(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ លោក ឈឿន ឧត្តម ទស្សនិកជន ដែលនិយមស្តាប់បទមនោសញ្ចេតនាពីមុនៗ ប្រាកដជាស្គាល់ច្បាស់ហើយ ខណៈតារាប្រុសរូបនេះ បានចូលប្រឡូកខ្លួន ក្នុងវិថីសិល្បៈតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ហើយបង្កើនបានប្រជាប្រិយភាព ល្បីល្បាញខ្លាំង តាមរយៈបទ «ខ្លាចរកាដែក», «ឱបស្រមោល», «រនោចខែប្រាំង» និង «ទឹកភ្នែកជនពាល» ជាដើម។ យ៉ាងណាមិញ បច្ចុប្បន្នវត្តមានរបស់លោក ហាក់បាត់ឈឹងតែម្តង ពីកម្មវិធីទូរទស្សន៍នានា និងមិនមានចេញចម្រៀងថ្មីទៀតនោះទេ ដោយសារមានបញ្ហាសុខភាព។ ទន្ទឹមគ្នានេះ ក៏ស្រាប់តែឮដំណឹងមួយថា លោកកំពុងត្រៀមខ្លួន ចេញទៅចម្រៀង និងសម្តែង នៅប្រទេសអូស្រ្តាលី ខណៈសុខភាពបានប្រសើរឡើងវិញ។

បើតាមប្រភពដែលជិតស្និត នឹងតារាចម្រៀងប្រុស ឈឿន ឧត្តម បានបង្ហើបប្រាប់ Fresh News និង Khmer Talking ថា ទោះបីលោក ឈឿន ឧត្តម មិនមានសកម្មភាពច្រើន ជាមួយជាជីពសិល្បៈ ដូចជាការឡើងឆាកតន្ត្រីតាមស្ថានីយទូរទស្សន៍ក្តី តែមិនមានន័យថា លោកឈប់ច្រៀងនោះទេ ពោលរាល់ថ្ងៃនេះ លោកបានទៅច្រៀងជាប្រចាំនៅភោជនីយដ្ឋានមួយកន្លែង ក្បែរស្ថានទូតចិន។ មូលហេតុដែល លោកស្ងប់ស្ងាតមួយរយៈធំនេះ គឺមានកត្តាមួយចំនួន ដូចជា បច្ចុប្បន្នមានតារាចម្រៀងរះថ្មីជាច្រើន ជាហេតុធ្វើឱ្យទីផ្សារសិល្បៈរបស់លោក កប់បាត់ក្នុងបាត់សមុទ្រ មិនមានអ្នកនឹកឃើញ ហើយមូលហេតុមួយទៀត គឺលោកមានជំងឺច្រមុះ និងបំពង់កអស់រយៈ៤ឆ្នាំហើយ ទើបការងារសិល្បៈស្ងប់ស្ងាត់បែបនេះ តែបច្ចុប្បន្នជំងឺទាំងនេះ បានជាសះស្បើយវិញហើយ។

ប្រភពដដែលបានបន្តថា ទោះបីជាទីផ្សារក្នុងស្រុកបែបនេះក្តី តែលោកតែនៅមានទស្សនិកជនក្រៅប្រទេសជាច្រើនត្រូវការ ខណៈតារាចម្រៀង វ័យ៤៣ឆ្នាំរូបនេះ កំពុងត្រៀមខ្លួនចាកចេញទៅប្រទេសអូស្ត្រាលី រយៈពេល៣ខែ ដោយនឹងចេញទៅ នៅពាក់កណ្តាលខែមីនានេះ ដើម្បីច្រៀង ឱ្យបងប្អូនខ្មែរនៅទីនោះ បាននាំលេងកំសាន្តសប្បាយ ជាមួយបទពីដើមៗ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ ការចេញទៅក្រៅប្រទេសលើកនេះ ខណៈដែលការងារសិល្បៈក្នុងស្រុកមិនសូវមានទីផ្សារ។

ទាក់ទងនឹងរឿងនេះ លោក ឈឿន ឧត្តម ធ្លាប់បានបង្ហើបប្រាប់អ្នកកាសែតថ្មីៗនេះថា ទោះបច្ចុប្បន្នហាក់ស្ងប់ស្ងាត់ក៏ពិតមែន តែលោកមិនត្រូវគេមើលរំលងឡើយ ហើយក៏មិនទៅប្រកួតប្រជែងយកប្រជាប្រិយភាពជាមួយ សិល្បៈជំនាន់ក្រោយដែរ ព្រោះធម្មតាតែងតែមានរលកមុនរលកក្រោយ។ លោកថា អ្វីដែលសំខាន់សម្រាប់លោក គឺការបើកចិត្តចែករំលែកភាពជោគជ័យចំពោះការងារ និងជីវិតជាអ្នកសិល្បៈ ដល់មនុសុសក្រោយៗ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈឿន ឧត្តម