(បន្ទាយមានជ័យ)៖ នគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពក្លែងបន្លំឯកសារសាធារណៈ (ធ្វើលិខិតឆ្លងដែនក្លែងក្លាយ) ឲ្យពលករឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះអ៊ឹម សម្ផស្ស ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មុខរបរជាកម្មករ ។

លោកនាយការិយាល័យបានបញ្ជាក់ថា ក្រោយពីមានបន្តឹងពីជនរងគ្រោះជាពលករជាច្រើននាក់ ដែលបានធ្វើលិខិតឆ្លងដែនទៅរកការងារធ្វើ នៅប្រទេសថៃពេលសមត្ថកិច្ចថៃ ត្រួតពិនិត្យលិខិត ឃើញថា ជាលិខិតក្លែងក្លាយ ហើយត្រូវភាគីថៃចាប់បញ្ជូនមកវិញនោះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា មកដល់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល ក៏ដូចជាកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៊ឹម សម្ផស្ស នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ខែម សុភ័ណ បានបន្តថា ក្រោយពីធ្វើការឃាត់ខ្លួននឹងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនគេពិតជាអ្នកបោះត្រាពន្យាលើលិខិតឆ្លងដែន របស់ពលករដែលហួសកាលបរិច្ឆេតនោះមែន ការធ្វើនេះតាំងពីឆ្នាំ២០១៧មកម្ល៉េះ។

កាលពីឆ្នាំ២០១១ដល់ ឆ្នាំ២០១៣ រូបគេធ្លាប់បានធ្វើការងារនៅកន្លែងស្ថានទូតខ្មែរ នៅទីក្រុងបាងកក ផ្នែកខាងពន្យាពេលលិខិតឆ្លងដែន ពេលចាប់ការងារខ្លួនបានត្រឡប់មកនៅប៉ោយប៉ែត ដោយបានទិញត្រាឆ្ពាន់ទូតមួយឈុត។ ដោយផ្អែកលើបណ្តឹង ជនរងគ្រោះ ជាពលករ និងចម្លើយសារភាព។

ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]