ស៊ុយអែត៖ ការងារដែលបានលុយដោយទទេៗ មិនចាំបាច់ធ្វើអ្វីទាំងអស់ អស់មួយជីវិត ស្តាប់ទៅដូចជាបោក ហើយមិនគួរឱ្យជឿ។ ប៉ុន្តែវាពិតជាមានមែននៅលើលោកនេះ ជាក់ស្តែងអ្នកអាចចូលរួមសាកល្បងគម្រោងពិសោធន៍សិល្បៈរបស់ប្រទេសស៊ុយអែតមួយដែលគ្រោងនឹងជួលមនុស្សមហាសំណាងម្នាក់ មិនចាំបាច់ធ្វើអ្វីទាំងអស់ គ្រាន់តែទាមទារលក្ខខណ្ឌមួយប៉ុណ្ណោះ។

គម្រោងពិសោធន៍សិល្បៈដ៏វិសេសវិសាលនេះធ្វើឡើងនៅក្នុងទីក្រុង Gothenburg ដោយជ្រើសរើសបេក្ខជនមហាសំណាងម្នាក់ ដោយគ្រាន់តែបង្ហាញខ្លួននៅស្ថានីយ៍រថភ្លើងជារៀងរាល់ថ្ងៃ  ហើយដាក់កាតស្កេនបញ្ជាក់ថាម្នាក់នោះបានមកធ្វើការ។  រួចវានឹងលោតភ្លើងភ្លាមៗនៅស្ថានីយ៍រថភ្លើង ដើម្បីឱ្យមនុស្សម្នាដឹងថា បុគ្គលិកអត់បានការម្នាក់បានបង្ហាញខ្លួននៅកន្លែងការងារ។ បន្ទាប់មកបុគ្គលម្នាក់នោះអាចធ្វើអ្វីបានគ្រប់យ៉ាងដែលខ្លួនចង់ធ្វើ ហើយមិនចាំបាច់នៅស្ថានីយ៍រថភ្លើងក៏បានដែរនៅក្នុងម៉ោងការងារ ប៉ុន្តែពេលដល់ម៉ោងចេញត្រូវតែមកស្កេនកាតចេញ ហើយបិទភ្លើងទាំងនោះ រួចជាការស្រេច។

រូបតំណាង

បើពួកគេធុញទ្រាំ ពួកគេអាចសុំលាឈប់ ឬក៏ឱ្យអ្នកដទៃណាម្នាក់មកជំនួសបានគ្រប់ពេល។ ដរាបណាពួកគេមិនរកការងារថ្មី តួនាទីមួយនេះធានាថានឹងមានសម្រាប់ពួកគេអស់មួយជីវិត។

អ្នកប្រាកដជាមានការងឿងឆ្ងល់ហើយថា ការងារហ្នឹងបានប្រាក់ចំណូលប៉ុន្មាន ដោយគ្រាន់តែស្កេនកាតចូលនិងចេញបែបនេះ។ យោងតាមប្រភពបានឱ្យដឹងថា បេក្ខជនដែលទទួលការងារនេះនឹងរកចំណូលបានមួយខែជាង ២,៣២០ដុល្លារ និងមានការឡើងប្រាក់ខែជាប្រចាំឆ្នាំ រួមទាំងអត្ថប្រយោជន៍នានាមានដូចជា ពេលវិស្សមកាល និងប្រាក់ចូលនិវត្តន៍ទៀត។  សរុបទៅជាការងារមួយដែលមានស្តង់ដារដូចជាការងារទូទៅអីចឹង។ វាអាចមិនមែនជាការងារដែលរកចំណូលបានច្រើនបំផុតនៅលើលោក ប៉ុន្តែវាគឺជាការងារមួយដែលស្រួលបំផុត និងអាចម៉ារស់ៗបាននៅក្នុងប្រទេសស៊ុយអែត។

នៅក្នុងឆ្នាំ២០១៧ ទីភ្នាក់ងារសិល្បៈសាធារណៈ និងរដ្ឋបាលដឹកជញ្ជូនស៊ុយអែត បានប្រកាសការប្រកួតអន្តរជាតិមួយសម្រាប់សិល្បករណា ដែលនឹងមានគំនិតក្នុងការរចនាស្ថានីយ៍រថភ្លើង Korsvagen នៅក្នុងទីក្រុង Gothenburg ដោយផ្តល់ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះប្រមាណ ៧លានក្រូណា (រូបិយប័ណ្ណស៊ុយអែត) ដែលស្មើនឹង ៧៥០,០០០ ដុល្លារ

រូបតំណាង

ក្រោយមកសិល្បៈករស៊ុយអែតពីររូបគឺលោក Simon Goldin និងលោក Jakob Senneby ក៏បានស្នើឱ្យប្រាក់រង្វាន់នោះយកទៅប្រើប្រាស់សម្រាប់ជួលបុគ្គលិកម្នាក់ដោយឱ្យប្រាក់ខែគេមួយជីវិត ដោយមិនចាំបាច់ធ្វើអ្វីទាំងអស់។ ហើយគម្រោងប្លែកៗនេះក៏បានចាប់ផ្តើមមានឡើង។

យ៉ាងណាមិញ  មនុស្សមួយចំនួនបានរិះគន់ថា នេះជាគម្រោងដ៏អត់បានការបំផុត ដោយគ្រាន់តែជួលមនុស្សម្នាក់ឱ្យស្កេតកាតចូលនិងចេញ ហើយវាពិតជាខ្ជះខ្ជាយលុយរដ្ឋណាស់។

គួរបញ្ជាក់ផងដែរ ដោយសារស្ថានីយ៍រថភ្លើង Korsvagen កំពុងស្ថិតក្រោមការសាងសង់នាពេលបច្ចុប្បន្ន ដូច្នេះការងារមួយនេះនឹងចាប់ផ្តើមទទួលពាក្យជាផ្លូវការ និងមាននៅក្នុងឆ្នាំ ២០២៦៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]