ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ - CBBFF បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ ពាក់ព័ន្ធនឹងបញ្ហានៃចំណាត់ការរបស់ក្រសួងអប់រំ យុវជននិងកីឡា ទៅលើប្រាក់រង្វាន់របស់កីឡាករ សំបូរ សុភ័ណ្ឌ ដែលទទួលបានមេដាយមាសពីព្រឹត្តិការណ៍កីឡាកាយវប្បកម្មពិភពលោកនាពេលកន្លងទៅ។

សេចក្តីប្រកាសរបស់សហព័ន្ធកីឡាកាយវប្បកម្ម

សហព័ន្ធកីឡាកាយវប្បកម្ម បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា៖ “គណកម្មការប្រតិបត្តិ និងសមាជិកនៃខេមរៈសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ មិនអាចទទួលយកបានចំពោះការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលសារព័ត៌មានក្នុងស្រុកបានដកស្រង់សំដី និងចុះផ្សាយនាពេលកន្លងមកបាននិយាយថាកីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃ គឺមានវិញ្ញាសារច្រើនរហូតដល់ទៅ៥១វិញ្ញាសា ហើយមេដាយខ្លះប្រកួតពីពីរទៅបីប្រកួតក៏ទទួលបានមេដាយដែរ។ ហេតុនេះក្រសួងមិនបានចាត់មេដាយនេះជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀលនោះទេ ដោយក្រសួងបានប្រជុំប្រើប្រាស់ប្រកាសអន្តរក្រសួងដោយផ្តល់ប្រាក់រង្វាន់ប្រមាណជា២០លានរៀលតែម្តង ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ។”  

លើសពីនេះ នៅក្នុងសេចក្តីប្រកាសនោះក៏បានបន្ថែមថា៖ “បើតាមតែការបកស្រាយរបស់ឯកឧត្តម ស្តាប់មើលទៅហាក់ដូចជាឯកឧត្តម មិនបានសិក្សាអោយគ្រប់ជ្រុងជ្រោយពីរបៀបនៃការប្រកួតរបស់កីឡាកាយវប្បកម្ម នឹងធ្វើការតាមអារម្មណ៍នឹកឃើញរបស់បុគ្គលខ្លួនឯង មិនយល់ពីរបៀបអោយពិន្ទុ ហើយហ៊ានវាយតំលៃមេដាយមាសពិភពលោក ដែលយើងទទួលបានថាមិនពេញលេញ ចុះហេតុអ្វីបានប្រទេស៥០ផ្សេងទៀតគេអោយតំលៃ បែជាក្រសួងអប់រំកម្ពុជាយើង វាយតំលៃថាមេដាយរបស់យើងមានលក្ខណៈមិនពេញលេញ ហើយទៅជាយកកីឡាមួយទៅប្រៀបធៀបជាមួយកីឡាមួយទៀត ពិតណាស់កីឡាប្រភេទនីមួយៗ ពួកគាត់មានផលពិបាករៀងៗខ្លួន…” ។

កីឡាករសំបូរ សុភ័ណ្ឌ

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ - CBBFF បានបញ្ជាក់ថា ខេមរៈសហព័ន្ធកីឡាកាយវប្បកម្មបានចូលរួមក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកកាយវប្បកម្មពិភពលោកលើកទី១០ (10th WBPF World Bodybuilding and Physique Sports Championships) នៅឯទីក្រុងឈៀងម៉ៃ ប្រទេសថៃកាលពីខែធ្នូ ឆ្នាំ ២០១៨ដោយបានបញ្ជូនកីឡាករ ៥រូបដើម្បីចូលរួមប្រកួតលើវិញ្ញាសារផ្សេងៗគ្នា ដោយក្នុងនោះកីឡាករសំបូរ សុភ័ណ្ឌ បានទទួលមេដាយមាស ហើយក៏កើតមាននូវបាតុភាពតវ៉ាពីបញ្ហាប្រាក់រង្វាន់នេះតែម្តង។ គួរបន្ថែមថា ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្ម ក្នុងមួយឆ្នាំមានតែ៣ដងប៉ុណ្ណោះ ក្នុងនោះរួមមាន កម្រិតអាស៊ីអាគ្នេយ៍ (៨-១០ប្រទេសចូលរួម) កំរឹតអាស៊ី(៣០-៣២ប្រទេសចូលរួម) និងកម្រិតពិភពលោក (៤៥-៥២ប្រទេសចូលរួម)៕

សូមអានសេចក្តីប្រកាសរបស់ទាំងស្រុងរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ - CBBFF នៅខាងក្រោម៖ 

លិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជននិងកីឡា
ការប្រកួតជើងឯកកាយវប្បកម្មពិភពលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]