ម៉ាឡេស៊ី៖ ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ទើបធ្វើឱ្យមនុស្សអាចទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួលបំផុត។ អ្នកអាចជួប ឬស្គាល់សង្សាររបស់អ្នកតាមបណ្តាញសង្គមក៏ថាបានដែរ។ អ្នកខ្លះសឹងតែអាចស្វែងរកដៃគូជីវិតឆ្លងប្រទេសក៏មានដែរ។ តួយ៉ាងដូចជារឿងរ៉ាវរបស់គូស្នេហ៍មួយគូនេះយ៉ាងអីចឹង។

អ្នកនាង Yang Xiaolan អាយុ ២៨ឆ្នាំ ជានិសិ្សតមកពីប្រទេសចិនដែលធ្លាប់បានសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី។ នាងបានស្គាល់លោក Shakolin ជានិស្សិតជនជាតិម៉ាឡេស៊ី ដែលធ្លាប់ទៅសិក្សានៅប្រទេសស៊ីរី តាមរយៈបណ្តាញសង្គមកាលពីជាង ១០ឆ្នាំមុន។ ពួកគេទាំងពីរម្នាក់ស្គាល់គ្នាតាមរយៈបណ្តាញសង្គម Friendster

ក្រោយមក ពួកគេក៏បានឆាតទំនាក់ទំនងគ្នាជាហូហែជាប្រចាំ។ ១ ឆ្នាំកន្លងផុតទៅ លោក Shakolin បានត្រលប់ពីប្រទេសស៊ីរី មកកាន់ប្រទេសម៉ាឡេស៊ីវិញ ហើយពួកគេក៏បានជួបគ្នាដោយផ្ទាល់ជាលើកដំបូងតាំងពីពេលនោះមក។ សេចក្តីសេ្នហារបស់ពួកគេកាន់តែមានភាពស៊ីជម្រៅខ្លាំងឡើងៗ ហើយក៏កាន់តែស្រលាញ់គ្នាខ្លាំងឡើងៗផងដែរ។

អ្នកនាង Xiaolan និងស្វាមី

បើទោះបីជាជាតិសាសន៍ វប្បធម៌ មានភាពខុសគ្នាក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ នៅតែអាចជម្នះគ្រប់ឧបសគ្គនិងអាចរៀបការជាមួយគ្នាបានក្នុងរយៈពេល ៤ឆ្នាំក្រោយមក។ បច្ចុប្បន្ន ពួកគេទាំងពីរមានកូនស្រីដ៏គួរឱ្យស្រលាញ់មួយរូប។

គួរឱ្យដឹងផងដែរ ពួកគេទាំងពីរនាក់សុទ្ធតែអាចនិយាយភាសាអង់គ្លេសបាន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង Xiaolan បានបង្រៀនស្វាមីនូវភាសាចិនមួយចំនួន ហើយចំណែកស្វាមីអ្នកនាងវិញ ក៏បានបង្រៀននាងនូវភាសាម៉ាឡេមួយចំនួនផងដែរ។ បើទោះបីជាពួកគេគ្មានបញ្ហាក្នុងការទំនាក់ទំនងជាមួយគ្នាក៏ពិតមែន ប៉ុន្តែលោក Shakolin នៅតែមានរឿងអស់សំណើចមួយចំនួនទាក់ទងទៅនឹងភាសាចិនរបស់លោក។

ជាក់ស្តែង មានម្តងនោះលោកបានទៅលេងគ្រួសារភរិយា គ្រានោះម៉ាក់យាយខាងប្រពន្ធក៏សួរលោកថា៖ 

«តើអាកាសធាតុនៅប្រទេសម៉ាឡេស៊ីយ៉ាងម៉េចដែរ?» (និយាយជាភាសាចិន)

លោក Shakolin ក៏បានតបថា៖

«ថ្មីៗនេះ មានភ្លៀងធ្លាក់ជាច្រើន។» (និយាយជាភាសាចិន)

ប៉ុន្តែលោកនិយាយពាក្យខុសទៅជាពាក្យ «ភ្លៀង (yu)» ក្លាយជាពាក្យ «ប្រេង (you)» ទៅវិញ ដូច្នេះលោកបាននិយាយថា៖

«ថ្មីៗនេះ មានប្រេងធ្លាក់ជាច្រើន។» (និយាយជាភាសាចិន)

ធ្វើឱ្យម៉ាក់យាយខាងប្រពន្ធមានការភ្ញាក់ផ្អើលជាខ្លាំង។ 

ក្រុមគ្រួសារអ្នកនាង Xiaolan

យ៉ាងណាមិញ ពួកគេបានរៀបការជាមួយគ្នា បន្ទាប់ពីរៀនចប់ ហើយបានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ចំនួន ២ដង មួយក្នុងក្នុងប្រទេសម៉ាឡេស៊ី ហើយមួយទៀតគឺនៅក្នុងប្រទេសចិន។ ម្យ៉ាងវិញទៀត ក្រុមគ្រួសាររបស់អ្នកនាង Xiaolan ក៏កាន់សាសនាម៉ូស្លីមផងដែរ។ ដូច្នេះពួកគេមិនបានបដិសេធចំពោះរឿងអាពាហ៍ពិពាហ៍មួយនេះទេ។

សព្វថ្ងៃនេះ បើទោះបីជាពួកគេបានរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ទំនាក់ទំនងស្នេហារបស់ពួកគេនៅតែមានភាពផ្អែមល្ហែមជានិច្ច។ ជាក់ស្តែង អ្នកនាង Xiaolan ពិតជាសរសើរស្វាមីអ្នកនាងខ្លាំងណាស់ នៅពេលគេសម្ភាសន៍អ្នកនាង។

អ្នកនាងបានបង្ហាញថា ស្វាមីនាងតែងតែត្រលប់មកផ្ទះភ្លាម បន្ទាប់ពីធ្វើការចប់។ មានម្តងនាងបានសួរគាត់ថា ហេតុអ្វីបានជាមិនទៅដើរលេងជាមួយមិត្តភក្តិបង បន្ទាប់ពីធ្វើការចប់។ គាត់ក៏ឆ្លើយតបថា គាត់សុទ្ធចិត្តចំណាយពេលនៅជាមួយភរិយា និងកូនស្រីវិញប្រសើរជាង។ 

ពិតជាគួរឱ្យកោតសរសើរ និងគោរពពិតមែន។

ចុងក្រោយ អ្នកនាង Xiaolan បានឱ្យពិន្ទុស្វាមីចំនួន ៩៨ពិន្ទុ ព្រោះស្វាមីគាត់បាននិយាយថា កាលនៅរៀន គាត់ចម្អិនម្ហូបដោយខ្លួនឯង ប៉ុន្តែដល់រៀបការហើយ គាត់កម្រនឹងចម្អិនម្ហូបណាស់ ដូច្នេះគាត់ដក ២ពិន្ទុចោល ព្រោះតែរឿងនេះ៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្រុមគ្រួសារអ្នកនាង Xiaolan
អ្នកនាង Xiaolan និងស្វាមី
អ្នកនាង Xiaolan
ក្រុមគ្រួសារអ្នកនាង Xiaolan
ក្រុមគ្រួសារអ្នកនាង Xiaolan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]