ចិន៖ សិស្សវិទ្យាល័យម្នាក់រស់នៅក្នុងប្រទេសចិន បានក្លាយជាគំរូសម្រាប់មនុស្សជាតិ បន្ទាប់ពីកាលវិភាគរៀនសូត្ររបស់គេ ត្រូវបានចែករំលែកល្បីពេញបណ្តាញសង្គម។

យុវជន Zhu Zheng អាយុ ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ នៅសាលារៀនមួយកន្លែងក្នុងទីក្រុង Wuhan ខេត្ត Hubei ។  

ក្នុងខែកញ្ញា Zheng បានជាប់លេខមួយ ក្នុងការប្រកួតសិស្សពូកែគណិតវិទ្យាថ្នាក់ជាតិ ដែលអនុញ្ញាតឱ្យរូបគេ អាចចូលរួមវគ្គបណ្តុះបណ្តាលពិសេសៗមួយចំនួន ដើម្បីអាចមានលទ្ធភាពក្នុងការចូលរៀននៅឯសាកលវិទ្យាល័យល្បីៗក្នុងទីក្រុងប៉េកាំង។

យុវជន Zhu Zheng

យោងតាមសម្តីលោកគ្រូម្នាក់បានឱ្យដឹងថា គេគឺជាសិស្សតែម្នាក់គត់ដែលពាក់តែឯកសណ្ឋានសាលារៀន ក្នុងអំឡុងពេលរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាល។ មូលហេតុនោះ គឺដោយសារតែគេបានសន្យាចំពោះឪពុកម្តាយគេថា មិនទិញសំលៀកបំពាក់ថ្មីៗនោះទេ ក្នុងអំឡុងពេល ១២ខែនេះ ដើម្បីសន្សំលុយ។

នៅពេល Zheng ចូលរៀនវិញ លោកគ្រូ Tang Yanping បានឃើញកាលវិភាគរៀនសូត្ររបស់គេ ដូច្នេះលោកក៏សម្រេចចិត្ត ចែករំលែកវានៅលើបណ្តាញសង្គម WeChat។

ជាក់ស្តែង បើពិនិត្យមើលកាលវិភាគនេះ រូបគេមិនមានពេលឈប់សម្រាកក្នុងរដូវរងានេះទេ ពោលគឺគេចំណាយពេលរៀន ១៧ម៉ោងក្នុងមួយថ្ងៃ

ជាក់ស្តែង Zheng ចាប់ផ្តើមរៀនតាំងពីម៉ោង ៦:៤០នាទីព្រឹក ហើយបញ្ចប់នៅម៉ោង ១១:៥០នាទីយប់។ បន្ថែមពីនេះទៀត គេក៏បានទៅរៀនគួរគណិតវិទ្យាបន្ថែម និងចំណាយពេលផ្សេងៗទៀត មើលមេរៀនសម្រាប់មុខវិជ្ជាផ្សេងផងដែរ។ 

កាលវិភាគ Zhu Zheng

Zheng គេងនៅពេលថ្ងៃត្រង់តែ ៣០នាទីប៉ុណ្ណោះ បន្ទាប់ពីញុំាបាយថ្ងៃរួច ហើយសម្រាកតែប៉ុន្មាននាទីប៉ុណ្ណោះសម្រាប់អាហារសម្រន់នានា។

គេបានសរសេរនៅពីលើកាលវិភាគថា៖

«ជីវិតគឺគ្មានពេលឈប់សម្រាកនៅក្នុងរដូវក្តៅ ឬរដូវរងានោះទេ។ គ្មានភាពជោគជ័យណាដែលមិនត្រូវការ ការលះបង់នោះទេ»។

ចំណែក ពាក្យផ្សេងៗទៀតគ្រាន់តែជាពាក្យក្រើនរម្លឹក មានដូចជា ការលត់ដំខ្លួន, ការអភិវឌ្ឍន៍ខ្លួន, ត្រូវរៀនពីកំណត់ចំណាំ (Note), មិនត្រូវចម្លងពីគេទេ ហើយក៏មិនត្រូវប៉ះទូរស័ព្ទផងដែរ។ 

ការប្តេជ្ញាចិត្តរបស់ Zheng គឺដោយសារតែរូបគេត្រូវប្រលងថ្នាក់ជាតិនៅឆ្នាំក្រោយ។ ការប្រលងថ្នាក់ជាតិពិតជារឿងសំខាន់បំផុតសម្រាប់សិស្សនៅក្នុងប្រទេសចិន ព្រោះវាគឺជាការកំណត់ជោគវាសនារបស់ពួកគេ ថាតើអាចរៀននៅសាកលវិទ្យាល័យល្អបានឬយ៉ាងណា ហើយវាក៏ជាការកំណត់ការងារ ក៏ដូចជាប្រាក់ខែនៅពេលពួកគេចូលធ្វើការផងដែរ។

យោងតាមសម្តីលោកគ្រូ Tang បាននិយាយថា៖

«Zheng រស់នៅដោយសន្សំសំចៃបំផុត គេញុំាតែបបរសមួយចាន និងនំប៉ាវតែមួយគត់សម្រាប់អាហារពេលព្រឹក ហើយសម្រាប់អាហារថ្ងៃត្រង់វិញ គេញុំាអាហារដែលមានតម្លៃធូរថ្លៃបំផុត ចំណាយត្រឹមតែ ៤យ័ន (០.៦០ដុល្លារ) តែប៉ុណ្ណោះ»។

គួរឱ្យដឹងផងដែរ ឪពុកម្តាយ Zheng គឺជាពលករចំណាកស្រុកក្រីក្រមកពីទីក្រុង Xianning ៕ 

យុវជន Zhu Zheng
យុវជន Zhu Zheng
យុវជន Zhu Zheng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]