(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់ (Rock) គឺជាករណីធំមួយ ដែលមិនអាចលើកលែងនោះឡើយ។ ជាមួយគ្នានេះ សម្តេចក៏បានប្រកាសទៀតថា ទោះបីមានក្រុមជើងកាងប៉ុន្មានការពារឧក្រិដ្ឋកម្មគ្រឿងញៀន ក៏ត្រូវវាយកម្ទេចឱ្យអស់ផងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីករណីគ្រឿងញៀនដ៏ធំនៅក្លឹបកម្សាន្តរ៉ក់ (Rock) ជាថ្មីម្តងទៀត ដោយលើកឡើងថា ករណីគ្រឿងញៀននៅ Rock នេះត្រូវតែបន្តចាត់ការឱ្យបានស៊ីជម្រៅ ដែលទោះបីជីកដីជម្រៅណាក៏ត្រូវតែជីកដែរ ដោយសារតែករណីគ្រឿងញៀននៅ Rock នេះជាករណីធំណាស់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមែនបញ្ជូនសារ ដើម្បីជះឥទ្ធិពលដល់តុលាការ ឬសមត្ថកិច្ចទេ ក៏ប៉ុន្តែករណី Rock គឺជាករណីមិនត្រូវលើកលែងទេ ករណី Rock ត្រូវតែជីក ទោះបីជាជីកប៉ុន្មានរយម៉ែត្រ ប៉ុន្មានម៉ឺនម៉ែត្រទៅក្នុងដី ដើម្បីរកមេខ្លោងក៏នៅតែត្រូវជីកដើម្បីរកឱ្យឃើញ ព្រោះការបំផ្លិចបំផ្លាញដែលចេញពីកន្លែងនេះ វាធំធេងពេក ធំធេងហួស»។

សម្តេចតេជោ ហ៊ុន​ សែន បានបង្ហើបអំពីការសង្ស័យការប្រើប្រាស់គ្រឿងញៀន នៅទីតាំងកម្សាន្តមួយផ្សេងទៀត ដោយមិនបញ្ចេញឈ្មោះ ដោយអះអាងថា ទីតាំងនោះបានស្ងប់ស្ងាត់វិញ ក្រោយបង្រ្កាបគ្រឿងញៀននៅក្លឹបកម្សាន្ត Rock ។ សម្តេចបញ្ជាក់ថា បើពេលនោះបើកប្រតិបត្តិការ២កន្លែង ក្នុងពេលតែមួយក៏ប្រហែលជាជាប់ទាំងអស់ផងដែរ។

សូមបញ្ជាក់ថា កាល​ពីថ្ងៃទី​២៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៩​ ​​​​​​​កម្លាំងសមត្ថកិច្ចនៃស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​បានបើក​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនី​វង្ស ​សង្កាត់​ទន្លេ​បា​សា​ក់ ខណ្ឌ​ចំការ​មន ​​ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ៣១១នាក់​ និង​ដកហូត​បាន​គ្រឿងញៀនជិត៥០គីឡូក្រាម។ ក្រោយប្រតិបត្តិការនេះ សមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យ១៧រូប ទៅ​តុលាការ ក្រោយពី​ពិនិត្យឃើញមានសារធាតុញៀន។

រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានឃាត់ខ្លួន ឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុកបន្ថែមទៀត ព្រមទាំងបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ហើយតុលាការ បានចោទប្រកាន់ឧកញ៉ា គិត ធាង ពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដោយបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា រឿងគ្រឿងញៀននៅក្លឹបកម្សាន្ត Rock គឺជារឿងធំ ដែលបង្ខំឱ្យសម្តេច ចេញមុខលូកដៃចំពោះករណីនេះ ដោយសារតែបានបំផ្លាញអនាគតយុវជនខ្មែរ មិនតិចនោះទេ។ សម្តេចបញ្ជាក់ថា «ក្នុងប៉ុន្មានថ្ងៃនេះ មានការចាប់រួចហើយមិនដឹងទៅណា អញ្ចឹងត្រូវតែឱ្យ ហ៊ុន សែន លូកដៃហើយ អញ្ចឹងខ្ញុំត្រូវលូកដៃចូលនៅក្នុងសំណុំរឿងមួយនេះ គឺមិនអាចឱ្យរួចផុតទេ ឧក្រិដ្ឋកម្មមួយនេះវាធ្ងន់ហួស ដោយសារគ្រឿងញៀនបានបំផ្លាញអនាគតយុវជនយើងមិនតិចទេ ហើយនៅ រ៉ុក បានបំផ្លាញប៉ុន្មានរួចទៅហើយ អញ្ចឹងទេមិនអាចផ្តន្ទាទោសត្រឹមតែមេការ មេបន្ទប់ និងអ្នកជក់ឯងណា ចាប់អាមេវាអាធំ រឿងនេះត្រូវតែធ្វើឱ្យហ្មត់ចត់ ធ្វើឱ្យដាច់ខាត គ្មានការលើកលែងទេ»។

អភិក្រមទាំង៥ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានរំលឹកឡើងដោយសម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត ដើម្បីព្រមានដល់ជនទាំងអស់ ក្នុងវិស័យរដ្ឋ និងឯកជន កុំឱ្យធ្វើទង្វើខុសច្បាប់។ អភិក្រមទាំងនេះ រួមមាន ទី១៖ ឆ្លុះកញ្ចក់ ទី២៖ ងូតទឹក ទី៣៖ ដុះក្អែល ទី៤៖ ព្យាបាល និងទី៥៖ វះកាត់ ដែលជាអភិក្រមថ្មីមួយទៀត បង្ខំឱ្យសម្តេចត្រូវតែអនុវត្ត។

សម្តេចតេជោ បញ្ជាក់ទៀតថា «សង្គមទាំងមូលត្រូវធ្វើបញ្ហានេះ គ្មានការលើកលែងណាមួយដែលអាចធ្វើទៅរួចទេ បើជាប់ដល់មន្រ្តីថ្នាក់ប៉ុណ្ណាក៏ត្រូវតែធ្វើដែរ ខ្ញុំធ្លាប់និយាយហើយថា កុំអ្នកឯងសង្ឃឹមថា ត្រឹមផ្កាយដែលខ្ញុំដកមិនបាន អ្នកឯងពាក់លោកខែ ក៏ខ្ញុំដកបានដែរ​ ខ្ញុំចាប់បានដែរ អត់មានអំណាចណា ឱ្យតែតុលាការស៊ើបអង្កេត ឱ្យបានគ្រប់គ្រាន់ ហើយកុំឱ្យនរណាមកជើងកាង ទោះបីជាជើងកាងចេញមក១កងពលក៏ដោយ ខ្ញុំវ៉ៃកម្ទេចចោលទាំងអស់»។

ចំពោះរឿងគ្រឿងញៀននេះ សម្តេចបានប្រើពាក្យធ្ងន់ៗថា «ខ្ញុំហ៊ាននិយាយថា កងទ័ព១កងពល ២កងពល ខ្ញុំវ៉ៃក្រវាត់ចោលទាំងអស់ ដូច្នេះក្រុមគ្រឿងញៀន ត្រូវតែមើលឱ្យច្បាស់អំពីចំណុចនេះ យើងត្រូវចាប់ផ្តើមសកម្មភាពពី Rock នេះមួយ ដើម្បីបង្ហាញថា មិនមែនបញ្ហាគ្រាន់តែចាប់អាតូចតាចទេ អាមេខ្លោងធំប៉ុណ្ណាក៏ដោយ ទោះបីជាក្នុងវិស័យឯកជន វិស័យរដ្ឋ អ្នកឯងមានលុយប៉ុណ្ណាក៏ដោយ អ្នកឯងស័ក្តិប៉ុណ្ណាក៏ដោយ វ៉ៃទាំងអស់»។

ដោយនិយាយដល់អភិក្រម «វះកាត់» នោះ សម្តេចនាយករដ្ឋមន្រ្តីក៏បានប្រកាសជាថ្មីថា ការដកអភិបាលរងខេត្តព្រះសីហនុចំនួន២រូប និងមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី គឺអនុវត្តតាមអភិក្រមនេះហើយ ទោះបីជាការអនុវត្តនេះ ត្រូវធ្វើឡើងដោយការឈឺចាប់ក៏ដោយ។

សម្តេចបានបន្ថែមថា ដំណាក់កាលនេះ ត្រូវតែយកគ្រាប់ខ្សាច់ចេញពីបាតជើង ទើបអាចដើរទៅមុខទៀតបាន ដូច្នេះទោះជា ដំរីក៏វ៉ៃ ខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ កន្លាតក៏វ៉ៃ រុយក៏វ៉ៃ ឱ្យតែបំផ្លាញដល់សង្គមកម្ពុជា។ សម្តចក៏បានចោទជាសំណួរថា តើគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា បានជ្រកកោននៅកន្លែងណា? ទោះជាជ្រកកោននៅកន្លែងណា ក៏ត្រូវតែតាមយក។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសតាមមើលការអនុវត្តនីតិវិធីរបស់តុលាការ ចំពោះករណីគ្រឿងញៀនដ៏ធំនៅ Rock ថែមទៀត។ សម្តេចបានព្រមានចំពោះតំណាងអយ្យការ ដែលស្ថិតនៅក្រោមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បើហ៊ានអនុវត្តមិនត្រឹមត្រូវចំពោះករណីគ្រឿងញៀននៅ Rock ផងដែរ។

សម្តេចបញ្ជាក់បន្ថែមថា «ខ្ញុំជូនសារជាថ្មីម្តងទៀត ប៉ុន្តែមិនមែនសារដើម្បីជះឥទ្ធិពលដល់តុលាការនោះទេ ក៏ប៉ុន្តែត្រូវតែធ្វើឱ្យម៉ត់ចត់ បើមិនម៉ត់ចត់ទេ តុលាការឯងក៏មិនរួចខ្លួនដែរ​ ខ្ញុំមិនព្រមានតុលាការទេ ប៉ុន្តែខ្ញុំមិនសុខចិត្ត។ នៅក្នុងផ្នែកតុលាការ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ គឺមានអង្គផ្នែកអយ្យការ គឺព្រះរាជអាជ្ញា ស្ថិតនៅក្រោមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រោះយើងយកប្រព័ន្ធបារាំងមកប្រើ ដែលចៅក្រមស្ថិតនៅ ក្រោមការគ្រប់គ្រង តែងតាំងដោយ ឧត្តមក្រុមប្រឹក្សាចៅក្រម ប៉ុន្តែផ្នែកព្រះរាជអាជ្ញា ត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែរ ប៉ុន្តែតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វិញ»។

សម្តេចបន្តថា «បើសិនជា ព្រះរាជអាជ្ញា មិនព្រមធ្វើការចោទប្រកាន់ ហើយព្រះរាជអាជ្ញាតំណាងឱ្យរដ្ឋយ៉ាងដូចម្តេច ព្រះរាជអាជ្ញាគឺជាតំណាងឱ្យរដ្ឋ អញ្ចឹងបើព្រះរាជអាជ្ញាមិនធ្វើការចោទប្រកាន់ តើអ្នកឯងមានហេតុផលអ្វីទៀត ដែលនឹងធ្វើជាព្រះរាជអាជ្ញា អញ្ចឹងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវប្រើសិទ្ធិ ដើម្បីស្នើថ្វាយព្រះមហាក្សត្រ ដកតំណែងតែម្តង ឬក៏កាត់ក្តីនៅសាលាដំបូង»។ សម្តេចបន្តថា៖ «ព្រះរាជអាជ្ញាត្រូវតាមដានរឿងនេះ បើចោទប្រកាន់រួច បែរជាចៅក្រមកាត់ឱ្យរួចខ្លួន ព្រះរាជអាជ្ញាឯងមិនព្រមប្តឹងរឿងទៀត តំណាងឱ្យរដ្ឋ ត្រូវតែប្តឹងឧទ្ធរណ៍ភ្លាម ត្រូវគោរពតាមឋានានុក្រមតុលាការ ក៏ប៉ុន្តែកុំភ្លេចថា ព្រះរាជអាជ្ញាតំណាងឱ្យរដ្ឋ ដែលជាអ្នកត្រូវធ្វើការចោទប្រកាន់»។ សម្តេចថ្លែងទៀតថា៖ «អ្នកឯងរកស៊ីមិនត្រឹមត្រូវ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា មិនថាអ្នកមានឬអ្នកក្រនោះទេ»៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]