រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា មានករណី​ជនសង្ស័យ​​ម្នាក់ធ្វើសកម្មភាព​​​ឆក់​កាបូប​​ពីស្ត្រី​​ជនជាតិជប៉ុន​ម្នាក់​បាន​សម្រេច​នៅម្តុំ​អង់តែន​ផ្សារ​ធីខេ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួល​គោក ដោយសារ​ទូរស័ព្ទដែល​នៅ​ក្នុង​កាបូប​នោះ​មាន​ភ្ជាប់ប្រព័ន្ធ​GPS ធ្វើ​ឱ្យ​ស្ត្រី​រងគ្រោះនិង​ប្តីព្រមទាំង​​មិត្តភក្តិនាំគ្នា​តាម​រក ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុងតែ​អង្គុយ​លើម៉ូតូ​ ​ពេលនោះ​​ជន​សង្ស័យភ័យ​ក៏​ផ្តួលម៉ូតូ​រត់គេចខ្លួន​បាត់ បន្សល់ទុកតែម៉ូតូមួយគ្រឿង​នៅ​កន្លែងកើតហេតុ​។

ហេតុការណ៍តាមរក និង​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលាម៉ោង​​​៤រសៀលថ្ងៃទី​​​១២ មីនា ឆ្នាំ​២០១៩ នៅចំណុចភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ​​​៦ ​ខណ្ឌឫស្សីកែវ ។​

ជនរងគ្រោះជាម្ចាស់​កាបូប​ឈ្មោះ យូ ជីយោ ភេទស្រី អាយុ​​​៤៦​ឆ្នាំ ជាជនជាតិជប៉ុន មុខរបរ​នៅផ្ទះ ស្នាក់​នៅ​សង្កាត់បឹងកក់​២ ។​ ចំណែកនៅក្នុង​កាបូប​មួយ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​យកទៅបាត់នោះ​ ​មាន​លុ​យចំនួន​​៣០ដុល្លារ ទូរស័ព្ទ​ចំនួន​២គ្រឿង និងមានឯកសារមួយ​ចំនួនទៀត​។

តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គឺ​ស្ត្រី​រងគ្រោះជា​ជន​ជាតិជប៉ុនធ្វើ​ដំណើរ​ដោយថ្មើរជើង​នៅមុខផ្សារ​ធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ​ស្រាប់តែមានជនសង្ស័យ​​​ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១HS-៩២៦១ ធ្វើ​សកម្មភាព​ឆក់កាបូបបានសម្រេច ហើយ​នៅក្នុងកាបូប​​នោះ​មាន​ទូរស័ព្ទ​ភ្ជាប់ប្រព័ន្ធ GPS ។

តាមសេចក្ីរាយការណ៍​បាន​បន្តទៀត​ថា តាមរយៈប្រព័ន្ធ GPS នោះ គឺស្ត្រីរងគ្រោះជាជនជាតិជប៉ុន​ និង​ប្តី ព្រមទាំង​​ម​ិត្តភក្តិ​​ជាអ្នក​បកប្រែ​តាមស្វែងរក​ ក៏ប្រទះឃើញ​​​ជនសង្ស័យ​និង​បក្ខ​ពួក​សរុប​មានគ្នា​ចំនួន​​​៣នាក់​កំពុង​ឈប់ម៉ូតូ​ចំនួន​២គ្រឿង​នៅ​តាម​ដងផ្លូវ ក្នុងនោះ​ម៉ូតូ​មួយគ្រឿងបានធ្វើសកម្មភាពឆក់ និង​ម៉ូតូ​មួយគ្រឿង​ជា​អ្នក​បិទគូទ បន្ទាប់ពី​ជនសង្ស័យ​ក្រឡេក​ឃើញ​ជនរងគ្រោះ ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​បាន​រត់គេចខ្លួនចោលម៉ូតូ​​មួយគ្រឿង​តែម្តង។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]