ភ្នំពេញ៖ ក្រោយពីកើតមានករណីផ្ទុះភាពចម្រូងចម្រាស់ជុំវិញបញ្ហាប្រាក់រង្វាន់របស់ម្ចាស់មេដាយមាសកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ នៅមិនទាន់មានដំណោះស្រាយច្បាស់លាស់ និងសមស្របណាមួយនោះ កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នេះ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានប្រកាសមិនចូលរួមរាល់ការប្រកួតកាយវប្បកម្មផ្សេងៗតំណាងឱ្យកម្ពុជាទៀតឡើយ រហូតដល់មានដំណោះស្រាយសមរម្យណាមួយដែលអាចទទួលយកបានពីភាគីទាំងពីរ។ ស្រាប់តែកាលពីព្រឹកមិញនេះដែរ គេសង្កេតឃើញកីឡាករកាយវប្បកម្មជើងចាស់ ២រូបបានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាកាយវប្បកម្ម និងលែងចេញទៅប្រកួតតំណាងឱ្យកម្ពុជាទៀតហើយ ដោយលើកហេតុផលផ្សេងៗគ្នារៀងខ្លួន។

កីឡាករ សំបូរ សុភ័ណ្ឌ(កណ្តាល)
កីឡាករ សំបូរ សុភ័ណ្

គួរឱ្យដឹងថា នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់កីឡាករ សំបូរ នន់ ដែលជាកីឡាករកាយវប្បកម្មតាំងពីរឆ្នាំ ២០១២មក បានសរសេរថា៖ “ខ្ញុំបាទសំបូរ នន់ជាអ្នកកីឡាកាយវប្បកតំណាងជាតិតាំងតែពីឆ្នាំ2012រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំក៏សូមប្រកាសជាសាធារណៈថាខ្ញុំឈប់ប្រកួតជាកីឡាករតំណាងជាតិទៀតហើយ ពីព្រោះក្រសួងអបរំយុវជននិងកីឡាមិនបានអោយតំលៃដល់កីឡាមួយនេះសូម្បីតែបន្តិច អគុណបងប្អូនដែលបានគាំទ្រខ្ញុំបាទរហូតមក”។

ដោយឡែកកីឡាករ ណុំ សុបិន្ត ក៏បានធ្វើការប្រកាសឈប់ប្រកួតតំណាងជាតិដូចគ្នា ដោយបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ “ខ្ញុំបាទ ណុំ សុបិន្ត ( Ra James ) ជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្មសូមប្រកាសជាសាធារណៈថា ខ្ញុំសុំបញ្ចប់នូវអាជីពមួយនេះ ហើយនិងមិនចូលរួមប្រកួតតំណាងជាតិទៀតនោះទេ។ សូមមេត្តាជួយចែករំលែកផង សូមអគុណ!”។ 

គួរបញ្ជាក់ថា លោក ណុំ សុបិន្ត គឺជាកីឡាករកាយវប្បកម្មមួយរូបដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍កន្លងទៅ ហើយក៏ជាកីឡាករមួយរូបដែលបានរួមដំណើរទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកាយវប្បកម្មពិភពលោក ជាមួយលោក សំបូរ នន់ រួមទាំងក្រុមការងារផ្សេងទៀត នៅឯប្រទេសថៃកាលពីចុងឆ្នាំមុនផងដែរ។

កីឡាករ សំបូរ នន់
្កីឡាករ ណុំ សុបិន្ត (Ra James)

គួរបញ្ជាក់ឡើងវិញថា ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ- CBBFF ក៏បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សហព័ន្ធដែរថា នឹងផ្អាកចូលរួមរាល់ការប្រកួតគ្រប់កម្រិតទាំងអស់ ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (មានពី ៨-១០ប្រទេសចូលរួម) កម្រិតទ្វីបអាស៊ី (មានពី ៣០-៣២ ប្រទេសចូលរួម) និងពិភពលោក (មានពី ៤៥-៥២ប្រទេសចូលរួម) មួយរយៈសិនដោយរង់ចាំការដោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាចំពោះបញ្ហាប្រាក់រង្វាន់សម្រាប់ជ័យលាភីនេះ៕

លិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជននិងកីឡា
កីឡាករ សំបូរ នន់
្កីឡាករ ណុំ សុបិន្ត (Ra James)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]