ភ្នំពេញ៖ Grab (ហ្គេ្រប) ដែលជាកម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេប្រចាំតំបន់ អាស៊ីអាគ្នេយ៍នោះ បានប្រកាសអំពីការទទួលបានការវិនិយោគថ្មី ក្នុងទំហំទឹកប្រាក់ចំនួន ១,៤៦ ពាន់លានដុល្លារ ពី Softbank Vision Fund (SVF)។ ការវិនិយោគពី SVF នាំឲ្យទុនសរុបដែលមានក្នុងប្រតិបត្តិការរបស់ Grab Serial H កើនទៅដល់ ៤,៥ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនបណ្តាក់ទុនផ្សេងទៀត ដែលបានចូលរួមក្នុងដំណាក់កាលនេះមានដូចជា ក្រុមហ៊ុន Toyota, Oppenheimer Funds, Hyundai, Booking Holdings, Microsoft, Ping An Capital និងYamaha។

លោក Anthony Tan សហស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុន Grab បានឲ្យដឹងថា៖

«SoftBank និង Vision Fund គឺជាក្រុមហ៊ុនវិនិយោគបែបយុទ្ធសាស្ត្រជាយូរមកហើយ ហើយយើងពិតជាមានភាពរីករាយណាស់ចំពោះការគាំទ្រនេះ។ ការវិនិយោគនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការជឿជាក់លើទស្សនវិស័យរបស់យើងក្នុងការធ្វើឲ្យប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ីក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែរីកចម្រើន ក្នុងនាមជាកម្មវិធីដំឡើងលើទូរស័ព្ទដៃចំណាត់ថ្នាក់លេខ១។ បើសម្លឹងឆ្ពោះទៅមុខ យើងមានបំណងក្នុងការធ្វើឲ្យជីវិភាពមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ កាន់តែល្អប្រសើរឡើង តាមរយៈការផ្តល់ឱកាសក្នុងការទទួលបានចំណូលកាន់តែច្រើន តាមរយៈប្រព័ន្ធរបស់យើង និងជួយឲ្យអ្នកប្រើប្រាស់របស់យើងទទួលបាននូវជម្រើសដ៏ច្រើន និងភាពងាយស្រួល»។

លោក David Thevenon ដែលជាគូសហការនៅឯ SoftBank Investmetn Adviser បានឲ្យដឹងថា៖ 

«យើងបាននឹងកំពុងតែធ្វើការរួមជាមួយ Grab អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានផ្តល់សិទ្ធិក្នុងការគាំទ្របដិវត្តបច្ចេកវិទ្យាក្នុងការកៀងគរអ្នកប្រើប្រាស់។ ការបណ្តាក់ទុននេះនឹងជួយឲ្យ Grab ស្វែងរកឃើញឱកាសថ្មីដ៏រំភើបបន្ថែមទៀតទៅលើសេវាកម្មចល័តតាមតម្រូវការ សេវាកម្មដឹកជញ្ជូន និងហិរញ្ញវត្ថុ ខណៈដែលក្រុមហ៊ុននេះកំពុងតែរីកចម្រើនតាមរយៈកម្មវិធីផ្ដល់សេវាកម្មពីប្រព័ន្ធអនឡាញទៅ សេវាកម្មដោយផ្ទាល់ (O2O) ទូទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។

លោក Ming Maa ប្រធានក្រុមហ៊ុន Grab បានឲ្យដឹងថា៖ 

«យើងពិតជាមានសំណាងណាស់ក្នុងការទទួលបានការគាំទ្រពីភាគទុនិកធំៗ ទៅលើដំណើរការប្រមូលទុនរបស់យើងនាពេលបច្ចុប្បន្ន ដោយមានការចាប់អារម្មណ៍ខ្លាំង ទាំងទៅលើការវិនិយោគផ្នែកមូលធន និងគុណភាពនៃដៃគូជាយុទ្ធសាស្ត្រ ដើម្បីបន្តការគាំទ្រលើការអភិវឌ្ឍរបស់ Grab។ យើងក៏បន្តទទួលបានការចាប់អារម្មណ៍ពីអ្នកវិយោគិនថ្មីៗ និងរង់ចាំទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗរបស់ឧស្សាហកម្មសកលបន្ថែមទៀត ក្នុងការសហការគ្នាជាដៃគូក្នុងឆ្នាំ២០១៩នេះ»។

Grab មានបំណងក្នុងការប្រើប្រាស់ទន់វិនិយោគទាំងនេះ ក្នុងការជម្រុញការអភិវឌ្ឍន៍កម្មវិធីដ៏ល្អឥតខ្ចោះរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានគោលបំណងក្នុងការផ្តល់សេវាកម្មជារៀងរាល់ថ្ងៃជាច្រើនបន្ថែមទៀតឲ្យកាន់តែអស្ចារ្យ និងផ្តល់ភាពងាយស្រួយអ្នកប្រើប្រាស់។ Grab មានផែនការក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដូចជា សេវាកម្មហិរញ្ញវត្ថុ សេវាកម្មដឹកជញ្ជូនចំណីអាហារ សេវាកម្មដឹកជញ្ជូនទំនិញ សេវាកម្មផ្តល់ព័ត៌មាន សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មមួយចំនួនទៀត ដែលបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៨។ អ្វីដែលមាននៅក្នុងកម្មវិធីរបស់ GrabPlatform ដូចជា វីដេអូតាមតម្រូវការ ដែលសហការជាដៃគូជាមួយ HOOQ ការថែរក្សាសុខភាពតាមរយៈឌីជីថល ដែលសហការជាដៃគូជាមួយ Ping An Good Doctor សេវាធានារ៉ាប់រង ដែលសហការជាដៃគូជាមួយ ZongAn International និងការកក់ការស្នាក់នៅ ដែលសហការជាដៃគូរជាមួយ Booking Holding។

កាន់តែពិសេសទៅទៀត Grab មានផែនការក្នុងការវិនិយោគក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើនទៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងដែល Grab កំពុងតែឈានមុខគេ ដោយកាន់កាប់ចំណែកលើទីផ្សារ ៦០ ភាគរយ សម្រាប់យានជំនិះកង់ ២ និង ៧០ ភាគរយ សម្រាប់យានជំនិះកង់ ៤។ អាជីវកម្មរបស់ Grab ក្នុងប្រទេសឥណ្ឌូនេស៊ី មានការរីកចម្រើនឥតឈប់ឈរ ខណៈដែលទទួលបានប្រាក់ចំណូលទ្វេដងក្នុងឆ្នាំ២០១៨។ Grab នឹងប្រើប្រាស់មូលធនថ្មីៗទាំងនេះ ដើម្បីជួយជម្រុញដល់ការពង្រីកខ្លួនរបស់កម្មវិធី GrabFood និង GrabExpress និងសេវាកម្មថ្មីៗរបស់ Grab ក្នុងប្រទេសនេះ។ Grab ក៏ផ្តល់សេវាកម្មទូទាត់ប្រាក់បែបឌីជីថលដ៏ល្អបំផុតក្នុង ប្រទេសឥណ្ឌូនេស៊ីផងដែរ តាមរយៈការសហការជាមួយនឹងក្រុមហ៊ុន OVO និង Tokopedia។ 

GrabFood កំពុងតែអភិវឌ្ឍខ្លួនឥតឈប់ឈរក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រតិបត្តិការរហូតដល់ ១៧៨ ទីក្រុង បើធៀបកាលពីឆ្នាំមុន គឺមានតែ ១៣ ទីក្រុងប៉ុណ្ណោះ ហើយកម្រិតនៃការផ្តល់សេវាកម្មដឹកជញ្ជូនកើនជិត ១០ ដងក្នុងឆ្នាំ ២០១៨។ បើយោងទៅតាម Kanta ដែលជាក្រុមហ៊ុនស្រាវជ្រាវឯករាជ្យបានចេញរបាយការណ៍ថា កាលខែមករា ឆ្នាំ ២០១៩ GrabFood បានក្លាយជាសេវាកម្មផ្តល់ការដឹកជញ្ជូនចំណីអាហារធំជាងគេលំដាប់ទី២ ក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែល ៤៤ ភាគរយនៃអ្នកឆ្លើយសំណួរបានបញ្ជាក់ថា ខ្លួនបានប្រើប្រាស់ GrabFood ភាគច្រើនបំផុត ពោលគឺកើនពី ២៥ ភាគរយនៅក្នុងខែ មេសា ឆ្នាំ២០១៨។

សម្រាប់ថ្នាក់តំបន់ អាជីវកម្មផ្នែកដឹកជញ្ជូនរបស់ Grab បានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីការច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន Uber ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុនរកចំណូលបានជិត ២ ដង ចាប់ពីខែ មីនា ឆ្នាំ២០១៨ រហូតដល់ខែ ធ្នូ ឆ្នាំ ២០១៨។ ប្រាក់ចំណូលរបស់ GrabFood បានកើនឡើង​ ៤៥ ដងក្នុង អំឡុងពេលដូចគ្នានោះ។ GrabFood ដែលកម្មវិធីដឹកជញ្ជូនចំណីអាហារកំពុងតែមានវត្តមានក្នុងបណ្តាប្រទេសចំនួន ៦ ទូទាំងទីក្រុងចំនួន ១៩៩។ កាលពីឆ្នាំ ២០១៨ Grab Financial Group បានក្លាយជាផ្លាតហ្វមតែមួយគត់ ដែលទទួលបានអាជ្ញាប័ណ្ណសេវាកម្ម e-money ទូទាំងតំបន់ចំនួន ៦ ក្នុងចំណោមតំបន់ ដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។ ចាប់តាំងពីដំណើរការជាលើកដំបូងក្នុងខែ មីនា ឆ្នាំ ២០១៨ Grab Financial Group បានមើលឃើញថា ចរាចរនៃការធ្វើប្រតិបត្តិការណ៍ប្រចាំខែបានកើនឡើងជិត ៥ ដង នៅត្រឹមខែ ធ្នូ ឆ្នាំ ២០១៨។ ក្នុងចន្លោះពេលដូចគ្នានេះ GrabExpress បានអភិវឌ្ឍខ្លួនឥតឈប់ឈរផងដែរ ហើយកម្រិតនៃការដឹកជញ្ជូនក្នុងចន្លោះពេលដូចគ្នានេះ បានកើនឡើងច្រើនជាង ៣ ដងក្នុងតំបន់ ហើយបច្ចុប្បន្ន កំពុងតែដំណើរការក្នុងទីក្រុងចំនួន ១៥០។

ឆ្នាំកន្លងទៅថ្មីៗនេះ គឺជាការពង្រីកខ្លួនដ៏គួរឲ្យកត់សម្គាល់នៃប្រព័ន្ធអេកូឡូស៊ីរបស់ Grab តាមរយៈការសហការ ភាពជាដៃគូរនានាជាមួយនឹងក្រុមហ៊ុនឧស្សាហកម្មឈានមុខគេជាច្រើនដូចជា Toyota, Hyundai, Microsoft និង Mastercard។ Grab ក៏មានទំនាក់ទំនងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនធំៗប្រចាំប្រទេសជាច្រើន និងក្រុមហ៊ុនឧស្សាហកម្មឈានមុខគេប្រចាំតំបន់ផងដែរដូចជា ក្រុមហ៊ុន Central Group និង ធនាគារ Kasikorn របស់ប្រទេសថៃ OVO របស់ឥណ្ឌូនេស៊ី ធនាគារ BTN ធនាគារ Mandiri ធនាគារ United Overseas របស់ ប្រទេសសឹង្ហបុរី ក្រុមហ៊ុន SM Investment Corporation របស់ប្រទេសហ្វីលីពីន ធនាគារ Moca របស់វៀតណាម ធនាគារ Maybank របស់ម៉ាឡេស៊ី និងដៃគូសហការជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]