បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានចាប់ផ្តើមបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងតំបន់ជាបន្តបន្ទាប់ ក្រោយពីបានឈានចូលទៅកាន់វគ្គ ៨ក្រុមចុងក្រោយយ៉ាងគួរឱ្យភ្ញាក់ផ្អើល នាព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup កាលពីប៉ុន្មានខែមុននេះ។ ស្របពេលដែលវៀតណាមចាប់ផ្តើមវិវឌ្ឍន៍ខ្លួនទៅកម្រិតខ្ពស់ក្នុងវិស័យបាល់ទាត់ក្នុងតំបន់ បានជម្រុញឱ្យកីឡាករផ្សេងៗចាប់ផ្តើមបង្ហាញចេតនាចង់បង្ហាញខ្លួនសម្រាប់ជាតិ មិនថាតែកីឡាករវៀតណាមសុទ្ធ ឬកីឡាករកូនកាត់វៀតណាមឡើយ។

កីឡាករ Filip Nguyen

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកចាំទីកូនកាត់ឆេក-វៀតណាមមួយរូប ក៏បានបង្ហាញចេតនាចង់ចូលរួមជាមួយជម្រើសជាតិវៀតណាមផងដែរ។ កីឡាករ Filip Nguyen វ័យ ២៦ឆ្នាំ កំពុងប្រកបអាជីពនៅក្លិប Slovan Liberec នាលីគកំពូលឆេក បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាមមួយថា កាលពីឆ្នាំ ២០១៦ ពេលដែលគេកំពុងប្រកបអាជីពនៅលីគលំដាប់ទី២របស់ប្រទេសឆេក គេធ្លាប់មានបំណងចង់ចូលរួមជាមួយក្រុមលីគកំពូលវៀតណាម និងចង់បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិវៀតណាម។

Filip បាននិយាយថា៖ “ខ្ញុំបានមកដល់ក្លិបមួយនៅលីគកំពូលវៀតណាម ហើយពួកគេបានប្រាប់ថាពួកគេចង់បានខ្ញុំ និងសន្យាជួយសម្រួលបញ្ហាសញ្ជាតិដល់រូបខ្ញុំ ប្រសិនបើខ្ញុំចង់លេងនៅវៀតណាម”។ 

កីឡាកររូបនេះបានបន្ថែមថា៖ “ខ្ញុំនៅតែចង់មានឱកាសបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិ ហើយខ្ញុំនឹងព្យាយាមដើម្បីទទួលបានសញ្ជាតិ ដោយនឹងត្រឡប់ទៅកាន់ប្រទេសវៀតណាមនាខែមិថុនាខាងមុខនេះ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចមានឱកាសច្រើន”។

គួរបញ្ជាក់ឱ្យដឹងថា កីឡាករ Dang Van Lam ដែលជាអ្នកចាំទីដៃទី១របស់ក្រុមជម្រើសជាតិវៀតណាមនាពេលបច្ចុប្បន្ននេះ ក៏ជាកូនកាត់រុស្ស៊ីផងដែរ៕ 

កីឡាករ Filip Nguyen
កីឡាករ Filip Nguyen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]