(កំពង់ចាម)៖​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាប់ខ្លួនគ្រូទាយបោកប្រាស់ម្នាក់ ដែលប៉ុនប៉ងចាប់រំលោភស្ដ្រី ពេលហៅឲ្យមកលើករាសី នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះថា ការឃាត់ខ្លួនគ្រូទាយបោកប្រាស់រូបនេះ ធ្វើឡើងដោយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ​ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ក្រោយ​ទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលនៅទីនោះថា មានករណីចាប់រំលោភកើតឡើង។

លោកមេបញ្ជាការបានបញ្ជាក់ថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង០៩៖៣០​នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម ​បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ​ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែល​បន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើ​ជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំ​ខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។

ក្រោយឃាត់ខ្លួនកម្លាំងអាវុធហត្ថដកហូតបាន ស្រោមអនាម័យចំនួន២, ចានធូបទៀនយ័ន​ចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយពេលធ្វើសកម្មភាព), ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987។

បន្ទាប់មកនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅ​តុលាការហើយ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទ​ប៉ុនប៉ងរំលោភសេពសន្ថវ: តាម​មាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ បច្ចុប្បន្ន​ជនសង្ស័យបានបញ្ជូនទៅ ដាក់នៅពន្ធនាគារខេត្តកំពង់ចាម។

ឧត្តមសេនីយ៍ត្រី សោ សាវឿន បានគូសបញ្ជាក់ថា ​​ជានិច្ចជាកាល​ដោយអនុវត្តន៍នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានយកចិត្តទុកដាក់ធ្វើការចល័តល្បាត ការពារបណ្តាគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តខេត្តដោយធ្វើការបង្ការ បង្រ្កាប និងទប់ស្កាត់ នូវរាល់បទល្មើសនានាដើម្បីថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់ សង្គមជូនបងប្អូនប្រជាពលរដ្ឋជានិច្ច៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]