WARNING: GRAPHIC IMAGES
អេត្យូពី៖ កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែមីនា ម្សិលមិញ យន្តហោះប៊ូអ៊ីង 737 មួយគ្រឿងរបស់ក្រុមអាកាសចរអេត្យូពី ជើងហោះហើរចេញពីព្រលានយន្តហោះ Addis Ababa ឆ្ពោះទៅទីក្រុង Nairobi បានធ្លាក់ក្រោយពីហោះចេញបានតែបន្តិច។
ភ្ញៀវទេសចរសរុប១៥៧នាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ក្នុងនោះមនុស្ស៨នាក់ជាបុគ្គលិកបម្រើការលើយន្តហោះ។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០១៩។
យោងតាមប្រភពសារព័ត៌មានដដែលបានបន្តថា យន្តហោះប៊ូអ៊ីងមួយគ្រឿង បានធ្លាក់ជិតទីក្រុង Bishoftu ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុង Addis Ababa។ បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីម្នាក់បានបញ្ជាក់ថា ក្នុងថ្ងៃកើតហេតុជនរងគ្រោះទាំង១៥៧នាក់ ជាអ្នកដំណើរដែលមកពី ៣៥ជាតិសាសន៍ផ្សេងៗគ្នា។
អ្នកដំណើររងគ្រោះសញ្ជាតិកេនយ៉ាមានចំនួន ៣២នាក់, កាណាដា ១៨នាក់, អេត្យូពី៩នាក់, អាមេរិក៩នាក់, អ៊ីតាលី៨នាក់, បារាំង៧នាក់, អង់គ្លេស៧នាក់, ចិន៨នាក់ ព្រមទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិសរុប ១៩នាក់ទៀត។
ឥឡូវនេះរដ្ឋាភិបាលអាមេរិកបានចាត់បញ្ជូនក្រុមប្រឹក្សាភិបាលសុវត្ថិភាពចរាចរណ៍ជាតិរបស់ខ្លួន សហការណ៍ជាមួយនឹងក្រុមប្រឹក្សាបច្ចេកទេសរដ្ឋបាលអាកាសចរណ៍របស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន General Electric ដើម្បីយចុះទៅស៊ើបអង្កេតបន្ថែមជុំវិញហេតុការណ៍ធ្លាក់យន្តហោះអេត្យូពីនេះហើយ។
យោងតាមប្រសាសន៍របស់លោក Tewolde GebreMariam ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អេត្យូពីផ្ទាល់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា “ក្នុងថ្ងៃកើតហេតុ ពីឡុតរបស់យើងបានរាយការណ៍មកថា បន្ទាប់ពីហោះចេញភ្លាម ពួកគេបានជួបបញ្ហាបច្ចេកទេសក្នុងអំឡុងពេលធ្វើដំណើរ ស្របពេលជាមួយគ្នានោះ ពួកគេក៏បានសុំការអនុញ្ញាតដើម្បីជិះត្រលប់មកចុះចតក្នុងព្រលាន Addis Ababa វិញដែរ"។
លោក GebreMariam បន្តថា “ពីឡុតដែលបានបើកយន្តហោះអេត្យូពីមួយគ្រឿងនេះ គឺជាពីឡុតជាន់ខ្ពស់ម្នាក់ ដែលមានបទពិសោធន៍ហោះហើរជិត៨ពាន់ម៉ោង”។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ លោក GebreMariam នៅតែមិនទាន់អាចរកឃើញមូលហេតុពិតប្រាកដណាមួយ ដើម្បីបញ្ជាក់ពីការធ្លាក់យន្តហោះអេត្យូពីមួយគ្រឿងនេះបាននៅឡើយទេ៕
មានវីដេអូនៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]