(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំប្រភេទគ្រាប់ ជិត៨,០០០គ្រាប់។

មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង​នៅ​ចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង បន្ទាប់ពីជនសង្ស័យ បានលួចឆ្លងដែននាំយកគ្រឿងញៀនចូលមកប្រទេសកម្ពុជា ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងអនុវត្តតាមការណែនាំលោក ​ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

លោកមេបញ្ជាការ បានបន្ថែមថា ​ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ​ឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ មានទីលំនៅភូមិបានដន ស្រុកផូនហូង ក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៣៩កញ្ចប់ ស្មើ៧៦៨៣គ្រាប់ មានទម្ងន់សុទ្ធ៧៩៣,៣ក្រាម​, លុយដុល្លារ​១០០ដុល្លារក្លែងខ្លាយរហែក១សន្លឹក, លុយបាតថៃ៣,០០០បាត, ទូរស័ព្ទអិនចុចពិល២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]