រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នករកសុីគួកជេរដីធ្លីម្នាក់ បានបាត់បង់ទ្រព្យសម្បត្តិជិត៧ពាន់ដុល្លារ ដោយសារខណៈគាត់ដើរតាមផ្លូវជាមួយបុរសជាប្ដីកាន់កាបូបដៃមួយដែលមានលុយគ្រឿងអលង្ការមាស និងទូរស័ព្ទលើកមកបាំងថ្ងៃមុខគាត់ ក៏មានចោរ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់យកបានសម្រេចជិះម៉ូតូគេចបាត់ស្រមោលតែម្តង ។
ហេតុការណ៍នេះ កើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៦ មីនា ឆ្នាំ២០១៩ នៅជតិផ្លូវរថភ្លើង ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលកាកាប២ ស្ថិតនៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយដោយគ្រាន់តែដឹងថា គាត់គឺជាអ្នករកសុីគួកជេរដី ប៉ុណ្ណោះ ហើយមានទីលំនៅក្បែរកន្លែងកើតហេតុនោះដែរ។ នៅក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះមាន លុយចំនួន១,៦៥០ដុល្លារ, ខ្សែដៃមាស ,ខ្សែកមាសសរុប ទម្ងន់៣តម្លឹង៣ជី,ព្រនទាំងទូរស័ព្ទដៃចំនួន៣គ្រឿង។
ចំណែកក្រុមចោរមានគ្នា២នាក់ស្លៀកពាក់សុីវិលជិះម៉ូតូ ម៉ាកហុងដាPCX ពណ៌ស មិនចាំស្លាកលេខ១គ្រឿង។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះបានដើរជាមួយបុរសជាប្តីចេញពីផ្ទះ ដើម្បីរកម៉ូតូកង់បីជិះ ដោយក្នុងខណៈនោះនាងដើរក្រោយប្តីហើយនាងបានយកកបូបនោះលើកបាំងថ្ងៃ ។លុះពេលដើរទៅដល់ត្រង់ចំណុចផ្លូវរថភ្លើងមុខប៉ុស្តិ៍នគរបាលកាកាប២ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកហុងដាPCX ពណ៌ស មិនចាំស្លាកលេខ១គ្រឿងទៅដល់ឆក់យកកាបូបពីដៃ បានសម្រេចរួច ជិះរត់គេចខ្លួនកាត់តាមផ្លូវមុខប៉ុស្តិ៍នគរបាលក្នុងទិសដៅពីកើតទៅលិចបាត់ស្រមោល ។ក្រោយពេលកើតហេតុស្ត្រីរូបនោះបានត្រឹមតែទឹកភ្នែកស្ដាយទ្រព្យសម្បត្តិ និងប្ដឹងសុំការអន្តរាគមន៍ពីនគរបាលឲ្យជួយស្រាវជ្រាវប៉ុណ្ណោះ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]