ខេត្តសៀមរាប ៖ បុរសម្នាក់កើតវិបត្តិផ្លូវចិត្តខឹងប្រពន្ធរត់ចោលដើរផឹកស្រាស្រវឹងបែកគំនិតកាន់កាំបិតឡូឡាដើរដុតផ្ទះអ្នកភូមិឆេះអស់ចំនួន៤ខ្នង ក្នុង៣ភូមិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិផងដែរ ។ ហេតុការណ៍ឆេះផ្ទះអ្នកភូមិនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានចំនួន៣ភូមិគឺភូមិត្រពាំងធំ, ភូមិស្រះ និងភូមិក្បាលក្រពើ ក្នុងឃុំរើល ស្រុកពួក ខេត្តសៀមរាប ។

តាមសម្តីរបស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នេះថាមុនពេលកើតហេតុមានពលរដ្ឋបានរាយការណ៍មកថា មានបុរសម្នាក់ស្រវឹងស្រាឡូឡាដើរដុតផ្ទះរបស់អ្នកភូមិឆេះអស់ដោយគ្មានមូលហេតុ ទើបលោកបានឱ្យកម្លាំងនគរបាលមូលដ្ឋាននៃអធិការនគរបាលស្រុកពួក ចុះទៅដល់កន្លែងកើតហេតុ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡា លា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំកោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានប្រពន្ធ បច្ចុប្បន្នរស់នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។

លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីជនសង្ស័យប្រព្រឹត្តអំពើដើរដុតផ្ទះរបស់អ្នកភូមិឆេះអស់ចំនួន៤ខ្នង នោះត្រូវបានចោទពីបទ បង្កឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា(ដុតផ្ទះ) កើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។

លោកបានបញ្ជាក់ទៀតថា ការខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំង៤គ្រួសារក្នុង៣ភូមិ នោះមាន ៖ ផ្ទះទី១-ឈ្មោះ ញ៉ាណ លឿ ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រះ ឃុំរើល ស្រុកពួក ដែលខូខាតឆេះផ្ទះអស់ទាំងស្រុង ទំហំ៦គុណ៥ម៉ែត្រ កម្ពស់២ម៉ែត្រ ជញ្ជាំងក្ដា ប្រកស៊ីប្រូ ។ ផ្ទះទី២-ឈ្មោះ ព្រឿម គង់ ភេទស្រីអាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ផ្ទះទំហំ៥គុណ៤កំពស់១,៨០ប្រក់ស័ង្កសី បណ្តាលឱ្យខូចខាតឆេះស្រូវ១,៥០តោន . កង់១ទូរទស្ស១, ផ្ទាំងសូឡា១គ្រឿង(ឆេះអស់ទាំងស្រុង) ។

ផ្ទះទី៣-ឈ្មោះ ភាវ ថា ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខូច​ខាតឆេះគ្រឿងឈើទុកធ្វើផ្ទះ១ឈុត, ស្រូវ១តោនកន្លះ, ទូរទស្សន៍១, សូលា១គ្រឿង, កង់៣គ្រឿង និងប្រាក់បាទ៤៥០០០បាទ(ឆេះអស់ទាំងស្រុង) និងផ្ទះទី៤-ឈ្មោះ មឿន មឿត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួកខេត្តសៀមរាប ខូចខាតឆេះអស់ ទាំងស្រុង, ឆេះស្រូវ២តោន, ទូរទស្សន៍១, សូឡាមួយគ្រឿង(ឆេះអស់ទាំងស្រុង) ។ មូលហេតុ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ(ប្រពន្ធចុះចោលចេញពីផ្ទះ) ហើយផឹកស្រាស្រវឹងជាប្រចាំផងដែរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពួកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញសួរនាំបន្តដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលា​ការចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]