សិង្ហបុរី៖ ថ្មីៗនេះប្រជាជនសិង្ហបុរីជាច្រើន បាននិងកំពុងអំពាវនាវឱ្យមានការហាមប្រាមមិនឱ្យក្រុមចម្រៀង Maroon 5 និងក្រុមបិសាចក្រហម Manchester United ចូលក្នុងប្រទេសខ្លួនក្រោមហេតុផលដ៏ហួសចិត្តចំនួនពីរ។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា មានមនុស្សម្នាជាច្រើនបាននិងកំពុងចុះឈ្មោះគាំទ្រចំពោះការហាមប្រាមមិនឱ្យក្រុមចម្រៀង Maroon 5 និងក្រុមបិសាចក្រហម Manchester United ចូលក្នុងប្រទេសសិង្ហបុរីតាមរយៈគេហទំព័រ Change.org

មូលហេតុដែលប្រជាជនសិង្ហបុរីហាមមិនឱ្យក្រុមតារាចម្រៀង Maroon 5 ចូលមកសម្លែងក្នុងប្រទេស គឺដោយសារតែ Maroon 5 មានបទចម្រៀងមួយបទក្រោមចំណងជើងថា «Sugar» ដែលខ្លឹមសារបទចម្រៀងមានពាក្យពេចន៍ ដូចជា «Sugar, yes please និង Won’t you come and put it down on me?» ដែលពាក្យពេចន៍ទាំងនេះជំរុញឱ្យប្រជាជនសិង្ហបុរីជាពិសេសក្មេងៗជំនាន់ក្រោយ បរិភោគជាតិស្ករ (Sugar)ច្រើន បង្កឱ្យពួកគេកើតជំងឺទឹកនោមផ្អែម។ 

មនុស្សម្នានាំគ្នាចុះឈ្មោះហាមមិនឱ្យ​ Maroon 5 ចូលក្នុងប្រទេសសិង្ហបុរី

ដោយក្នុងនោះរដ្ឋាភិបាលសិង្ហបុរីបាននិងកំពុងព្យាយាមប្រឆាំងនឹងជំងឺទឹកនោមផ្អែមយ៉ាងដុតដៃដុតជើងជាទីបំផុត។ ប្រជាជនសិង្ហបុរីជាច្រើននាក់គិតថា ក្រុមតារាចម្រៀង Maroon 5 ប្រូម៉ូតការបរិភោគជាតិស្ករដោយប្រយោល ដូច្នេះបើឱ្យក្មេងៗទៅស្តាប់បទចម្រៀងពួកគេនោះ វាអាចធ្វើឱ្យពួកគេញុំាជាតិស្ករច្រើន បន្ទាប់ពីស្តាប់បទចម្រៀងនោះ។

ចំណែកមូលហេតុដែលពួកគេហាមប្រាមមិនឱ្យក្រុមបិសាចក្រហម Manchester United ចូលក្នុងប្រទេស គឺដោយសារតែឈ្មោះ «Red Devils ឬបិសាចក្រហម» គឺជាឈ្មោះអាក្រក់ និងមានរូបឡូហ្គោបិសាច ដែលពួកគេគិតថាជាអារក្សសាតាំង (វិញ្ញាណអាក្រក់)

មនុស្សម្នានាំគ្នាចុះឈ្មោះហាមមិនឱ្យ​ Manchester United ចូលក្នុងប្រទេសសិង្ហបុរី

គួរឱ្យដឹងផងដែរ សិង្ហបុរីជាប្រទេសដែលអភិរក្សនិយមតាំងតែពីដូនតាមកម្ល៉េះ។ ដូច្នេះចំពោះវប្បធម៌បរទេសមួយចំនួនដែលពួកគេគិតថាអាចប៉ះពាល់ដល់ប្រជាជនរបស់គេមិនថាប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនោះទេ ពួកគេត្រូវតែហាមប្រាមជាដាច់ខាត។ ម្យ៉ាងវិញ កន្លងមកក៏សិង្ហបុរីធ្លាប់ហាមប្រាមក្រុមចម្រៀងរ៉ុក Watain មកសម្តែងនៅប្រទេសខ្លួនផងដែរ គឺដោយសារតែចម្រៀងរបស់ពួកគេមានបង្កប់សារមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការស្លាប់ និងការធ្វើអត្តឃាត៕

មនុស្សម្នានាំគ្នាចុះឈ្មោះហាមមិនឱ្យ​ក្រុមចម្រៀងរ៉ុក Watain ចូលក្នុងប្រទេសសិង្ហបុរី
Maroon 5 និង Manchester United
Maroon 5 និង Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]