ហុងកុង៖ តារាសម្តែងមុខស្រស់លោក Chow Yun-fat មិនត្រឹមតែគ្រោងនឹងបរិច្ចាគប្រាក់ទាំងអស់ទៅសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានជួយផ្លាស់ប្តូរជីវិតស្រ្តីមេម៉ាយម្នាក់ ដែលធ្លាប់តែជួបផលលំបាកក្នុងការរកស៊ី ស្ទើរតែក្ស័យធនទៀតផង។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា អ្នកនាង Wang Lili គឺជាស្រ្តីមេមាយកូន២ ដែលធ្លាប់ជួបឧបសគ្គខ្លាំងក្នុងការរកស៊ីស្ទើរតែក្ស័យធនបិទហាង បន្ទាប់ពីប្តីនាង (ដែលជាមេគ្រួសារ) បានលាចាកលោកបាត់ទៅក្នុងឆ្នាំ ២០១៣។

អ្នកនាងធ្លាប់ទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដែរ ប៉ុន្តែអ្នកនាង Wang ចង់រកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់កូនរបស់នាង។ ដូច្នេះអ្នកនាងក៏ទៅខ្ចីប្រាក់គេចំនួន ១ លានដុល្លារហុងកុង (១២៧,០០០ ដុល្លារអាមេរិក) ដើម្បីរកស៊ី។ 

លោក Chow Yun-fat និងអ្នកនាង Wang

ប៉ុន្តែជាអកុសល ការរកស៊ីលក់គុយទាវកាត់ ដែលមានទីតាំងនៅក្នុងទីក្រុង Tai Po មិនសូវជាកាក់កបប៉ុន្មាននោះទេ ពោលគឺអ្នកនាងខាតអស់ជាង ៥,០០០ យ័ន (៧៤៦ ដុល្លារ) ជារៀងរាល់ខែ។

ក្រោយមក អ្នកនាង Wang ក៏បានទៅរៀនបន្ថែមពីជំនាញធ្វើគុយទាវកាត់ពីប្តីប្រពន្ធមួយគូរស់នៅក្នុងទីក្រុងសិនជិន។ បន្ទាប់មក ការរកស៊ីរបស់នាងមានការគាំទ្រច្រើន រហូតដល់ថ្ងៃមួយលោក Chow Yun-fat ក៏បានមកហាងអ្នកនាង។

អ្នកនាងបាននិយាយថា៖

«នៅថ្ងៃមួយ មានភ្ញៀវជាច្រើនបានតម្រង់ជួរនៅខាងក្រៅហាងរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំបានឮមនុស្សម្នាក់ស្រែកហៅខ្ញុំ។ ភ្លាមៗនោះ ខ្ញុំក៏ងាកមើលស្រាប់តែឃើញលោក “Chow Yun-fat”។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ព្រោះតារាល្បីដូចជាលោក សុខចិត្តធ្វើដំណើរមកញុំាអាហារនៅកន្លែងដាច់ស្រយាលបែបនេះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ព្រោះតែគាត់ ទើបធ្វើឱ្យមនុស្សម្នាជាច្រើន ចាប់ផ្តើមមកញុំាអាហារនៅហាងរបស់ខ្ញុំ។ គាត់នាំសំណាងឱ្យខ្ញុំ ហើយព្រោះតែអីចឹងទើបហាងរបស់ខ្ញុំមានការរីកចម្រើនខ្លាំងឡើង។ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់។» 

អ្នកនាង Wang

បន្ទាប់ពីលោក Chow Yun-fat បានមកញុំាអាហារនៅកន្លែងនាង ក្រោយមក មនុស្សម្នាក៏ចាប់ផ្តើមនាំគ្នាមកញុំាអាហារនៅកន្លែងនាងដែរ ហើយការរកស៊ីរបស់នាងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកនាង Wang ក៏បានគិតថានឹងសងគុណលោក Chow Yun-fat ផងដែរ ប៉ុន្តែលោកមិនព្រមទទួលយកប្រាក់ និងអាហារដោយឥតគិតថ្លៃនោះទេ។

បច្ចុប្បន្ន អ្នកនាង Wang បានប្តេជ្ញាចិត្តផ្តល់ប្រាក់មួយចំនួនជួយទៅដល់ក្មេងកំព្រា និងក្មេងដែលមានម្តាយ ឬឪពុកទោលជាដើម៕

អ្នកនាង Wang និងលោក Chow Yun-fat

អត្ថបទចាស់

តារាសម្តែងមុខស្រស់ Chow Yun Fat ដែលអ្នករាល់គ្នាស្គាល់ថាជាបិតាល្បែង ពេលនេះកំពុងធ្វើឱ្យពិភពលោកមានការស្ងើចសរសើរជាខ្លាំងម្តងទៀត។

កាលពីពេលថ្មីៗកន្លងទៅនេះ តារាហុងកុងវ័យ ៦៣ ឆ្នាំរូបនេះបានទទួលបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានកូរ៉េខាងត្បូង ដែលគេបានសួរលោកម្តងទៀតពាក់ព័ន្ធនឹងរឿងធ្វើសប្បុរសធម៌។

លោកបាននិយាយថា លោកគ្រោងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ដែលត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៥.៦ ពាន់លានដុល្លារហុងកុង (៧១៤ លានដុល្លារអាមេរិក) សម្រាប់ការធ្វើសប្បុរសធម៌ បន្ទាប់ពីលោកលាចាកលោកនេះទៅ ហើយប្រពន្ធរបស់លោកក៏មានការគាំទ្រជាខ្លាំងចំពោះគំនិតនេះដែរ។

លោកបានថ្លែងថា៖ «ប្រពន្ធរបស់ខ្ញុំគាំទ្រយ៉ាងមុតមាំនូវការសម្រេចចិត្តរបស់ខ្ញុំ។ នៅពេលអ្នកស្លាប់ទៅ អ្នកមិនអាចយកលុយទាំងនេះទៅជាមួយអ្នកទេ ចុះហេតុអ្វីក៏មិនឱ្យអ្នកដែលខ្វះខាតទៅ?» 

លោក Chow Yun-fat និងភរិយា

កាលពីខែតុលាកន្លងទៅ ភរិយា Chow Yun Fat អ្នកនាង Jasmine Tan បានទម្លាយប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាប្តីរបស់អ្នកនាងមានទ្រព្យសម្បត្តិច្រើនក្តី ក៏គាត់រស់នៅក្នុងជីវិតសាមញ្ញបំផុតពោលគឺគាត់ចាយតែ ៨០០ ដុល្លារហុងកុង (១០២ ដុល្លារអាមេរិក) តែប៉ុណ្ណោះក្នុងមួយខែ។ លើសពីនេះទៅទៀត គាត់ប្រើទូរស័ព្ទ Nokia ស៊េរីចាស់អស់ ១៧ ឆ្នាំ រហូតដល់វាខូច ទើបគាត់ដាច់ចិត្តប្តូរវា។

បន្ថែមពីនេះទៀត លោក Chow Yun Fat ចូលចិត្តដើរ និងជិះឡានក្រុងណាស់ លោកបានបន្តនិយាយទៀតថា៖ «តើអ្នកណាទៅចាប់អារម្មណ៍ខ្ញុំនោះ? បើមនុស្ស ៩០% ទៅហើយ ពួកគេមើលតែទូរស័ព្ទហ្នឹង។»

ក្រៅពីការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ លោកក៏ជាមនុស្សចិត្តល្អ និងសាមញ្ញាបំផុតពោលគឺកាលពីមុន លោកបានជួយបោសសម្អាតទីក្រុង បន្ទាប់ពីមានព្យុះទីហ្វុងកើតឡើងនៅទីក្រុងហុងកុង និងតម្រង់ជួរទៅទិញសំបុត្រកុនដើម្បីមើលរឿងរបស់ខ្លួនឯងទៀត។

ចុងក្រោយលោកបាននិយាយទៀតថា៖ «ខ្ញុំមានអារម្មណ៍ថា លុយទាំងអស់នេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេ ខ្ញុំគ្រាន់តែទុកវាបណ្តោះអាសន្នតែប៉ុណ្ណោះ៕»   

លោក Chow Yun-fat
លោក Chow Yun-fat
លោក Chow Yun-fat
លោក Chow Yun-fat
លោក Chow Yun-fat និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]