ខេត្តកំពង់ធំ ៖ ក្មេង​បី​នាក់​លង់ទឹក​ស្លាប់​ក្នុង​ពេល​ជាមួយ​គ្នា​ករណី​ដ៏​អាណោចអាធម្ម​នេះ​បាន​បង្ក​ឲ្យ​មានការ​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​វរសេនីយឯក ផល ធឿ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា​ថា កុមារ​រង​គ្រោះ​លង់ទឹក​ស្រះ​ស្លាប់​ទាំង​បី​នាក់​ខាងលើ​រួម​មាន​ទី​១-​ជន​រង​គ្រោះ​ឈ្មោះ ឃាង លី​ទ័​រ ភេទ​ប្រុស អាយុ​០៣​ឆ្នាំ ទី​២-​ជន​រង​គ្រោះ​ឈ្មោះ នី​ន ម៉ា​ណែ​ត ភេទ​ស្រី អាយុ​០៤​ឆ្នាំ និង​ទី​៣-​ជន​រង​គ្រោះ​ឈ្មោះ នី គឹ​ម​ហុង ភេទ​ស្រី អាយុ​០៤​ឆ្នាំ ជន​រង​គ្រោះ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​អធិការ​បន្ត​ថា បើ​យោង​តាម​ការ​ចុះ​សួរនាំ​ពី​កម្លាំង​ជំនាញ​របស់​លោក​ជាមួយនឹង​សាច់ញាតិ​របស់​កុមារ​រង​គ្រោះ​និយាយ​ថា នៅ​ចំណោម​កុមារ​ទាំង​បី​នាក់​ខាងលើ គឺជា​កូន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​ក្នុង​នោះ​ក្មេង​ម្នាក់​នៅ​ជាមួយ​ម្តាយ ។

ចំណែក​កុមារ​ពីរ​នាក់​ទៀត​ម្តាយ​ឪពុក​មិន​នៅ​ផ្ញើ​នឹង​ជីដូន នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែលជា​១៥​និង​១៥​នាទី​រសៀល​កុមារ​រង​គ្រោះ​បាន​នាំ​គ្នា​ដើរ​លេង​បាត់​អស់​រហូត​ដល់​ម៉ោង​ប្រហែល​៥​ល្ងាច​ទើប​សាច់ញាតិ​ផ្អើល​ឆោឡោ​បាត់​កូន​បាត់​ចៅ និង​នាំ​គ្នា​ដើរ​តែ​រកតែ​មិនឃើញ​ដើរ​រក​រហូត​ដល់​មាត់​ស្រះ​ទឹក​ខាងលើ ដោយ​ពិនិត្យ​ឃើញ​ស្នាមជើង​នៅ​មាត់​ស្រះ​ក៏​នាំ​គ្នា​ចុះ​រាវរក​ក៏​ប្រទះ​ឃើញ និង​ស្រង់​សព​យក​មក​លើគោក ដើម្បី​ធ្វើ​ចលនា​ជួយ​សង្គ្រោះ​អាយុជីវិត តែ​អនិច្ចា​ក្មេង​រង​គ្រោះ​ទាំង​បី​នាក់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​អស់​ទៅ​ហើយ ។

មូលហេតុ ចុះ​លេង​ទឹកស្រះ​បណ្តាល​ឲ្យ​លង់​ស្លាប់ បន្ទាប់​ពី​កម្លាំង​ជំនាញ​ពិនិត្យ​សព​រួច ក៏​បាន​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]