អេស្ប៉ាញ៖ លោក Zinedine Zidane បានវិលត្រឡប់មកដឹកនាំក្រុម Real Madrid សាជាថ្មីម្តងទៀត ក្រោយពេលដែលលោកបានចាកចេញពីក្រុមយក្សរបស់អេស្ប៉ាញមួយនេះ កាលពី១០ខែមុន។ Zidane បានចូលមកកាន់តំណែងជាអ្នកចាត់ការរបស់ក្លិបសាជាថ្មី ជំនួសកន្លែងរបស់លោក Santiago Solari ដែលត្រូវបានក្លិបបណ្តេញចេញ បន្ទាប់ពីដឹកនាំ Real Madrid បានជាង ៥ខែ។ គួរឱ្យដឹងថា ការត្រឡប់មកវិញជាលើកទី២របស់ Zidane ក្លិប Real Madrid បានចុះកុងត្រាជាមួយលោករហូតដល់ឆ្នាំ ២០២២។

Zidane ជាមួយលោក Florentino Perez

ដោយឡែក ប្រធានក្លិប Real Madrid លោក Florentino Perez បាននិយាយថា៖ “អ្នកចាត់ការល្អជាងគេលើលោក បានត្រឡប់មកចូលរួមជាមួយក្លិបម្តងទៀត, គោលដៅរបស់យើងត្រូវបានរួបរួមសាជាថ្មី”។

ដោយឡែក នៅក្នុងការបង្ហាញខ្លួនជាផ្លូវការជាមួយ Real Madrid កាលពីថ្ងៃចន្ទកន្លងទៅ លោក Zidane បាននិយាយថា៖ “ខ្ញុំមានជម្រើសក្លិបជាច្រើនចង់បានខ្ញុំទៅដឹកនាំ ប៉ុន្តែខ្ញុំសម្រេចមកទីនេះ (Real Madrid) វិញ ព្រោះខ្ញុំស្រលាញ់ក្លិបមួយនេះ។ ខ្ញុំចង់នាំឱ្យក្លិបនេះ ត្រឡប់ទៅកាន់ចំណុចដែលក្លិបធ្លាប់មានក្រោមការដឹកនាំរបស់ខ្ញុំ។ ទោះបីជាមានការពិបាកយ៉ាងណាក្តី ប៉ុន្តែខ្ញុំធ្លាប់ចូលរួមនៅទីនេះ ខ្ញុំដឹងពីតួនាទីរបស់ខ្ញុំ ហើយខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការដឹកនាំក្លិបដ៏អស្ចារ្យនេះម្តងទៀត”។ 

លោក Zidane

គួរបញ្ជាក់ថា Zidane បានចាកចេញពីក្លិប Real Madrid កាលពីខែឧសភា រដូវកាលមុន បន្ទាប់ពីបានដឹកនាំក្រុម Real Madrid ឈ្នះពាន UEFA Champions League ៣រដូវកាលជាប់ៗគ្នា។ ក្លិប Real Madrid បានតែងតាំងលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីនាដើមរដូវកាល និងបានបណ្តេញលោកចេញត្រឹមតែរយៈជាង ៤ខែប៉ុណ្ណោះ។ បន្ទាប់មកទៀតក្លិបបានបន្តតែងតាំងលោក Santiago Solari ជាគ្រូបង្វឹករបស់ក្លិប ដោយបានឱ្យកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែដោយការដឹកនាំមិនបានល្អ ក្លិបក៏បានសម្រេចបណ្តេញលោក Solari ចេញកាលពីថ្ងៃអាទិត្យកន្លងទៅ និងបានបង្ហាញវត្តមានរបស់លោក Zidane យ៉ាងគួរឱ្យភ្ញាក់ផ្អើលតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

Zidane ជាមួយក្លិប Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]