អាមេរិក៖ ថ្មីៗនេះអាជ្ញាធរអាមេរិកប្រចាំនៅកំពង់ផែញូវយ៉កនិងញ៉ូវជេស៊ី បានបើកយុទ្ធនាការចុះទៅរឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីនប្រហែល ៣២០០ ផោន នៅកំពង់ផែ Newark។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន CNN ចេញផ្សាយក្នុងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលរឹបអូសគ្រឿងញៀន

គ្រឿងញៀនទាំងអស់នោះត្រូវបានសមត្ថកិច្ចប្រទះឃើញនៅក្នុងទូកុងតឺន័រដឹកទំនិញតាមផ្លូវទឹកមួយ ដែលបាននាំចូលពីប្រទេសកូឡុំប៊ីមកកាន់ទឹកដីអាមេរិកកាលពីខែមុននេះ បើគិតជាទឹកប្រាក់ប្រមាណជា ៧៧លានដុល្លារឯណោះ។

មូលហេតុដែលធ្វើឲ្យសមត្ថកិច្ចអាមេរិកអាចរកឃើញគ្រឿងញៀនដ៏សន្ធឹកសន្ធាប់បែបនេះបានក៏ព្រោះពួកគេបានរកឃើញតម្រុយបង្ហាញពីភាពមិនប្រក្រតីនៅក្នុងទូកុងតឺន័រដឹកគ្រឿងញៀនខាងលើ បន្ទាប់ពីទ្វារសងខាងរបស់វាត្រូវបានគេបិទយ៉ាងជាប់។

បន្ទាប់ពីឃើញភាពមិនប្រក្រតីបែបនេះ ក្រុមសមត្ថកិច្ចអាមេរិកទាំងអស់នោះក៏បានចុះទៅអន្តរាគមន៍បើកទូកុងតឺន័រនេះចេញ។ រំពេចនោះ ពួកគេបានប្រទះឃើញកញ្ចប់គ្រឿងញៀនដាក់គរលើគ្នា សរុប៦០កេសជាគ្រឿងញៀនប្រភេទកូកាអ៊ីន ដែលមាននៅក្នុងទូកុងតឺន័រ។

យោងតាមប្រសាសន៍របស់លោក Erin Mulvey ដែលជាភ្នាក់ងារពិសេសស្តីពីការទប់ស្កាត់ការជួញដូរគ្រឿងញៀននៅអាមេរិកបាននិយាយថា "គ្រឿងញៀនទាំងអស់ ត្រូវបានគេយកទៅដាក់ខាងមុខទ្វារ លាយឡំគ្នាជាមួយនឹងកេសដំណាប់ផ្លែឈើក្នុងទូកុងតឺន័រ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការរត់ពន្ធ"។

លោក Mulvey បន្តថា ពួកយើងនៅមិនទាន់ច្បាស់នៅឡើយថា ឈ្មួញខិលខូចទាំងអស់នោះមានបំណងរក្សាទុកគ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះនៅអាមេរិកឫក៏ចង់បន្តដឹកជញ្ជូនទៅចែកចាយនៅអ៊ឺរ៉ុបទៀត៕

មានវីដេអូនៅខាងក្រោម៖

ក្នុងអំឡុងពេលរឹបអូសគ្រឿងញៀន
ក្នុងអំឡុងពេលរឹបអូសគ្រឿងញៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]