(ព្រះវិហារ)៖ សង្វៀនជល់មាន់មួយកន្លែង ដែលបើកលេងលួចលាក់ក្នុងចំការស្វាយចន្ទី ស្ថិតក្នុងចំណុចប្រើសស្លាប់ក្នុងភូមិស្វាយប៉ាត ឃុំរដោះ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ បង្រ្កាបបាននៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលមួយរូប បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់លួចលាក់នេះ គឺក្រោមការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដោយមានការសម្របសម្រួលពីលោក ទី សុរិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បញ្ជាឲ្យកម្លាំងតម្រួតបទបញ្ជា និងការិយាលយ័បទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង។

មន្ត្រីនគរបាលបានបន្តថា ដោយសារស្ថានភាពស្មុគ្រស្មាញ នៅក្នុងព្រៃចំការស្វាយចន្ទី បានធ្វើឲ្យសមត្ថកិច្ចរបស់យើងពិបាកក្នុងការបង្រ្កាប ដោយធ្វើឲ្យក្រុមអ្នកលេងជាច្រើនរត់ចែកជើងគ្នា ប៉ុន្តែទោះជាយ៉ាងណា យើងបានធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន៤នាក់ រថយន្ត១គ្រឿង មានជល់៤ក្បាល ធុងទឹកចំនួន៤ ចានដែក១ និងរុះរើសង្វៀនជល់មានផងដែរ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៤នាក់ រួមនិងវត្ថុតាងជាច្រើនទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]