ចិន៖ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់រស់នៅក្នុងទីក្រុង Luoyang ខេត្តហឺណាន ត្រូវបានម្តាយអប្រិយម្នាក់វាយ និងបោះបង់ចោលនៅលើចិញ្ចើមផ្លូវ ព្រោះតែរូបគេប្រលងមិនបាន ៩៥ ពិន្ទុ

ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ នៅពេលដែលអ្នកដំណើរម្នាក់បានឃើញម្តាយមួយរូប កំពុងតែវាយធ្វើបាបកូននៅលើផ្លូវ Luoyang។ ភ្លាមៗនោះ គាត់ក៏បានប្តឹងប៉ូលិស។ ក្រោយមកប៉ូលិសក៏បានដល់កន្លែងកើតហេតុតែមិនបានឃើញម្តាយនោះទេ ពោលគឺឃើញតែកូនម្នាក់តែប៉ុណ្ណោះ។ 

ក្មេងប្រុសត្រូវម្តាយបោះបង់ចោល

យោងតាមសម្តីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ស្រ្តីម្នាក់នោះស្រាប់តែកំរោលចូល រួចក៏វាយកូនផង ស្តីឱ្យគេផង។ សំណាងល្អ ប៉ូលិសបានរកឃើញក្មេងនេះនៅលើផ្លូវ Nanjing–Luoyang Expressway។

យោងតាមវីដេអូខាងក្រោមបានឱ្យដឹងថា ប៉ូលិសបានសួរក្មេងប្រុសម្នាក់នោះថា៖

«តើអ្នកដែលវាយឯងគឺជាម្តាយរបស់ឯងមែនទេ?»

គេក៏ឆ្លើយតបថា៖

«ខ្ញុំប្រលងមិនបានពិន្ទុល្អ។»

ជាក់ស្តែង ម្តាយរបស់ក្មេងប្រុសនេះ ចង់ឱ្យកូនប្រលងបានពិន្ទុយ៉ាងតិចណាស់ក៏ ៩៥ពិន្ទុដែរ ប៉ុន្តែគេប្រលងបានតែ ៨១ពិន្ទុ ទើបមានរឿងនេះកើតឡើង។ ក្រោយមក ប៉ូលិសបានទាក់ទងទៅម្តាយបង្កើតរបស់ក្មេងប្រុសម្នាក់នេះ បន្ទាប់ពីកំណត់ស្លាកលេខឡានរបស់នាងបាន។ តែស្រ្តីម្នាក់នេះបែរជាមិនចង់ឱ្យកូនត្រលប់ទៅផ្ទះវិញទេ បែរជានិយាយប្រាប់ប៉ូលិសថា នាងមិនចង់បានកូនម្នាក់នេះទេ។ 

ម្តាយអប្រិយនោះបាននិយាយថា៖

«ខ្ញុំមិនត្រូវការកូននេះទៀតទេ។ លោកចង់ធ្វើអីក៏ធ្វើទៅចុះ។ លោកចង់ប្តឹងខ្ញុំក៏ប្តឹងទៅចុះ។» (នេះជាសម្តីចេញពីវីដេអូ) 

ប៉ូលិសកំពុងតែតេទូរស័ព្ទនិយាយជាមួយម្តាយម្នាក់នោះ

សមត្ថកិច្ចមានការភ្ញាក់ផ្អើលជាខ្លាំងនូវអ្វីដែលលោកស្តាប់ឮ ហើយលោកក៏តបវិញថា៖

«នាងពិតជាម្តាយម្នាក់គ្មានការទទួលខុសត្រូវពិតមែន។»

«នាងគួរតែមានចិត្តអំនត់ និងផ្តល់ដំបូន្មានឱ្យកូនប្រុសនាង ប្រសិនបើគេធ្វើខុសនូវរឿងអ្វីមួយ។ ហើយនាងមិនគួរបោះបង់គេចោលនៅតាមចិញ្ចើមផ្លូវបែបនេះទេ។» (នេះជាសម្តីចេញពីវីដេអូ)

មួយម៉ោងក្រោយមក ពូរបស់ក្មេងប្រុសនេះ ក៏បានមកទទួលរូបគេនៅប៉ុស្តិ៍ប៉ូលិស។ យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ថាតើម្តាយអប្រិយម្នាក់នោះទទួលពិន័យឬក៏អត់នោះទេ ចំពោះសកម្មភាពដែលបោះបង់កូនចោលតាមចិញ្ចើមផ្លូវបែបនេះ៕ 

ទស្សនាវីដេអូខាងក្រោម៖

ពូរបស់គេមកយករូបគេនៅប៉ុស្តិ៍ប៉ូលិស
រូបភាពនៅកន្លែងកើតហេតុ
ក្មេងប្រុសត្រូវម្តាយបោះបង់ចោល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]