អាមេរិក៖ មានមនុស្សជាច្រើនជ្រើសរើសការជក់បារីអេឡិចត្រូនិក ចៀសជាងការជក់បារីធម្មតាក្រោមហេតុផលជាច្រើន។ អ្នកខ្លះព្យាយាមផ្តាច់បារីធម្មតា ទើបជក់បារីអេឡិចត្រូនិកជំនួសទៅវិញ, អ្នកខ្លះគិតថា វាមានសុវត្ថិភាពជាងការជក់បារីធម្មតា ហើយអ្នកខ្លះទៀតគិតថា វាមានតម្លៃធូរថ្លៃ និងមានផ្សែងឡូយជាងការជក់បារីធម្មតាជាដើម។

ប៉ុន្តែបើយោងតាមការសិក្សាមួយធ្វើឡើងនៅឯសាកលវិទ្យាល័យ Kansas ក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា អ្នកដែលជក់បារីអេឡិចត្រូនិកទំនងជាមានជំងឺគាំងបេះដូង, ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺធ្លាក់ទឹកចិត្តខ្ពស់គួរឱ្យកត់សម្គាល់។

រូបតំណាង

គេបានធ្វើការសិក្សាលើអ្នកជក់បារីអេឡិចត្រូនិកជាង ៩០,០០០នាក់ ហើយបានរកឃើញថា អ្នកជក់បារីអេឡិចត្រូនិកមានអត្រាកើតជំងឺគាំងបេះដូងដល់ទៅ ៣៤%, ជំងឺស្ទះសរសៃឈាមបេះដូងដល់ទៅ ២៥% និងជំងឺធ្លាក់ទឹកចិត្តដល់ទៅ ៥៥%

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ថាកត្តានៃជំងឺខាងលើកើតឡើងមុនពេលជក់បារីអេឡិចត្រូនិក ឬក៏កើតឡើងដោយផ្ទាល់ដោយសារតែការជក់បារីអេឡិចត្រូនិកនោះទេ។

លោកវេជ្ជបណ្ឌិត Mohinder Vindhyal បាននិយាយថា៖

«ទិន្នន័យនេះគឺជាដាក់តឿនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នៃការជក់បារីអេឡិចត្រូនិក។ នៅពេលដែលហានិភ័យនៃជំងឺគាំងបេះដូងកើនឡើងដល់ទៅ ៣៤%នោះ ខ្ញុំមិនចង់ឱ្យអ្នកជំងឺនិងគ្រួសាររបស់អ្នកជំងឺខ្ញុំជក់បារីអេឡិចត្រូនិកឡើយ។» 

រូបតំណាង

លើសពីនេះទៀត លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា៖

«ការជក់បារីអេឡិចត្រូនិកជាប្រចាំថ្ងៃ អាចធ្វើឱ្យកើតជំងឺគាំងបេះដូង, ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងឆាប់រហ័ស។»

«បើទោះបីជាការជក់បារីធម្មតា មានហានិភ័យខ្ពស់នៃការកើតជំងឺគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល ជាងការជក់បារីអេឡិចត្រូនិកក៏ដោយ ក៏វាមិនមានមានន័យថាការជក់បារីអេឡិចត្រូនិកគឺល្អនោះទេ។»

ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ គួរតែព្យាយាមផ្តាច់បារី និងចៀសឱ្យឆ្ងាយពីបារី មិនថាបារីធម្មតា ឬបារីអេឡិចត្រូនិកនោះទេ៕ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]