រាជធានីភ្នំពេញ​៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដោយ​សហការ​ជាមួយ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើកដំបូង​ស្ដីពី​«​គោលនយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​» ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២-១៣​ខែមីនា នៅ​សណ្ឋាគារ​ភ្នំពេញ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​មួយ​នេះ នៅ​ថ្ងៃទី​៦​ខែមីនា​។

សិក្ខាសាលា​នេះ ត្រូវ​រៀបចំឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល​ជា​ទស្សនាទាន និង​ផែនទី​បង្ហាញផ្លូវ សម្រាប់​រៀបចំ​សេចក្ដីព្រាង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។ ក្រុមហ៊ុន​ធំៗ ដូចជា Facebook, Microsoft, Alibaba, Unionpay, Visa, Huawei, Grab និង​ធុរកិច្ច​ថ្មីៗ (Startup) ព្រមទាំង​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួនទៀត នឹងចូលរួម​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​ទស្សនៈ​ក្នុង​សិក្ខាសាលា​។

​សិក្ខាសាលា​នេះ​នឹងមាន​ការធ្វើ​បទ​បង្ហាញ​ពីបទ​ពិសោធន៍​ប្រទេស​ក្នុង​តំបន់ ក្នុងការ​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់ ដែលមាន​ប្រទេស​ដូចជា​ថៃ ម៉ាឡេស៊ី និង​ប្រទេស​សិង្ហ​បុរី​ជាដើម​។ អ្នកចូលរួម​ផ្សេងទៀត​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​សាធារណការ ធនាគារ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ អង្គការ​អន្តរជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ សាកលវិទ្យាល័យ តំណាង​ស្ថានទូត ដែល​សរុប​ប្រមាណ ៣០០​នាក់​។​

«​សិក្ខាសាលា​នេះ​ក៏​ជា​វេទិកា​ជជែក​ពិភាក្សា​កម្រិត​គោលនយោបាយ​ដ៏​សំខាន់ ហើយ​លទ្ធផល​ចេញពី​ការពិភាក្សា​នេះ​មិន​ត្រឹមតែ​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ធាតុ​ចូលក្នុង​ការជំរុញ​ពិពិធ​កម្ម និង​បង្កើន​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។ សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ដូច្នេះ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]