អង់គ្លេស៖ បុរសម្នាក់ដែលជាទស្សនិកជន និងជាអ្នកគាំទ្របាល់ទាត់ម្នាក់ បានរត់ចូលទៅក្នុងទីលាន ថែមទាំងបានរត់ទៅរុញច្រានខ្សែការពារ Chris Smalling ក្នុងអំឡុងការប្រកួតរវាង Arsenal និង Manchester United កាលពីយប់មិញនេះ។ ហេតុការណ៍នេះបានកើតឡើងក្រោយពេលដែលកីឡាករ Aubameyang បានស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេច និងនាំមុខក្រុមភ្ញៀវ Manchester United ២ទល់នឹង០។

បុរសដែលចូលទៅច្រាន Chris Smalling

បន្ទាប់ពីរត់ចូលទៅច្រានកីឡាករ Chris Smalling បុរសខាងលើក៏បានរត់សម្តៅទៅកាន់ក្រុមកីឡាកររបស់ Arsenal ដែលកំពុងតែអបអរគ្រាប់បាល់ផងដែរ។ Smalling ហាក់ដូចជាមិនមានរបួស ឬប៉ះពាល់រាងកាយត្រង់ចំណុចណាមួយឡើយ ប៉ុន្តែទោះបីជាបែបណាក្តី អ្នកគាំទ្ររូបនោះត្រូវបាននាំចេញពីទីលាន និងត្រូវបានឃាត់ខ្លួនដោយក្រុមសន្តិសុខផងដែរ មុននឹងបញ្ជូនទៅកាន់ប៉ូលិស។

ដោយឡែកអ្នកនាំពាក្យរបស់ក្លិប Arsenal បាននិយាយថា៖ “ក្លិបសូមធ្វើការថ្កោលទោសចំពោះឥរិយាបថរបស់អ្នកគាំទ្រម្នាក់ដែលបានរត់ចូលទៅកាន់ទីលាន និងទង្វើរបស់គេទៅលើកីឡាករ Chris Smalling នាការប្រកួតថ្ងៃនេះ។ ក្លិបសុំធ្វើការអភ័យទោសទៅកាន់កីឡាករ Smalling ក៏ដូចជាក្លិប Manchester United ចំពោះហេតុការណ៍នេះ ហើយក្លិបក៏បានសហការយ៉ាងជិតដិតជាមួយប៉ូលិសក្នុងតំបន់អំពីករណីនេះផងដែរ។ ចំពោះបុគ្គលល្មើសខាងលើ ក្លិបនឹងធ្វើការពិន័យហាមមិនឱ្យចូលទស្សនាការប្រកួតទាំងក្នុងដី និងក្រៅដីរបស់ក្លិប Arsenal ហើយក្លិបក៏នឹងហ្វឹកហាត់បន្ថែមចំពោះក្រុមបុគ្គលិករៀបចំការប្រកួតដើម្បីចៀសវាងករណីបែបនេះកើតឡើងម្តងទៀត”។ 

បុរសដែលរត់ចូលទៅកាន់ក្រុមកីឡាកររបស់ Arsenal

ដោយឡែក ក្រុមសមត្ថកិច្ចក្រុង Metropolitan ក៏បានបញ្ចេញសេចក្តីថ្លែងការណ៍មួយអំពីករណីនេះ និងបានបញ្ជាក់ថាបុរសខាងលើកំពុងស្ថិតក្រោមការឃុំខ្លួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]