ហ្សឺណែវ៖ ក្រុមហ៊ុន Rolls-Royce Motor Cars នឹងវិលត្រឡប់ទៅកាន់កម្មវិធីពិព័រណ៍រថយន្តទីក្រុងហ្សឺណែវ (Geneva Motor Show) វិញ និងដាក់តាំងបង្ហាញផលិតផលនាពេលបច្ចុប្បន្នទាំងស្រុងរបស់ខ្លួនជាលើកដំបូងនៅលើឆាកអន្តរជាតិ។ ក្រោយពីបានបង្ហាញប្រភេទរថយន្ត Bespoke ជាច្រើនគ្រឿងក្នុងពេលទទួលបានភាពជោគជ័យជាកំណត់ត្រាក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញនូវរថយន្តដ៏ប្រណិតពិសេសជាងគេ១ប្រភេទទៀត ក្នុងចំណោមរថយន្តម៉ាក Phantoms ទាំង ២៥ គ្រឿង រួមជាមួយនឹងរថយន្តស៊េរីថ្មី Bespoke Cullinan ដែលនឹងត្រូវបង្ហាញខ្លួនជាសាធារណៈជាលើកទីមួយផងដែរ។ បន្ថែមលើនេះទៅទៀត ប្រភេទរថយន្តម៉ាក Black Badge និង Bespoke Dawn ដែលត្រូវបានរចនាដោយក្រុមសហគ្រិនវ័យក្មេងរបស់ក្រុមហ៊ុន ក៏នឹងត្រូវដាក់តាំងបង្ហាញផងដែរ។

Rolls-Royce Motor Cars

រថយន្តប្រភេទ Phantom Tranquillity

ភាពស្ងប់ស្ងាត់ គឺជាកន្សោមពាក្យទាក់ទងនឹងជំហររបស់រថយន្តប្រភេទ Phantom ក្នុងនាមជាប្រភេទរថយន្តដ៏ល្អប្រណិត និងកម្របំផុតក្នុងពិភពលោក។ រថយន្តប្រភេទនេះ ត្រូវបានផលិតឡើងត្រឹមតែ ២៥ គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក និងមានទាំងប្រភេទរថយន្ត Phantom និង Phantom Extended Wheelbase។

Phantom Tranquillity ត្រូវបានដាក់ឈ្មោះឲ្យ និងរចនាឡើងដើម្បីតម្រូវតាមអារម្មណ៍នៃភាពស្ងប់ស្ងាត់ក្នុងរថយន្តនេះ ហើយរថយន្តដ៏ពិសេស Phantom មួយនេះ មានការរចនាដ៏ស្រស់ស្អាត តាមរយៈការបំពាក់ដោយគ្រឿងលម្អដ៏កម្រក្នុងពិភពលោក។

ការតុបតែងក្នុងរថយន្តប្រភេទ Tranquillity នេះ គឺជាការរចនាក្រោមការច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានបំពាក់ក្នុងរ៉ូកែតអាវកាសចក្រភពអង់គ្លេសឈ្មោះថា Skylark។ វត្ថុធាតុដើមនៃឧបករណ៍តុបតែងទាំងនោះ ត្រូវបានផលិតចេញពីដែកអ៊ីណុកដ៏មានគុណភាពខ្ពស់ មាសសុទ្ធទំហំ ២៤ ការ៉ាត់ និងសារធាតុអាលុយមីញ៉ូម។

ផ្នែកខាងក្នុងនៃរថយន្ត កាន់តែមានការរចនាក្រោមការច្នៃប្រឌិតដ៏ពិសេសដំបូងគេសម្រាប់ប្រភេទរថយន្ត Rolls-Royce ទៅទៀត តាមរយៈការបញ្ចូលដុំអាចម៍ផ្កាយដ៏កម្រក្នុងប្រព័ន្ធគ្រប់គ្រងសំឡេង (Volume Controller) រួមជាមួយនឹងការរចនាពណ៌មាសដ៏រលោងភ្លឺថ្លា ដើម្បីធ្វើឲ្យកាន់តែមានភាពកាន់តែទាក់ទាញ និងល្អឥតខ្ចោះក្នុងរថយន្ត។ ការរចនាជាមួយប្រភេទអាចម៍ផ្កាយដ៏កម្រឈ្មោះថា Muonionalusta ដែលបានធ្លាក់មកលើផែនដីក្នុងទីក្រុង Kiruna ប្រទេសស៊ុយអែត កាលពីឆ្នាំ1906 ត្រូវបានបំពាក់ដោយការឆ្លាក់អក្សរបង្ហាញពីទីតាំង និងកាលបរិច្ឆេទនៃការរកឃើញដុំអាចម៍ផ្កាយមួយនេះ។

ពណ៌ផ្នែកខាងក្នុងនៃប្រភេទស្បែក Arctic White (ស) ឬ Selby Grey (ប្រផេះ) គឺជាការរចនាដ៏ពិសេសក្រោមការបញ្ចូលគ្នាពីសារធាតុដែលបញ្ចេញពន្លឺភ្លឺថ្លា និងរលោងស្អាត មិនចាញ់លោហៈធាតុឡើយ។ ផ្ទៃរលោងពណ៌ខ្មៅ ត្រូវបានរចនានៅចំផ្នែកកណ្តាលនៃតាប្លូរថយន្ត ខណៈដែលការរចនាដោយសារធាតុសាទីន (Satin) ត្រូវបានប្រើប្រាស់នៅផ្នែកខាងលើនៃប្រអប់ដាក់ឥវ៉ាន់ និងទម្រដៃត្រង់ទ្វាររថយន្ត។ សារធាតុរលោងភ្លឺថ្លា ត្រូវបានរចនាឡើងជាមួយនឹងលោហៈធាតុដ៏ល្អប្រណិត Pinstripes។

ទាំងក្នុងរថយន្តដែលត្រូវបានរចនាជាមួយនឹងពណ៌ Light និង Dark ប្រព័ន្ធសំឡេងរបស់រថយន្តនេះ សុទ្ធសឹងត្រូវបានរចនាជាមួយនឹងពណ៌លឿង ដោយការបញ្ចូលសារធាតុមាសសុទ្ធបន្ថែមក្នុងរថយន្តនេះ។ សារធាតុដ៏ល្អឯកទាំងនេះ ត្រូវបានយកគំរូមតាមប្រព័ន្ធផ្កាយរណប NASA ‘Voyager’ ដែលត្រូវបានបង្ហោះទៅកាន់អាវកាសជាមួយនឹងឧបករណ៍ធ្វើពីមាស2 មានសមត្ថភាពថតសំឡេង និងផ្តិតយករូបភាពទាក់ទងនឹងជីវិត និងវប្បធម៌លើភពផែនដី។

ការរចនាដ៏ល្អឯកគ្មានពីរ នៅលើទ្វារនៃប្រភេទរថយន្ត Extended Wheelbase ធ្វើឡើងស្របពេលតាមមូលដ្ឋាននៃវិចិត្រសាល ដើម្បីផ្តល់នូវភាពដ៏ល្អប្រណិត។ នាឡិកាពណ៌មាស ដែលត្រូវបានឆ្លាក់ក្នុងរថយន្តប្រភេទ Bespoke នេះ បំពេញភាពល្អប្រណិតរបស់រថយន្តតែម្តង។

Rolls-Royce Motor Cars

រថយន្តប្រភេទ Cullinan Genève ឆ្នាំ ២០១៩

ប្រភេទរថយន្តដែលមានការច្នៃប្រឌិតខ្ពស់មួយនេះ បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅលើកំពូលភ្នំនៃឧទ្យានជាតិ Grand Tetons រដ្ឋ Wyoming សហរដ្ឋអាមេរិក និងបានចាប់ផ្តើមដំណើរបស់ខ្លួន ក្នុងនាមជាប្រភេទថយន្ត Bespoke ដ៏គួរឲ្យកត់សម្គាល់ ជាមួយនឹងម៉ាក Cullinan ដែលដែលត្រូវទទួលស្គាល់ថា ជាប្រភេទរថយន្តដ៏ល្អប្រណិត។

រថយន្តប្រភេទ Genève ឆ្នាំ ២០១៩ មួយនេះ ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត និងពិសេស។ ការរចនាឲ្យមានការបញ្ចេញពន្លឺ៥ជ្រុងនៃពណ៌បស់ប្រភេទរថយន្តមួយនេះ ត្រូវបានរចនាឡើងដោយការបញ្ចូលជាមួយនឹងពណ៌ Petra Gold (មាស) និង Navy Blue (ខៀវ) ក្នុងបំណងចង់ឲ្យយើងនឹកដល់ពណ៌ឈើគគី ស្របពេលដែលការរចនាផ្ទៃខាងក្នុងជាមួយនឹងពណ៌ Navy Blue និង Oatmeal គឺជាការលាយពណ៌យ៉ាងល្អប្រណិត រួមជាមួយនឹងការប្រើប្រាស់សារធាតុល្បែកដ៏ល្អបំផុត។ បន្ថែមលើសនេះទៅទៀត ការចនាបែបឈើធម្មជាតិ ត្រូវបានលម្អដោយនាឡិកាក្នុងប្រភេទរថយន្ត Bespoke រួមជាមួយនឹងការតុបតែងប្រព័ន្ធសំឡេង Bespoke Audio ពីសារធាតុអាលុយមីញ៉ូញរលោងភ្លឺដូចកញ្ចក់ ដើម្បីបង្កើសមត្ថភាពនៃប្រព័ន្ធសំឡេងរបស់រថយន្ត Rolls-Royce ប្រកបដោយបច្ចេកទេសខ្ពស់។

ឧបករណ៍ Hosting Service ដែលត្រូវបានរក្សាទុកនៅផ្នែកខាងក្រោយនៃរថយន្ត Cullinan នឹងផ្តល់នូវភាពភាពងាយស្រួលដ៏ពិសេសក្នុងការចំណាយពេលជាមួយនឹងមនុស្សជាទីស្រឡាញ់ ក្នុងដំណើរកម្សាន្តនានា។

ជាមួយគ្នានេះ កែវស្រាក្រឡុកធ្វើពីលោហៈ និងកន្លែងទុកសម្ភារៈសំខាន់ៗ ក៏ដូចជាកន្លែងដាក់កែវ ក៏ត្រូវបានបំពាក់យ៉ាងល្អប្រណិតផងដែរ រួមជាមួយនឹងការរចនាផ្សេងដែលធ្វើអំពីឈើ។ អ្នកបើកបរអាចទុកភេសជ្ជៈផ្សេងៗក្នុងកែវត្បូងពណ៌ ខៀវ ដែលត្រូវឆ្លាក់ដោយអក្សរ RR ហើយកន្លែងទុកក្រដាស់អនាម័យ ក៏ត្រូវបានរចនាឡើងក្រោមការច្នៃប្រឌិតខ្ពស់ផងដែរ រួមជាមួយនឹងឧបករណ៍ដ៏ប្រណិតនានាជាច្រើនទៀត។

Rolls-Royce Motor Cars

រថយន្ត Dawn Genève ឆ្នាំ ២០១៩

ជាមួយនឹងការរចនាយ៉ាងពិសេសក្នុងប្រភេទនៃរថយន្ត Bespoke ក្រោមការច្នៃប្រឌិតរបស់ក្រុមហ៊ុន Rolls-Royce រថយន្ត Genève 2019 Dawn គឺជាប្រភេទរថយន្តដែលមានការកែច្នៃថ្មីមួយ ក្រោមការរចនាជាមួយនឹងពណ៌ត្បូងពណ៌ខៀវ និង Milori Sapphire ដែលត្រូវបានលាយបញ្ចូលគ្នាដើម្បីបង្កើតរថយន្តមានពណ៌បែបត្បូងខៀវ ដែលពន្លឺភ្លឺចិញ្ចាញ។ រថយន្តដែលមានការរចនាដ៏ពិសេសមួយនេះ ត្រូវបានបញ្ចូលដោយសារធាតុកាបូន Aero Cowling ក្រោមការតុបតែងជាមួយនឹងសារធាតុមានពណ៌ Navy Blue ដើម្បីបង្កើតបាននូវរថយន្តកៅអី២ជួរ ដ៏ល្អប្រណិតគ្មានពីរ។

កន្លែងអង្គុយផ្នែកខាងមុខនៃរថយន្ត Dawn Genève 2019 ត្រូវបានតុបតែងជាមួយនឹងស្បែកសត្វពណ៌ប្រផេះ និងខៀវ ស្របពេលដែលផ្ទៃខាងក្នុងនៃតាប្លូរថយន្ត ត្រូវបានរចនាជាមួយនឹងផ្ទាំង Piano Milori Sapphire ដែលត្រូវបានដុះខាត់ដោយដៃរយៈពេល ១២ ម៉ោង ជាមួយនឹងភ្លីឆ្លូតពណ៌ប្រាក់ដ៏ល្អប្រណិត។ ការរចនាទាំងនេះ ត្រូវបានបញ្ចូលរួមជាមួយការរចនាដោយឈើ Royal Walnut នៅផ្នែកទ្វារ ផ្នែកខាងក្រោយនៃរថយន្ត និងផ្នែកកណ្តាលនៃតាប្លូ។

រថយន្ត Black Badge

សម្រាប់កម្មវិធីពិពណ៌រថយន្តនៅទីក្រុងហ្សឺណែវ ឆ្នាំ2019 ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញរថយន្តជំនាន់ក្រោយដ៏មានថាមពលចំនួន2ប្រភេទ ក្រោមការច្នៃប្រឌិតរបស់ក្រុមសហគ្រិនជំនាន់ថ្មីរបស់ពួកគេ ដែលចង់ផលិតរថយន្ត Rolls-Royce តាមរយៈការយកគំរូតាមថយន្ត Black Badge។

ពណ៌ Galileo Blue (ខៀវក្រម៉ៅ) ត្រូវបានជ្រើសរើសយកដើម្បីទៅរចនារថយន្តប្រភេទ Black Badge Wraith ស្របពេលដែលប្រភេទពណ៌ Mandarin ក៏ត្រូវបានប្រើប្រាស់ដើម្បីលាយពណ៌ដើម្បីបង្កើតឲ្យបានរថយន្តប្រកបដោយភាពទាក់ទាញ។ នៅផ្នែកខាងក្នុង សារធាតុស្បែកពពណ៌ស និងខៀវ សុទ្ធសឹងជាពណ៌មានលក្ខខណៈស្រដៀងទៅនឹងពណ៌ Mandarin ដែរ ដើម្បីបំពាក់លើកៅអីអង្គុយ ក្រោមការរចនាដោយស្នាមឆ្នូតដ៏ស្រស់ស្អាត ស្របពេលដែលកៅអីអង្គុយទាំង2ផ្នែកខាងក្រោយ ក៏ត្រូវបានរចនាដោយក្រណាត់កូតុងដ៏ស្រស់ស្អាតផងដែរ។

រថយន្តប្រភេទ Black Badge Ghost ត្រូវបានរចនាដោយប្រើប្រាស់ពណ៌ងងឹត និងត្រូវបានតុបតែងជាមួយនឹងស្នាមឆ្នូតពណ៌បៃតងចាស់នៅត្រង់ចំណុចកណ្តាលនៃកង់របស់រថយន្ត។ ក្រណាត់ពណ៌កាបូន និងខ្មៅ ត្រូវបានប្រើប្រាស់ទាំងនៅលើកៅអីជួរមុខ និងជួរក្រោយ ស្របពេលដែលស្នាមឆ្នូតពណ៌បៃតងចាស់ ក៏ត្រូវបានរចនាក្នុងរថយន្តនេះផងដែរ។ ការតុបតែងនៅកៅអីខាងក្រោយ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្រណាត់កូតុង រួមជាមួយនឹងសារធាតុស្បែកដ៏ទន់ និងល្អឥតខ្ចោះ ដើម្បីបង្កើតឲ្យមានភាពទាក់ទង និងពណ៌ដ៏ភ្លឺរលោងក្នុងរថយន្តដ៏ប្រណិតនេះ។

Rolls-Royce Motor Cars

កម្មវិធីសិល្បៈរបស់ក្រុមហ៊ុន Rolls-Royce

កម្មវិធីសិល្បៈរបស់ក្រុមហ៊ុន Rolls-Royce បានជួយឧបត្ថម្ភគាំទ្រសិល្បករល្បីៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរាប់បញ្ចូលទាំងសិល្បករ Isaac Julien, Asad Raza, Dan Holdsworth និង Yang Fudong ផងដែរ។ ពិភពនៃសិល្បៈគឺជាវិស័យមួយដែល Rolls-Royce ចែករំលែកនូវទេពកោសល្យពីធម្មជាតិដ៏ច្បាស់លាស់ ជាមួយការប្តេជ្ញាចិត្តក្នុងការបង្ហាញពីការគំនិតច្នៃប្រឌិតថ្មី ការរុករកបច្ចេកវិទ្យាថ្មី និងការកំណត់មូលដ្ឋាននៃរបកគំឃើញថ្មី និងមានចន្ឆៈក្នុងការចំណាយពេលលើការស្វែងរកគុណភាព។

ក្រុមការងាររបស់ Rolls-Royce នឹងធ្វើការវិភាគទៅលើការងារថ្មីមួយរបស់សិល្បករ Tomás Saraceno ក្នុងកម្មវិធីពិពណ៌នេះ ដែលប្រព្រឹត្តទៅ នៅចន្លោះថ្ងៃទី7 និងទី17 ខែមីនា ឆ្នាំ2019។ ការងារសិល្បៈនេះ នឹងតម្រូវឲ្យសិល្បករបង្កើតការច្នៃប្រឌិតថ្មីមួយ ដោយធ្វើការជាមួយនឹងសត្វពីងពាងរស់ជាច្រើន ហើយបន្ទាប់ពីកម្មវិធីពិណ៌នេះ ការងារសិល្បៈទាំងនោះ នឹងត្រូវរក្សាទុកនៅទីស្នាក់ការរបស់ក្រុមហ៊ុន Rolls-Royce ស្ថិតនៅ Goodwood ក្នុងទីក្រុង West Sussex ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]