រាជធានីភ្នំពេញ ៖ យុវជន​មួយក្រុម​បាន​សម្ងំប្រើប្រាស់ថ្នាំញៀន​​រួច​មក ក៏នាំគ្នា​ជិះម៉ូតូទៅលេង​កោះពេជ្រ ហើយ​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ច្រើន​នាក់​បាន​ជិះ​ម៉ូតូ​​ចេញ​មក​មុន ដោយ​បានមក​​​ឈប់​ម៉ូតូ​នៅ​លើ​ផ្លូវ​ជិត​​ម្តុំ​​ព្រះ​អង្គ​ដង​កើ រួច​ដើរទៅ​អង្គុយ​លេង​នៅ​លើ​សួន ដោយ​ទុក​សោ​​ម៉ូតូ​ជាប់​នឹង​ម៉ូតូ លុះ​មួយសន្ទុះ​ក្រោយ​ក៏​មាន​មិត្តភក្តិ​របស់​គេ​​ចំនួន​២​ម៉ូតូ​ទៀត​មាន​គ្នា​៤​នាក់ ជិះ​តាម​ពីក្រោយ​មក​ដល់​ក៏​អោយ​យុ​វជន​ម្នាក់​ផ្សេង​ទៀត​ចុះ​ទៅ​លួច​ជិះ​ម៉ូតូ​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្មាន​ថាជា​​ចោរលួច​ម៉ូតូ ក៏​នាំ​គ្នា​​ជួយ​​ដេញ​ចាប់​ឃាត់​ខ្លួន​បាន រួច​​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ទ្រោម​ខ្លួន​ផ្អើល​អស់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

​បន្ទាប់ពីកើតហេតុ ស្រាប់តែ​យុវជនជាម្ចាស់ម៉ូតូបាន​និយាយ​ថា ជនសង្ស័យគឺជា​ប្អូនរបស់ខ្លួន ហើយ​ពួក​គេ​កំពុង​តែ​សម្តែង​ និ​ង​ថត​វី​ដេ​អូ លុះ​ពេល​នាំគ្នា​សួរ​រក​កាមេ​រ៉ា បែរជា​យុវជន​ជា​ម្ចាស់ម៉ូតូ​បាន​​ប្រាប់​ថា​អត់​មាន​ទេ​ គឺ​គេ​ថត​នឹង​ភ្នែក និង​និយាយ​ក្នុង​សភាព​វង្វេងវង្វាន់​លែង​ដឹង​អី (សង្ស័យ​បែកថ្នាំ) ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ហួសចិត្ត​គ្រប់​គ្នា​។

​ហេតុការណ៍​​គួរ​ឱ្យ​ហួសចិត្ត​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៧ ខែ​មិ​នា នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ ជិត​​ម្តុំ​​ព្រះ​អង្គ​ដង​កើ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

យុវជនម្នាក់​ដែលសម្តែងជា​ជនសង្ស័យឈ្មោះ ឈុ​ន លាង អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើ​សំណង់​ ស្នាក់​នៅ​ម្តុំ​ផ្សារ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​​យុវជន​ម្នាក់​ដែល​សម្តែង​ជា​ជន​រង​គ្រោះ​ឈ្មោះ សៀង​មុន្នី​រ័​ត្ន ដា​និ​ត អាយុ​២០​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហ្សូ៊មមើអិច​ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១L-៧១៨៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជនម្នាក់ដែលសម្តែង​ជា​ជនសង្ស័យ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​ គឺ​គាត់​និ​ង​មិត្តភក្តិ​​ផ្សេង​ទៀត​បាន​សម្ងំ​ប្រើប្រាស់​ថ្នាំ​ញៀន​ជាមួយ​គ្នា​នៅផ្ទះ​នៅ​ទួល​សង្កែ បន្ទាប់​មក​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​នៅ​កោះ​ពេជ្រ​ ហើយ​យុវជន​ដែលសម្តែងជាជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​មុន ចំណែក​​គាត់​ ​និ​ង​​មិត្តភក្តិ​មានគ្នា​ចំនួន​​៤នាក់​បាន​​ជិះ​ម៉ូតូ​២​គ្រឿង​មក​តាម​ក្រោយ​ ។​

ប្រភពដដែល​បាន​បន្ត​ថា លុះ​​ពេលគាត់​​ជិះ​មក​ដល់​កន្លែង​កើតហេតុ​​ខាងលើ ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​មួយ​​គ្រឿង​ចត​ចោល​ដោយ​ឃើញ​ទុក​សោ​នៅ​ជាប់​នឹង​ម៉ូតូ​ទៀត​ តែ​គាត់​​មិន​ស្គាល់ ។ ភ្លាម​ៗនោះ​មិត្ត​ភក្តិ​របស់​គាត់​បាន​ប្រាប់​អោយគាត់​​ចុះ​ទៅ​លួច​ម៉ូតូ​នោះ​ជិះ​ចេញ​ទៅ តែ​គាត់​​មិន​ហ៊ាន​ ក៏​ត្រូវ​មិត្ត​ភក្តិ​ស្តីបន្ទោស​ថា «​ពួក​អញ​ជា​ចោរ បើ​ហ្អែ​ង​អត់​ចេះ​ធ្វើ​ចោរ​ម៉េច​​ដើរ​ត្រូវ​គ្នា​ជាមួយ​អញ​» ។ ឮដូច្នោះ​គាត់​ក៏​ចុះ​ទៅ​ឡើង​ជិះ​ម៉ូតូ​នោះ​បម្រុង​គេច​ចេញទៅ​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ប្រទះ​ឃើញ​នាំ​គ្នា​ចេញ​ទៅ​ជួយ​ដេញចាប់​បាន និង​​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ទ្រោម​ខ្លួន​ផ្អើល​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ព្រោងព្រាត ។

បន្ទាប់​ពី​ឃាត់ខ្លួន​យុវជន​ដែលសម្តែង​ជា​ជនសង្ស័យ​រួចមក​ ស្រាប់តែ​ម្ចាស់​ម៉ូតូដែលសម្តែង​ជា​ជន​រង​គ្រោះ​បាន​និយាយ​​ថា​ជា​ប្អូន​របស់​គេ​ទេ គឺ​ពួក​គេ​កំពុង​តែ​សម្តែង​ និ​ង​ថត​វី​ដេ​អូ លុះ​ពេល​នាំគ្នា​សួរ​រក​កាមេ​រ៉ា បែរជា​យុវជន​ដែលសម្តែង​ជា​ជន​រង​គ្រោះបាន​​ប្រាប់​ថា​អត់​មាន​ទេ​ គឺ​គេ​ថត​នឹង​ភ្នែក និង​និយាយ​វង្វេងវង្វាន់​លែង​ដឹង​អី ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ហួសចិត្ត​គ្រប់​គ្នា​។

ក្រោយពេល​កើតហេតុ ជន​រង​គ្រោះ​ និង​ជនសង្ស័យ​សុទ្ធតែ​បែក​ថ្នាំ​ដូច​គ្នា ហើយ​និយាយ​លែង​ដឹង​អី ក៏​ត្រូវ​សមត្ថកិច្ច​នាំ​​ទៅ​សាកសួរ និង​ធ្វើការ​អប់រំដល់​អ្នក​ទាំង​ពីរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ជ័យ​ជំនះ រួច​ក៏​ដោះ​លែងអោយ​យុវជន​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ត្រឡ​ប់​ទៅ​វិញ​ផងដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]