ខេត្តសៀមរាប ៖ ថៅកែម៉ាស្សាម្នាក់បង្ខាំងឱ្យក្មេងស្រីមិនទាន់គ្រប់អាយុរកស៊ីបំរើផ្លូវភេទខុសច្បាប់ដោយជ្រកក្រោមស្លាកម៉ាស្សាមួយកន្លែងយីហោ «ចាន់ សៀងហៃ» ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការតាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងបានសង្គ្រោះស្ត្រីរកស៊ីផ្លូវភេទបានចំនួន៥នាក់ក្នុងនោះមានក្មេងស្រីក្រោមអាយុ១៥ឆ្នាំ​(ជាអនីតិជន)ចំនួន២នាក់ និងធ្វើការឆែករកឃើញស្រោមអនាម័យប្រើប្រាស់រួច គ្រប់បន្ទប់ផងដែរ។

ហេតុការឃាត់ខ្លួនថៅកែម៉ាស្សាម្នាក់ធ្វើឡើងនាវេលាម៉ោង០៩និង៣០នាទី​យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថា ដោយមានការសហការជាមួយពលរដ្ឋបានល្អទើបលោកបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបទីតាំងរកស៊ីផ្លូវភេទមួយកន្លែងក្នុងក្រុងសៀមរាប ព្រមទាំងសុំគោលការណ៍ពី លោក កើត វណ្ណារេត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីឃាត់ខ្លួនថៅកែម៉ាស្សា រកស៊ីផ្លូវភេទខុសច្បាប់ និងសង្គ្រោះស្ត្រីរកស៊ីផ្លូវភេទបានចំនួន៥នាក់ ក្នុងនោះមានស្រីជាអនីតិជនចំនួន២នាក់ និងធ្វើការឆែករកឃើញស្រោមអនាម័យប្រើប្រាស់រួចគ្រប់បន្ទប់ ។

លោកបានបញ្ជាក់ថា ថៅកែហាងម៉ាស្សាម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ឡុច ស្រ៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ (ជនជាតិយួន) រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងទៀតថា ការឃាត់ខ្លួននេះបានកើតឡើងក្នុងប្រតិបត្តិការមួយដែលកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាបកន្លែងរកស៊ីសេវាផ្លូវភេទជ្រកក្រោមផ្លាកម៉ាស្សាមួយកន្លែងយីហោ ចាន់ សៀងហៃ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ហើយក្រោយពីការឃាត់ខ្លួនថៅកែម៉ាស្សារួចមក កម្លាំងជំនាញបានរៀបចំបញ្ជូនស្រ្តីរកស៊ីផ្លូវភេទទាំង៥នាក់ ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបាន ។ បច្ចុប្បន្នជនសង្ស័យ(ថៅកែម៉ាស្សាម្នាក់)ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]