ភ្នំពេញ៖ បើយោងតាមសន្និសីទសារព័ត៌មាន ស្តីពីការបើករដូវកាលថ្មីនៃពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់មុននេះបានឱ្យដឹងថា ចាប់ពីរដូវកាល ២០១៩ នេះតទៅ ពានរង្វាន់ថ្នាក់ជាតិទាំងពីរនេះនឹងលែងប្រើប្រាស់ពហុកីឡដ្ឋានជាតិសម្រាប់រៀបចំការប្រកួតទៀតហើយ។ សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមីនា នេះតទៅ។

ពានរង្វាន់សម្តេចហ៊ុន សែនខាប់ និងពានរង្វាន់លីគកំពូលកម្ពុជា

បើតាមការឱ្យដឹងបន្ថែមពីលោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៩តទៅ ក្លិបនីមួយៗនៅលីគកំពូលកម្ពុជា មិនត្រូវបានអនុញ្ញាតឱ្យរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិទៀតឡើយ ដោយតម្រូវឱ្យរៀបចំការប្រកួតនៅកីឡដ្ឋានរៀងៗខ្លួន ក្នុងរូបមន្តក្នុងដី ក្រៅដី។ ដោយឡែកក្លិបដែលមិនទាន់សាងសង់កីឡដ្ឋានរួចរាល់ អាចស្នើខ្ចី ឬជួលកីឡដ្ឋានផ្សេងសម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះបាន។

លោក ឆាំង ពិសិដ្ឋ

ឆ្នាំ ២០១៩ នេះ ក្លិបនៅលីគកំពូលកម្ពុជានឹងត្រូវប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួនមានដូចជា៖

- ក្លិបភ្នំពេញក្រោន ប្រើប្រាស់កីឡដ្ឋាន RSN

- ក្លិបក្រសួងការពារជាតិ ប្រើប្រាស់កីឡដ្ឋានកងយោធពលខេមរៈភូមិន្ទ (ស្តាតចាស់)

- ក្លិបព្រះខ័នរាជស្វាយរៀង ប្រើប្រាស់កីឡដ្ឋានខេត្តស្វាយរៀង

- ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ប្រើប្រាស់កីឡដ្ឋាន AEU Sport Park (ស្វាយជ្រំ)

- ក្លិបវិសាខា ប្រើប្រាស់កីឡដ្ឋានវិសាខា

- ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ប្រើប្រាស់កីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី

- ក្លិបអគ្គិសនីកម្ពុជា ប្រើប្រាស់កីឡដ្ឋានអគ្គិសនីកម្ពុជា

- ក្លិបគិរីវង់សុខសែនជ័យ ប្រើប្រាស់កីឡដ្ឋានខេត្តតាកែវ

- ក្លិបអង្គរថាយហ្គើរ និងក្លិបសូទីឡូអង្គរ ប្រើប្រាស់កីឡដ្ឋានរួមគឺ កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)

- ក្លិបបាល់ទាត់ខេត្តកំពង់ចាម ប្រើប្រាស់ទីលានវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែន មេមត់។

ចំពោះក្លិបចំនួន ៣ ផ្សេងទៀតដែលមិនទាន់សាងសង់កីឡដ្ឋានរបស់ខ្លួនរួចរាល់មានដូចជា៖

- ក្លិបបាល់ទាត់បឹងកេត ដែលកំពុងសាងសង់កីឡដ្ឋានរបស់ខ្លួន ត្រូវខកខានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងដី ៣ប្រកួតដំបូង។ ក្លិបបឹងកេតបានស្នើសុំប្រកួតជាក្រុមភ្ញៀវសិន នឹងទទួលធ្វើជាម្ចាស់ផ្ទះពេលកីឡដ្ឋានរបស់ខ្លួនរួចរាល់ ហើយគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) ក៏បានយល់ព្រមលើសំណើនេះរួចរាល់។

- ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសុំប្រើប្រាស់កីឡដ្ឋានរបស់ក្លិបអគ្គិសនីកម្ពុជា ធ្វើជាទឹកដីបណ្តោះអាសន្នរបស់ខ្លួនសិន ដោយមូលហេតុកីឡដ្ឋាន 7NG កំពុងស្ថិតក្រោមការសាងសង់។ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ​ អាចនឹងប្រើប្រាស់កីឡដ្ឋាន 7NG របស់ខ្លួនវិញនៅជើងទី២ នៃពានរង្វាន់ Metfone Cambodian League។

- ក្លិប Nagaworld នឹងប្រើប្រាស់កីឡដ្ឋានស្តាតចាស់ សម្រាប់ជាទឹកដីរបស់ខ្លួននារដូវកាល ២០១៩ នេះតែម្តង៕

ពហុកីឡដ្ឋានជាតិអូឡាំពិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]