រាជធានី​ភ្នំពេញ ៖ ទីបំផុត ឧកញ៉ា គិត ធាង ជាម្ចាស់​ក្លិប​កម្សាន្ត​រ៉ុ​ក ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេចចេញ​ដីកាឃុំខ្លួនហើយ នារសៀល​ថ្ងៃ​ទី​១២ មីនា នេះ ដោយនាំខ្លួនដាក់​ពន្ធនាគារ​ប៉េ​ហ្សុ​ី​ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​សម្រួល​ទីតាំង​ឱ្យ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ដោយ​​ខុសច្បាប់ ។

គួររំលឹកដែរថា លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងជាង​៥ល្ងាច​ថ្ងៃ​ទី​១១ មីនា ស្ថិតនៅ​ភូមិ​គ្រឹះរបស់​លោក​លេខ​១៤ ផ្លូវ​​២៨៧ ​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​លោក សេង លាង ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សេចក្តី​រាយ​ការណ៍​ឱ្យ​ដឹងទៀត​​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​ខណ្ឌទួលគោក ក្រោម​ការ​សម្របសម្រួល ដឹកនាំ​ដោយ​លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ បាន​សម្រុកចូល​ភូមិគ្រឹះ​​លោក​ឧកញ៉ា គិត ធាង ដើម្បី​នាំ​ខ្លួន​តាម​ដីកា ។ ក្រោយ​ពេល​ពេល​ឃាត់ខ្លួន​បាន​ហើយ សមត្ត​កិច្ច​នគរបាល​បាន​នាំ​ឧ​ញ៉ា គិត ធាង ចូល​រថយន្ត និង​បាន​ដឹក​ឆ្ពោះទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​នៅ​ទីនោះ​ពេញ​១​យប់ ។

លុះ​នៅ​វេលា​ម៉ោង​៨​ព្រឹក លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​រថយន្ត​ទំនើប​១​គ្រឿង ដែល​មាន​ម៉ូតូ​នគរបាល​២ ៣​គ្រឿង តាម​ពីក្រោយ​ផង​ដែរ ។ ​ខណៈ​ពេល​​កម្លាំង​នាំ​ខ្លួន​លោក​ឧកញ៉ា គិត ធាង ទៅ​កាន់​សាលាដំបូង​ មាន​សារព័ត៌មាន​ក្នុងស្រុក​តិចតួច បាន​ទៅ​ថត និង​យក​ព័ត៌មាន​ជុំវិញ​ការ​នាំ​ខ្លួន​ឧកញ៉ា គិត ធាង ចូល​តុលាការ​នោះ ។ ​

កត់សម្គាល់​ឃើញរថយន្ត​សមត្ថកិច្ច​ដឹក​ ឧកញ៉ា គិត ធាង ចូល​ដល់​ជណ្តើរយន្ត​ក្នុង​បរិវេណ​សាលាដំបូង លុះ​ពេល​ឧកញ៉ា គិត ធាង ចុះ​ពី​រថយន្ត ​ស្រាប់តែ​ឃើញ​ស្ត្រី​ម្នាក់​ចុះ​ជាមួយ​ដែរ និង​អោបដៃ​ជាប់ ។ តាម​ការ​អះ​អាង​ពី​សមត្ថ​កិច្ច​ថា ស្ត្រី​នោះ​គឺជា​ភរិយារបស់លោក​ឧកញ៉ា គិត ធាង ​ដោយ​សារលោក​មាន​សុខភាព​មិនល្អ ។ ជាក់ស្តែង​ នៅ​ដៃឃើញ​មាន​ថ្នាំពេទ្យ​១​ស្បោង​ធំ កាន់​ភ្ជាប់​ទៅ​ជាមួយ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]