ថៃ៖ រឿងរ៉ាវថៅកែទុរេនថៃ ប្រកាសជ្រើសរើសកូនប្រសាប្រុស នៅលើបណ្តាញសង្គម រហូតសុះសាយដល់សារព័ត៌មាន ក្នុងស្រុកជាច្រើនចុះផ្សាយព្រោងព្រាត នៅតែជាប្រធានបទដ៏ក្តៅគគុកក្នុងប្រទេសថៃ ខណៈឯកំលោះៗដាក់ពាក្យក៏មានចំនួនច្រើន ដែលធ្វើឲ្យថៅកែចិត្តសឿងនេះ ក៏ពិបាកនិងឈឺក្បាលច្រើនក្នុងការសម្រេចលើរឿងមួយនេះផងដែរ។

លោក Anon និងកូនស្រីពៅ

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ លោកថៅកែទុរេន Anon វ័យ៥៨ឆ្នាំរូបនេះ រួមនឹងកូនស្រីពៅរបស់លោក ក៏បានបើកជាសន្និស័ទកាសែតមួយ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ជុំវិញនឹងដំណើរការ ស្វែងរកអនាគតកូនប្រសាប្រុសនេះ ដោយសារតែ បើគិតមកទល់ពេលនេះ កំលោះៗដាក់ពាក្យក៏មានចំនួនច្រើន ពិសេសថែមទាំង ទូរស័ព្ទមកលោករាល់ថ្ងៃ សឹងតែ២៤ម៉ោង រំខានរកតែពេលសម្រាកពុំបាន។

លោកថៅកែទុរេន Anon បានថ្លែងក្នុងសន្និស័ទកាសែតជាមួយនឹងកូនស្រីយ៉ាងដូច្នេះថា អ្នកដាក់ពាក្យចង់ធ្វើជាកូនប្រសារបស់លោកទាំងអស់ គឺត្រូវតែមកជួបលោកនៅថ្ងៃទី១ ដើមខែក្រោយនេះ (ខែមេសា) ព្រោះលោកនឹងមានការងារឲ្យពួកគេធ្វើ។

លោក Anon និងកូនស្រីពៅ

លោកបញ្ជាក់ថា អ្នកដាក់ពាក្យទាំងអស់ ត្រូវយកសម្លៀកបំពាក់ ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមកជាមួយផង (ស្នាក់នៅ និងធ្វើការ) ហើយត្រូវមកជួបជុំគ្នានៅផ្សារទុរេនរបស់លោក ក្នុងខេត្ត Chanthaburi ។ ព្រោះលោកនឹងឲ្យអ្នកទាំងនោះធ្វើការឲ្យលោករយៈពេល៣ខែ ដោយពុំឲ្យប្រាក់ឈ្នួលនោះឡើយ។ ប្រសិនបើនរណាតស៊ូបាន អ្នកនោះនឹងត្រូវបានជ្រើសរើសធ្វើជាកូនប្រសារបស់លោក។ ប៉ុន្តែក្នុងករណីនៅសល់បុរសច្រើននាក់ ឬ២នាក់ ការងារមួយនេះនឹងត្រូវបន្តធ្វើ ក្នុងរយៈពេល៣ខែទៀត រហូតទាល់តែរកឃើញបុរសចុងក្រោយគេបង្អស់ដែលអាចតស៊ូបាន។

ថៅកែទុរេនរូបនេះ បានសង្កត់ធ្ងន់ថា ថ្វីបើការងារសាកល្បងមួយនេះ វាហាក់បីដូចជាធ្ងន់ធ្ងរ ឬរាងពិបាកបន្តិចមែនពិត ប៉ុន្តែលោកចង់រកឲ្យឃើញកូនប្រសាពិត ដែលមានគំនិតនិងជាមនុស្សឧស្សាហ៍ព្យាយាមនឹងការងារ ឃើញជាភស្ថុតាងស្ដែងៗនឹងភ្នែក ហើយគេក៏នឹងអាចរីកចម្រើនក្នុងជំនួញមួយនេះ ជាស្ដេចផ្លែឈើ ឬ «King of fruit» ផងដែរ។

កូនស្រីពៅលោក Anon

លោក Anon បានសង្កត់ធ្ងន់ទៀតថា ដោយឡែក ចំពោះការសន្យារបស់លោក ថានឹងផ្តល់ រថយន្ត១០គ្រឿង ផ្ទះ១ខ្នង និងលុយ ១០លានបាត (ប្រហែល ៣១ម៉ឺនដុល្លារអាមេរិក) រួមទាំងទ្រព្យសម្បត្តិមួយចំនួនផ្សេងទៀតនោះ គឺលោកពិតជានឹងប្រគល់វាទៅឲ្យអនាគតកូនប្រសាលោក និងកូនស្រីពៅលោកមែន ប្រសិនណាបើអ្នកដាក់ពាក្យទាំងនោះ អាចបំពេញការងារមួយនេះបានសម្រេច បង្ហាញឲ្យឃើញពីគុណតម្លៃរបស់ពួកគេបាន។

ដោយឡែក នៅពេលសួរដល់រឿង កំលោះសង្ហាដែលកំពុងតែល្បី និងមានការចាប់អារម្មណ៍ខ្ពស់ ពីបណ្តាអ្នកលេងបណ្តាញសង្គម ពោលគឺលោក Premyosapon Khongsai ថានឹងអាចមានសង្ឃឹមក្លាយខ្លួនជាកូនប្រសានោះ លោកថៅកែទុរេន Anon រូបនេះ បានធ្វើការឆ្លើយតបវិញថា ជុំវិញនឹងករណីនេះ គឺវាមិនអាចយកជាការបាននោះទេ។

លោក Premyosapon Khongsai
លោក Premyosapon Khongsai

លោកថា អ្នកកំលោះរូបសង្ហា Premyosapon គាត់សង្ហាជ្រុលពេកដែលនឹងអាចធ្វើឲ្យ កូនស្រីរបស់លោកខ្ទាំបេះដូងបាន។ ស្របពេលដែលកូនស្រីពៅរបស់លោក Anon នាង Kanjasita (អាយុ២៦) ក៏មិនហ៊ានជំទាស់នឹងបំណងឪពុក ដោយអ្វីៗនាងធ្វើទៅតាមការសម្រេចចិត្តរបស់ឪជានិច្ច។

លោក Premyosapon Khongsai

Kanjasita បាននិយាយថា មិនមែននាងមិនធ្លាប់មានសង្សារ ឬមិត្តប្រុសនឹងគេនោះទេ ពីមុនមកនាងក៏ធ្លាប់មានមិត្តប្រុសម្នាក់ជាជនជាតិចិន ចូលមកក្នុងជីវិតរបស់នាងផងដែរ កាលនាងអាយុខ្ទង់ ២២ ២៣ឆ្នាំ។ នាងនឹងមិត្តប្រុសបានស្រលាញ់គ្នាតែ ២ឆ្នាំប៉ុណ្ណោះ ទំនាក់ទំនងរបស់នាងក៏បានប្រេះឆា (មិត្តប្រុសនាងមានថ្មី)។

ស្រីស្អាតកូនពៅថៅកែទុរេនរូបនេះ បានបន្តទៀតថា ក្រោយមកនាងពិតជាខូចចិត្ត និងខ្ទាំបេះដូងយ៉ាងខ្លាំង រហូតធ្វើឲ្យនាងលែងចង់ស្គាល់បុរសណាទៀត ទើបត្រូវឪពុកនាងជាអ្នកផ្តួចផ្តើមជាថ្មី ម្យ៉ាងឪពុករបស់នាងក៏កាន់តែចាស់ ដូច្នេះនាងមានតែស្របតាមបំណងឪពុករបស់នាងប៉ុណ្ណោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ចុចអានអត្តបទចាស់៖ 

១. ចង់ធ្វើកូនប្រសាគាត់ទេ? ថៅកែទុរេនថៃ ប្រកាសឲ្យឡាន ១០គ្រឿង ផ្ទះ១ខ្នង និងលុយរាប់ម៉ឺនដុល្លារ ឲ្យតែកំលោះៗណាហ៊ានធ្វើរឿងទាំងនេះ!

២. ត្រូវប៉ាន់ហើយ! កំលោះសង្ហារូបនេះ អាចនឹងមានសង្ឃឹមខ្ពស់ បានធ្វើជាកូនប្រសាថៅកែទុរេនថៃ ដែលល្បីថាឲ្យឡាន១០គ្រឿង ផ្នះ១ខ្នង និងលុយរាប់ម៉ឺនដុល្លារ!

លោក Anon
លោក Anon
កូនស្រីពៅលោក Anon
កូនស្រីពៅលោក Anon
លោក Anon និងកូនស្រីពៅ
លោក Anon
លោក Anon
លោក Anon
កូនស្រីពៅលោក Anon
កូនស្រីពៅលោក Anon
គ្រឿងអលង្ការរបស់លោកថៅកែទុរេន Anon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]