ភ្នំពេញ៖ អ្នកប្រើប្រាស់ ផាយ ផេ (Pi Pay) ទូទាំងប្រទេសកម្ពុជាឥទ្បូវនេះ នឹងទទួលបានវិធីទូទាត់ប្រាក់ថ្មីមួយបន្ថែមទៀត ដោយធ្វើការចុះហត្ថលេខាលើភាពជាដៃគូជាមួយធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់។ ម្ចាស់គណនី អ អេច ប៊ី និង ផាយ ផេ អាចធ្វើការផ្ទេរប្រាក់រវាងកម្មវិធីទូរស័ព្ទ RHB Mobile Banking និង Pi Pay ដោយមិនគិតកម្រៃសេវា ហើយព្រមទាំងអាចទូទាត់សម្រាប់ការទិញទំនិញ និងសេវាសកម្មភាពផ្សេងៗនៅហាងដៃគូរបស់ ផាយ ផេ។

លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានកត់សម្គាល់ថា ផាយ ផេ (Pi Pay) បានក្លាយជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃសម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ២០១៧ ហើយមានពាណិជ្ជករដៃគូជាច្រើនបន្តកើនទ្បើងជាលំដាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងសម្រួលដល់ការទូទាត់។ លោកបានឲ្យដឹងថា៖ 

«នេះគឺជាគំរូមួយដ៏ល្អមួយទៀតរបស់ក្រុមហ៊ុន ផាយ ផេ ក្នុងការផ្តល់ជូនភាពងាយស្រួល និងរហ័សដល់អ្នកប្រើប្រាស់ក្នុងការទូទាត់លើទំនិញ និងសេវាកម្មផ្សេងៗ។ យើងតែងតែខិតខំប្រឹងប្រែងក្នុងការស្វែងរកមធ្យោបាយដ៏ប្រសើរសម្រាប់អ្នកប្រើប្រាស់ក្នុងការដាក់ប្រាក់ក្នុងគណនី ផាយ ផេ ដោយធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនដូចជា ធនាគារ ABA ស្ថាបនា (Sathapana) និង អេ អឹម ខេ (AMK) និងដៃគូសហការផ្សេងទៀតនៅពេលខាងមុខ ហើយយើងខ្ញុំពិតជារំភើបក្នុងការដាក់បញ្ចូលធនាគារ អ អេច ប៊ី (RHB) ដែលជាធនាគាររបស់ប្រទេសម៉ាឡេស៊ី ក្នុងវិធីទូទាត់ប្រាក់»។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

លោក Adissadikin Ali ប្រធានផ្នែកអាជីវកម្មអន្តរជាតិរបស់ធនាគារ RHB បានបញ្ជាក់ថា ស្ថិតក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី RHB មានសាខាជាង ៣០០ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានដូចជា សិង្ហបុរី ថៃ វៀតណាម ឡាវ និងហុងកុង។ នៅក្នុងប្រទេសកម្ពុជាវិញ ធនាគារ RHB មានសាខាចំនួន ១២ ដែលក្នុងនោះមាន ៨ សាខា នៅក្នុងរាជធានីភ្នំពេញ។ លោកបានបន្តថា៖ 

«តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ផាយ ផេ យើងមានគោលបំណងក្នុងការពង្រឹងសមត្ថភាពផ្នែកឌីជីថលរបស់យើង នៅក្នុងតំបន់ឥណ្ឌូចិន និងបង្កើតប្រព័ន្ធតភ្ជាប់សម្រាប់ការទូទាត់ដោយមិនប្រើក្រដាសប្រាក់។ យើងពិតជាមានមោទនភាពក្នុងការសហការជាមួយនឹងដៃគូ ដែលមានកេរ្តិ៍ឈ្មោះរុងរឿង និងជំហរដ៏រឹងមាំនៅក្នុងតំបន់ ហើយយើងខ្ញុំជឿជាក់ថា នឹងអាចផ្តល់ជូនដំណោះស្រាយដ៏ល្អប្រកបដោយអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដល់អតិថិជនរបស់យើង។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការស្វែងរកគំនិតថ្មីៗ និងអនុញ្ញាតឲ្យយើងផ្តល់ជូនដំណោះស្រាយ និងការផ្តល់ជូនកាន់តែប្រសើរ»។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

ជាមួយនឹងអ្នកប្រើប្រាស់ជាង ២៥ ម៉ឺននាក់ និងការផ្ទេរប្រាក់លើសពី ១៤០ លានដុល្លារអាមេរិកតាមរយៈកម្មវិធី ផាយ ផេ (Pi Pay) បានបង្ហាញឲ្យឃើញថា ផាយ ផេ បានផ្លាស់ប្តូរការទូទាត់ដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកផ្តល់ការទូទាត់សម្រាប់កម្មវិធី Alipay WeChat និងទទូលបានអាជ្ញាប័ណ្ណពី UnionPay ក្រុមហ៊ុន ផាយ ផេ ក៏បានបង្កើនភាពងាយស្រួលក្នុងការទូទាត់សម្រាប់ភ្ញៀវទេសចររាប់លាននាក់ ដែលមកកាន់ប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ដែលមានប្រជាប្រិយភាពដូចជា ខេត្តសៀមរាប និងក្រុងព្រះសីហនុ៕

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]