ភ្នំពេញ៖ ក្នុងជំនួបបាល់ទាត់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងបង់ក្លាដេសបានបញ្ចប់ទៅកាលពីម្សិលមិញនេះ ក្នុងលទ្ធផលបង់ក្លាដេស ឈ្នះក្រុមជម្រើសជាតិកម្ពុជា ១-០។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការប្រកួតនេះកម្ពុជាបានប្រើប្រាស់យុវជន U-22 ទាំងស្រុងតែម្តង ដោយមិនបានកោះហៅកីឡាករល្បីដូចជា ចាន់ វឌ្ឍនាកា, ធារ៊ី ចន្ថាប៊ីន និងកីឡាករល្បីៗក្នុងស្រុកផ្សេងទៀតមកចូលរួមឡើយ។

ក្រុមយុវជនជម្រើសជាតិកម្ពុជា (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

គួរជម្រាបថា ការប្រកួតមិត្តភាពអន្តរជាតិកាលពីម្សិលមិញនេះ លោក Felix G.Damas មិនបានកោះហៅកីឡាករជម្រើសជាតិឈុតធំក្នុងស្រុក និងក្រៅស្រុកនោះទេ ដោយលោកបានប្រមូលផ្តុំក្រុមយុវជនឈុត U-22 ដែលទើបតែបញ្ចប់ភារកិច្ច AFF U-22 មកប្រើប្រាស់វិញទាំងអស់តែម្តង ក្នុងការប្រកួតទល់នឹងបង់ក្លាដេសកាលពីម្សិលមិញនេះ។ បើតាមប្រសាសន៍របស់លោក Felix ហេតុផលដែលលោកប្រើប្រាស់កីឡាករយុវជនសុទ្ធតែម្តងកាលពីម្សិលមិញនេះ ដោយសារតែលោកចង់បន្ថែមបទពិសោធន៍ និងត្រៀមលក្ខណៈសម្រាប់ការប្រកួតពានរង្វាន់ផ្លូវការនានា ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោក Felix G.Damas និងគ្រូបង្វឹកជម្រើសជាតិបង់ក្លាដេស (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

ក្រុមយុវជនជម្រើសជាតិកម្ពុជា នឹងត្រូវមានភារកិច្ចសំខាន់មួយក្នុងខែមីនានេះ នាព្រឹត្តិការណ៍ប្រកួតជម្រុះពានរង្វាន់ AFC U-23 ដែលកម្ពុជាជាម្ចាស់ផ្ទះ នឹងត្រូវស្វាគមន៍ក្រុមខ្លាំងអូស្រ្តាលី, កូរ៉េខាងត្បូង និងចិនតៃប៉ិ រួមទាំងភារកិច្ចនាព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍គឺ SEA GAME ឆ្នាំ ២០១៩ ដែលរៀបចំឡើងនៅឯប្រទេសហ្វីលីពីន៕

ក្រុមជម្រើសជាតិកម្ពុជា (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]