ភ្នំពេញ៖ លីគកំពូលកម្ពុជាឆ្នាំ ២០១៩ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនាខាងមុខនេះហើយ។ មុននឹងព្រឹត្តិការណ៍បាល់ទាត់ដ៏សំខាន់នេះចាប់ផ្តើម “ខ្មែរឡូត” សូមជម្រាបជូនរឿងរ៉ាវសំខាន់ៗមួយចំនួន នៃលីគកំពូលកម្ពុជានៅខាងក្រោមនេះ៖

ពានរង្វាន់លីគកម្ពុជា និងពានរង្វាន់ ហ៊ុន សែន ខាប់

១. ចំនួនក្រុមដែលចូលរួមប្រកួត

ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជាឆ្នាំ ២០១៩ នេះ មានក្រុមចំនួន ១៤ ដែលចូលរួមប្រកួតប្រជែងដូចជាក្លិបបាល់ទាត់ វិសាខា, ភ្នំពេញក្រោន, បឹងកេត, ក្រសួងការពារជាតិ, ព្រះខ័នរាជ្យស្វាយរៀង, អាស៊ីអឺរ៉ុប, អង្គរថាយហ្គើរ, សូទីឡូអង្គរ, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ជើងឯករដូវកាលមុនគឺ ណាហ្គាវើល។ ដោយឡែកក្លិបចំនួន៣ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាតឱ្យចូលរួមលីគកំពូលនារដូវកាលថ្មីនេះគឺ គិរីវង់សុខសែនជ័យ, ក្លិបបាល់ទាត់ខេត្តកំពង់ចាម និងយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ ឆ្នាំ។ 

ក្រុមជើងឯកលីគកំពូលកម្ពុជា ២០១៨

២. ពេលវេលា និងទីតាំងប្រកួត

ចំពោះពេលវេលានៃការប្រកួតលីគកំពូលកម្ពុជានារដូវកាលនេះ ក៏មិនមានការខុសប្លែកពីរដូវកាលមុនដែរ ដោយរក្សាថ្ងៃ និងម៉ោងការប្រកួតឱ្យនៅដដែល ពោលគឺរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង ៣:៣០នាទីរសៀល និងម៉ោង ៦:០០នាទីល្ងាច។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការប្រកួតលីគកំពូលកម្ពុជានារដូវកាលនេះ ក្លិបទាំងអស់តម្រូវឱ្យមានកីឡដ្ឋានផ្ទាល់ខ្លួន ឬជួល ឬខ្ចីកីឡដ្ឋានណាមួយមករៀបចំការប្រកួតក្នុងរូបមន្តក្នុងដី ក្រៅដី (Home/Away)។

ដោយឡែកសម្រាប់ឆ្នាំ ២០១៩ នេះក្លិបដែលមានកីឡដ្ឋាន ឬទឹកដីផ្ទាល់ខ្លួនរួចរាល់រួមមាន៖

- ក្លិបភ្នំពេញក្រោន ប្រើប្រាស់កីឡដ្ឋាន RSN(តំបន់កាំកូស៊ីធី)

- ក្លិបក្រសួងការពារជាតិ ប្រើប្រាស់កីឡដ្ឋានកងយោធពលខេមរៈភូមិន្ទ (ស្តាតចាស់)

- ក្លិបព្រះខ័នរាជស្វាយរៀង ប្រើប្រាស់កីឡដ្ឋានខេត្តស្វាយរៀង

- ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ប្រើប្រាស់កីឡដ្ឋាន AEU Sport Park (ស្វាយជ្រំ)

- ក្លិបវិសាខា ប្រើប្រាស់កីឡដ្ឋានវិសាខា (ហ្គ្រេនភ្នំពេញ)

- ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ប្រើប្រាស់កីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី (ខេត្តតាកែវ)

- ក្លិបអគ្គិសនីកម្ពុជា ប្រើប្រាស់កីឡដ្ឋានអគ្គិសនីកម្ពុជា (ទួលសង្កែ)

- ក្លិបគិរីវង់សុខសែនជ័យ ប្រើប្រាស់កីឡដ្ឋានខេត្តតាកែវ

- ក្លិបអង្គរថាយហ្គើរ និងក្លិបសូទីឡូអង្គរ ប្រើប្រាស់កីឡដ្ឋានរួមគឺ កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)

- ក្លិបបាល់ទាត់ខេត្តកំពង់ចាម ប្រើប្រាស់ទីលានវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែន មេមត់។

ចំពោះក្លិបចំនួន ៣ ផ្សេងទៀតដែលមិនទាន់សាងសង់កីឡដ្ឋានរបស់ខ្លួនរួចរាល់មានដូចជា៖

- ក្លិបបាល់ទាត់បឹងកេត ដែលកំពុងសាងសង់កីឡដ្ឋានរបស់ខ្លួន ត្រូវខកខានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងដី ៣ប្រកួតដំបូង។ ក្លិបបឹងកេតបានស្នើសុំប្រកួតជាក្រុមភ្ញៀវសិន នឹងទទួលធ្វើជាម្ចាស់ផ្ទះពេលកីឡដ្ឋានរបស់ខ្លួនរួចរាល់ ហើយគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) ក៏បានយល់ព្រមលើសំណើនេះរួចរាល់។

- ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសុំប្រើប្រាស់កីឡដ្ឋានរបស់ក្លិបអគ្គិសនីកម្ពុជា ធ្វើជាទឹកដីបណ្តោះអាសន្នរបស់ខ្លួនសិន ដោយមូលហេតុកីឡដ្ឋាន 7NG កំពុងស្ថិតក្រោមការសាងសង់។ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ អាចនឹងប្រើប្រាស់កីឡដ្ឋាន 7NG របស់ខ្លួនវិញនៅជើងទី២ នៃពានរង្វាន់ Metfone Cambodian League។

- ក្លិប Nagaworld នឹងប្រើប្រាស់កីឡដ្ឋានស្តាតចាស់ សម្រាប់ជាទឹកដីរបស់ខ្លួននារដូវកាល ២០១៩ នេះតែម្តង។

ពហុកីឡដ្ឋានជាតិ (រូបភាព៖ CNCC)

៣. រូបមន្តនៃការប្រកួត

ចំពោះពានរង្វាន់លីគកំពូលកម្ពុជានាឆ្នាំនេះ នឹងប្រើប្រាស់រូបមន្តវិលជុំសន្សំពិន្ទុ ពោលគឺក្រុមណាដែលមានពិន្ទុច្រើនជាងគេ បន្ទាប់ពីឆ្លងកាត់ការប្រកួតក្នុងដី និងក្រៅដីចំនួន ២៦សប្តាហ៍រួចរាល់ហើយ គឺនឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់នេះតែម្តង ដោយពុំមានការប្រកួតខ្វែង ឬរូបមន្តណាផ្សេងទៀតឡើយ។

ដោយឡែក រូបមន្តស្វែងរកជើងឯកសម្រាប់ក្រុមដែលមានពិន្ទុស្មើគ្នារួមមាន៖ ទី១ គ្រាប់ចំណេញ ទី២ គ្រាប់ទាត់ចូលគូប្រកួត ទី៣ ជំនួបប៉ះគ្នា (Head To Head) និងទី៤ ការលេងដោយយុត្តិធម៌ ដោយទទួលបានកាតលឿង កាតក្រហមតិចជាង (Fair Play)។ 

ការប្រកួតលីគកំពូលកម្ពុជា ២០១៨

៤. ប្រាក់រង្វាន់

បើយោងតាមលោកឆាំង ពិសិដ្ធ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) បានបញ្ជាក់ឱ្យដឹងថា ចំពោះប្រាក់រង្វាន់លីគកំពូលកម្ពុជា និងពានរង្វាស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ឆ្នាំ ២០១៩នេះ CNCC នឹងធ្វើការជម្រាបជូននៅក្នុងសន្និសីទសារព័ត៌មាននាពេលក្រោយ៕ 

លោក ឆាំង ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]