រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​ផ្ទុះ​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​សុំ​ការ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បាត់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ក្នុង​នាមខ្លួន​ជា​ម្ចាស់​មេដាយមាស​កីឡា​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក​ត្រូវ​បាន​១២០​លាន​រៀល បែរជា​បាន​២០​លាន​រៀល​ទៅ​វិញ ។

ក្រោយ​ពី​ផ្ទុះ​រឿង​ដ៏​រសើប​នេះ លោក​អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដែល​ជា​សេនាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​បកស្រាយ​ថា ពុំ​មានការ​បាត់​លុយ​ប្រាក់​រង្វាន់​អី​នោះ​ទេ គ្រាន់តែ​មានការ​ភាន់ច្រឡំ និង​មិន​បានដឹង​អំពី​ដំណើររឿង​នៃ​ការ​ផ្តល់​ប្រាក់​រង្វាន់​តែ​ប៉ុណ្ណោះ ។ លោក​ថា ប្រាក់​រង្វាន់​ចំនួន​២០​លាន​រៀល​នោះ​គឺ​កើត​ចេញពី​គោលការណ៍​ស្នើ​សុំ​ពិសេស ដើម្បី​តម្រូវ​ទៅ​លើ​មេដាយ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន មិនមែន​កំណត់​១២០​លាន​រៀល​ដូច​ទៅ​នឹង​អនុក្រឹត្យ​នោះ​ទេ ។

លោក​បាន​ពន្យល់​ទៀត​ថា ករណី​មេដាយ​របស់​សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន​ពី​ប្រទេស​ថៃ គឺ​មាន​វិញ្ញាសា​ច្រើន​រហូត​ដល់​ទៅ​៥១​វិញ្ញាសា ហើយ​មេដាយ​ខ្លះ​ប្រកួត​ពី​ពីរ​ទៅ​បី​ប្រកួត​ក៏​ទទួល​បាន​មេដាយ​ដែរ ។ ហេតុនេះ​ក្រសួង​មិន​បាន​ចាត់​មេដាយ​នេះ​ជា​មេដាយមាស​ពិភពលោក​ពេញលេញ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​១២០​លាន​រៀល​នោះ​ទេ ដោយ​ក្រសួង​បាន​ប្រជុំ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ដោយ​ផ្តល់​ប្រាក់​រង្វាន់​ប្រមាណ​ជា​២០​លាន​រៀល​តែ​ម្តង ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​របស់​កីឡាករ​។

បន្ថែម​ពីលើ​នេះ​ទៀត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដដែល​ក៏​បាន​លើក​ឧទាហរណ៍​ភ្ជាប់​ទៅ​នឹង​កីឡា​ប៉េតង់​ផង​ដែរ ដែល​ជា​ប្រភេទ​កីឡា​ធ្លាប់​ដណ្តើម​បាន​មេដាយមាស​ពិភពលោក​ច្រើន​ជាងគេ ហើយ​តែង​ទទួល​បាន​នូវ​ប្រាក់​រង្វាន់​១២០​លាន​រៀល​ពេញ​ថា ប៉េតង់​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ម្តង​ៗ​មាន​ប្រទេស​ចូលរួម​ច្រើន ហើយ​វិញ្ញាសា​ត្រឹមតែ​៣​ទៅ​៤​វិញ្ញាសា​ប៉ុណ្ណោះ ទម្រាំ​ដណ្តើម​បាន​មេដាយមាស​១ កីឡា​ប៉េតង់​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ច្រើន តែបើ​ធៀប​នឹង​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន​មេដាយ​ខាងលើ​គឺ​ខុស​គ្នា ។

យ៉ាងណាមិញ បន្ទាប់​ពី​មានការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ពី​មហាជន​យ៉ាងច្រើន គេ​ពុំ​ទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ពី​ក្រសួង​អប់រំ ឬ​ភាគី​ពាក់ព័ន្ធ​នោះ​ទេ តែបើ​តាម​ការ​បញ្ជាក់​របស់​លោក​សំបូរ ណា​ន ជា​បងប្រុស​បង្កើត​របស់​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា ម្សិលមិញ​នេះ តំណាង​ក្រសួង​អប់រំ​បាន​កោះ​ប្រជុំ​ជាមួយ​បងប្អូន​ប្រុស​របស់​ខ្លួន ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ ដែល​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ គឺ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​៣៣៥​នាក់ មក​ពី​៥១​ប្រទេស ដោយ​ប្រកួត​នៅ​លើ​៥១​វិញ្ញាសា ក្នុង​នោះ​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ​៥​នាក់​ទៅ​ចូលរួម​ប្រកួត​ផង​ដែរ តែ​លទ្ធផល​មាន​តែ​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ ប៉ុណ្ណោះ​ដែល​ដណ្តើម​បាន​មេដាយមាស​១​គ្រឿង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]