រាជធានី​ភ្នំពេញ៖ យុវជន​ម្នាក់បាន​ដេកនៅនឹង​ដី​មុខ​ការ​ដ្ឋាន​ក្នុងសភាព​សន្លប់បែកពពុះមាត់ ហើយ​ត្រូវ​បាន​អ្នក​ក្បែរ​ខាង​ប្រទះ​ឃើញ និង​ហៅ​រថយន្ត​សង្គ្រោះ​មកដឹក​យកទៅ​មន្ទីរពេទ្យ​ដែរ ​តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​បង្ក​ឱ្យមានការ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ការដ្ឋាន​សំណង់​កំពុង​សាងសង់ តាម​ផ្លូវ​បេតុង ក្រុម​១ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ នី​ន ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ខាងលើ មានស្រុក​កំណើត​ភូមិ​ស្វាយព្រៃ ឃុំ​សណ្តែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

តាមប្រភពពី​​សាច់ញាតិ​​របស់​ជនរងគ្រោះ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ដេក​នៅនឹង​​ដី​ខាង​មុខ​ការដ្ឋាន​ក្នុង​សភាព​សន្លប់​បែកពពុះមាត់​រួច​ទៅ​ហើយ មិនដឹង​តាំង​ពី​ពេល​ណា​មក​ទេ លុះ​ឃើញ​សភាព​ដូច្នោះធ្វើ​ឱ្យ​ផ្អើល​ទាំង​អ្នក​ក្បែរ​ខាង​ហៅ​រថយន្ត​សង្គ្រោះ​ដើម្បី​មកដឹក​យក​ទៅ​មន្ទីរពេទ្យ​​តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​នាំគ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​​មក​​ពិនិត្យ ។

​បន្ទាប់ពី​ពិនិត្យ និងធ្វើ​កោសល្យវិច្ច័យលើសពជនរងគ្រោះរួចហើយ​ ​គ្រូពេទ្យ​បានរក​​ឃើញ​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ​សារគាំងបេះដូង ទើប​ប្រគល់​សព​ជូន​ក្រុម​គ្រួសារសាច់​ញាតិ​ដើម្បី​​ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]