ភ្នំពេញ៖ បើយោងទៅតាមប្រវត្តិសាស្រ្ត ក្រដាសប្រាក់ “រៀល​” ដំបូងរបស់ប្រទេសកម្ពុជា បានចាប់ផ្ដើមធ្វើចរាចរណ៍ពេញលេញ នៅខែកញ្ញា ឆ្នាំ១៩៥៥ បន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីបារាំងនៅឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះរបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។

រហូតមកដល់ពេលបច្ចុប្បន្ននេះ​ ក្រដាសប្រាក់នៅតែចរាចរណ៍ និងជារូបិយប័ណ្ណផ្លូវការ ​សម្រាប់ធ្វើការទូទាត់បង់ថ្លៃទំនិញ និងសេវាកម្ម សម្រាប់ប្រជាជន។ បើទោះជាយ៉ាងណាក៏ដោយ​ ជាមួយនឹងស្ថានភាពជឿនលឿននៃបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ​ ក្រដាសប្រាក់ត្រូវបានគេរំពឹងថា នឹងត្រូវកាត់បន្ថយការប្រើប្រាស់ជាបណ្តើរៗ នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ​ជាពិសេសក្នុងដំណាក់កាល នៃការផ្លាស់ប្តូរពីហិរញ្ញវត្ថុបែប "ប្រពៃណី" ទៅបែប "ឌីជីថល" ​ដែលបាតុភូតនេះ មិនមែនកើតមានឡើងចំពោះតែប្រទេសកម្ពុជានោះទេ  គឺវាបានកើតមានឡើងរួចទៅហើយ ចំពោះប្រទេសជាច្រើននៅក្នុងពិភពលោក​​។

ជាក់ស្ដែងនៅក្នុងប្រទេសវៀតណាម នៅក្នុងខែមករាឆ្នាំ ២០១៧ ឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue បានចុះហត្ថលេខាលើសេចក្តីសម្រេច នៃគោលនយោបាយដើម្បីកាត់បន្ថយ ចំនួនប្រតិបត្តិការប្រើប្រាស់ក្រដាសប្រាក់ ឲ្យនៅសល់តិចជាង ១០% នៃប្រតិបត្តិការនៅលើទីផ្សារសរុបទាំងអស់នៅក្នុងឆ្នាំ ២០២០។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថានធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា បានពង្រីកសេវាកម្មហិរញ្ញវត្ថុមូលដ្ឋានរបស់ខ្លួន ដោយរួមបញ្ចូលសេវាហិរញ្ញវត្ថុ តាមបែបឌីជីថល ដែលជាផ្នែកមួយនៃគម្រោងធនាគាររបស់ពួកគេ ដើម្បីផ្ដល់ជូនអតិថិជន នូវបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមួយ ​ប្រកប​ដោយ​ភាពច្នៃប្រឌិត។​ សេវាហិរញ្ញវត្ថុតាមបែបឌីជីថល ដែលមានប្រជាប្រិយភាពបំផុតនោះគឺ សេវាធនាគារតាមរយៈទូរស័ព្ទចល័ត ក្នុងនោះមានសេវា ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ឬការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយពុំមានការប្រើប្រាស់ក្រដាស់ប្រាក់ឡើយ។

ទាក់ទងនឹងការវិវឌ្ឍន៏នៃផ្នែកហិរញ្ញវត្ថុ ដែលយើងមើលឃើញជាក់ស្ដែងនេះ​ លោក Vincent Ling អនុប្រធានចាត់ការទូទៅ នៅតំបន់អាស៊ី​អា​គ្នេ​យ៏ របស់ក្រុមហ៊ុន​ UnionPay បានលើកឡើងថា ជាទូទៅការបោះពុម្ពក្រដាសប្រាក់ គឺការចំណាយដ៏ច្រើនមួយសម្រាប់ប្រទេស។ វាមិនត្រឹមតែត្រូវចំណាយទៅលើការបោះពុម្ពនោះទេ គឺត្រូវចំណាយទៅលើការដឹកជញ្ជូន ការគ្រប់គ្រង និងការចែកចាយក្រដាសប្រាក់ទាំងនោះ ឲ្យទៅដល់គោលដៅ​ ក៏ជាក្ដីកង្វល់មួយផងដែរ។​ ជាងនេះទៅទៀត បើស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុត ដែលអាចកើតមានឡើងនោះ គឺការក្លែងបន្លំក្រដាស់ប្រាក់។

លោកបានបន្តទៀតថា៖

“បើប្រជាពលរដ្ឋផ្លាស់ប្តូរទំលាប់មកធ្វើការទូទាត់ តាមប្រព័ន្ធអេឡិចត្រនិច ដោយពុំចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់វិញនោះ វានឹងផ្ដល់ផលអត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិ ដែលប្រទេសកម្ពុជា បាននិងកំពុងរៀបចំខ្លួនក្នុងការប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន ឲ្យទៅជាសេដ្ឋកិច្ចឌីជីថល នាពេលខាងមុខនេះ”។

ពាក់ព័ន្ធទៅនឹង សេដ្ឋកិច្ចឌីជីថល នៅក្នុងប្រទេសកម្ពុជា លោក វង្សី វិស្សុត រដ្ឋ​លេខាធិការ​អចិន្រៃ្តយ៍​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​វេទិកា សាធារណៈ​​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០១៩ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ​ថា រដ្ឋាភិបាល​កម្ពុជា​​​ កំពុង​​ព្រាង​គោល​នយោបាយ​ ស្តីពី​សេដ្ឋកិច្ច​ឌីជីថល ដែល​មាន​​​មុខងារ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ ដើម្បី​បង្កើន​កំណើន​​សេដ្ឋកិច្ច​របស់​កម្ពុជា ឈរនៅ​លើ​មូលដ្ឋាននៃការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មី​។

លោក​បានបន្តទៀតថា សេចក្ដី​ព្រាង​គោល​នយោ​បាយ​នេះ ត្រូវ​ការ​ពេល​​វេលា​ ១ ឬ ២ ​ឆ្នាំ ​ដើម្បី​​​​បញ្ចប់​ ហើយរំពឹងថា នឹង​រួច​​រាល់​​​សម្រាប់​ការ​​ដាក់​ឲ្យ​​ដំណើរ​ការ​ ​នៅ​ដើម​ឆ្នាំ​ ២០​២០​​​​។

ជាការពិតណាស់ ប្រទេសកម្ពុជា ក៏បានលោតផ្លោះយ៉ាងស្វាហាប់ ទៅតាមភាពលូតលាស់ជាសកលនៃបច្ចេកវិទ្យា។​ ចំណែកការតភ្ជាប់បណ្ដាញអ៊ីនធឺណែត កាន់តែមានភាពទូលំទូលាយ មានតម្លៃថោក ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ទ្រទ្រង់វិស័យផ្សេងៗទៀត ក្នុងនោះការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទ​ដៃ (បង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ឬឌីជីថល) មានការកើនឡើងច្រើននៅក្នុងតំបន់ទីប្រជុំជន និងទីក្រុងធំនៃប្រទេសកម្ពុជា នេះបើតាមការឲ្យដឹងពីលោក យុន សុវណ្ណា នាយកប្រតិបត្តិ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោកបានបញ្ជាក់ថា៖ 

«ប្រជាជនកម្ពុជាពេញវ័យប្រមាណ ២,៤លាននាក់ ត្រូវនឹង២៤% នៃប្រជាពលរដ្ឋពេញវ័យសរុប ចំនួន ១០លាននាក់ បានប្រើប្រាស់សេវាកម្ម បង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ឬឌីជីថល តាមរយៈទួរស័ព្ទដៃរបស់ខ្លួន។ ដូច្នោះបើធៀបទៅនឹង ២ឬ៣ឆ្នាំមុន ប្រជាជនកម្ពុជាមានការយល់ដឹងច្រើន និងទូលំទូលាយជាងមុន ព្រោះការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មានភាពងាយស្រួល, អាចធ្វើប្រតិបត្តិការគ្រប់ពេលវេលា និង គ្រប់ទីកន្លែង, មិនបាច់ចំណាយពេលវេលាធ្វើដំណើរទៅមក, មិនចំបាច់កាន់ក្រដាស់ប្រាក់ និងមិនភ័យព្រួយពីការបាត់បង់ ដោយប្រការណាមួយឡើយ។»

ចំណែកនៅជ្រុងម្ខាងទៀត អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឲ្យដឹងដែរថា៖

«នៅពេលដែលប្រជាជនមានការប្រើប្រាស់ ឬធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ឬឌីជីថល កាន់តែច្រើន វានឹងធ្វើឲ្យសេដ្ឋកិច្ចមានចីរភាព ជាងការដែលប្រជាជនធ្វើការទូទាត់ ដោយប្រើប្រាស់ក្រដាស់ប្រាក់ ព្រោះការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច មានភាពច្បាស់លាស់ជាង មានតម្លាភាពជាង ដូចជាការប្រមូលពន្ធ ឬការបង់ថ្លៃសេវាសាធារណៈផ្សេងៗរបស់រដ្ឋ។»

ទាក់ទងនឹងអនាគតនៃ ប្រព័ន្ធទូទាត់តាមបែបឌីជីថលនៅកម្ពុជា ត្រូវបានលោក Vincent Ling អនុប្រធានចាត់ការទូទៅនៅតំបន់អាស៊ី​អា​គ្នេ​យ៏ នៃក្រុមហ៊ុន​ UnionPay បញ្ជាក់ប្រាប់ថា៖ 

“ខ្ញុំយល់ថា ប្រទេសកម្ពុជា ក៏មិនខុសពីប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ។ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក គឺពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ កាន់តែមានប្រសិទ្ធិភាព និងកាន់តែប្រសើរឡើង។ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នឹងចូលរួមចំណែក ដើម្បីអាចសម្រេចបាននូវគម្រោង សេដ្ឋកិច្ចឌីជីថល នៅក្នុងឆ្នាំ ២០២៣ របស់កម្ពុជា ជាក់ជាមិនខាន៕”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]