី Ronaldo ធ្វើបានសម្រេច Hat-Trick និងជួយនាំក្រុមសេះបង្កង់ឡើងទៅវគ្គ ៨ក្រុមចុងក្រោយដោយជោគជ័យ នារាត្រីដ៏អស្ចារ្យនៅកីឡដ្ឋានរបស់ Juventus។

ការប្រកួតរវាង Juventus និង At.Madrid

គួរឱ្យដឹងថាគ្រាប់បាល់ ៣គ្រាប់បន្ថែមកាលពីយប់មិញនេះ នាំឱ្យកីឡាកររូបនេះមានគ្រាប់បាល់នៅក្របខណ្ឌ UCL រហូតដល់ ១២៤គ្រាប់ និងមានកំណត់ត្រា Hat-Trick បានសម្រេចរហូតដល់ ៨លើក។ ក្រោយបញ្ចប់ការប្រកួត Ronaldo បាននិយាយទាំងភាពសប្បាយរីករាយថា៖ “នេះគឺជាយប់ដ៏អស្ចារ្យមួយ ហើយមិនមែនសម្រាប់តែគ្រាប់បាល់របស់ខ្ញុំទេ ប៉ុន្តែវាជារឿងដ៏អស្ចារ្យសម្រាប់ឥរិយាបថនៃក្រុមទាំងមូលតែម្តង។ Ronaldo បានបន្ថែមថា៖ “ស្មារតីបែបនេះហើយដែលក្រុមត្រូវការដើម្បីឈ្នះ Champions League ហើយប្រហែលនេះជាមូលហេតុដែល Juventus សម្រេចនាំចូលខ្ញុំមកកាន់ក្រុម ដើម្បីជួយសម្រេចអ្វីដែលពួកគេមិនធ្លាប់ធ្វើពីមុនមក”។

គួរបញ្ជាក់ថា ការចាប់ឆ្នោតសម្រាប់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នឹងត្រូវធ្វើឡើងនាថ្ងៃទី ១៥ ខែមីនាខាងមុខនេះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

កីឡាករ Cristiano Ronaldo
ក្រុម Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]