ថៃ៖ ជារឿងដ៏ភ្ញាក់ផ្អើល និងក្តៅគគុកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា បន្ទាប់ពីបុរសជាអ្នកជំនួញជនជាតិថៃម្នាក់ បានប្រកាសរើសកូនប្រសាប្រុស ដោយហ៊ានឲ្យរថយន្តជាច្រើនគ្រឿង ផ្ទះ១ខ្នង និងលុយរាប់ម៉ឺនដុល្លារ ប្រសិនបើបុរសៗណាអាចឆក់យកបេះដូងកូនស្រីបណ្ដូលចិត្តគាត់ និងគ្រប់គ្រងជំនួញបន្តបាន។

លោក Anont Rotthong និងកូនស្រី

លោក Anont Rotthong ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ឬថៅកែផ្លែទុរេនក្នុងខេត្ត Chumphon ប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ពិសេសពួកកំលោះៗស្រក់ទឹកមាត់ បន្ទាបប់ពីលោកបានប្រកាសជាសាធារណៈថា នឹងផ្តល់រថយន្តឲ្យ ១០គ្រឿង ផ្ទះ១ខ្នង និងលុយសុទ្ធ១០លានបាត (ប្រហែល ៣១ម៉ឺនដុល្លារអាមេរិក) រួមទាំងទ្រព្យសម្បត្តិផ្សេងៗទៀត ប្រសិនបើមានបុរសណាម្នាក់ខ្លាហែក អាចឆក់យកបេះដូងកូនស្រីវ័យ ២៦ឆ្នាំរបស់លោក ឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ និងស្ម័គ្រខ្លួនបន្តជំនួញគ្រួសាររបស់លោកបាន។

ជាក់ស្តែង អ្នកជំនួញលោក Anont Rotthong បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះថា៖

«នរណាខ្លះដឹងពីរបៀប ជ្រើសរើស (មើល) ទិញផ្លែទុរេន និងប្រភពផ្លែឈើចេញពីចម្ការ នឹងអាចមកចាប់ដៃកូនស្រីរបស់ខ្ញុំបាន។ ខ្ញុំនឹងមិនយកថ្លៃបណ្ណាការអ្វីពីអ្នកទេ ប៉ុន្តែខ្ញុំនឹងឲ្យជំនួសទៅវិញនូវលុយសុទ្ធ ១០លានបាត រថយន្ត១០គ្រឿង ផ្ទះ១ខ្នង ផ្សារទុរេន២កន្លែង និងកូនស្រីបណ្ដូលចិត្តរបស់ខ្ញុំ ដែលនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Assumption University និងមានសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Sun Tat-sen University ប្រទេសចិន»

លោក Anont Rotthong និងកូនស្រី

ជាការពិតណាស់ អ្នកមួយចំនួនបានគិតថា លោក Anont ទំនងជានិយាយលេងនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកជំនួញរូបនេះ ក៏ថែមទាំងបានប្រកាសប្រាប់កាសែតក្នុងស្រុកថា នេះគឺជារឿងពិត ហើយលោកបាននិយាយថា ប្រសិនណាបើលោករង់ចាំយូរតទៅទៀត កូនស្រីរបស់លោកនឹងកាន់តែចាស់ អាយុក៏នឹងកាន់តែច្រើនដែរ។

ម្យ៉ាងអស់រយៈពេលជាច្រើនឆ្នាំមកនេះ (ជាង២០ឆ្នាំ) ខ្លួនលោកក៏ហត់នឿយខ្លាំងណាស់ដែរ ចង់សម្រាក ឬចូលនិវត្តន៍ ដោយចង់បន្តការងារជំនួញមួយនេះ ទៅឲ្យអនាគតកូនប្រសា និងកូនស្រីរបស់លោក ជាអ្នកកាន់កាប់បន្តម្តង។

លោក Anont បានបញ្ជាក់ថា អ្នកដែលចង់ចូលមកក្នុងគ្រួសាររបស់លោក ធ្វើជាកូនប្រសានេះ គឺត្រូវតែមានលក្ខណៈសម្បត្តិល្អ អត្តចរិតល្អ មិនមែនជាមនុស្សដែលចេះលេងល្បែង ផឹកស្រាស្រវឹងខួបនោះទេ។ អ្វីដែលសំខាន់និងចង់បាននោះ ជាមនុស្សដែលខិតខំនឹងការងារ និងជាពិសេសត្រូវស្រលាញ់ស្ម័គ្រស្មោះកូនស្រីបណ្ដូលចិត្តរបស់លោក។

លោក Anont បានឲ្យដឹងទៀតថា អនាគតកូនប្រសាប្រុសរបស់លោក មិនចាំបាច់ជាអ្នកមាន និងអ្នកមានចំណេះដឹងខ្ពង់ខ្ពស់អីនោះទេ។ លោកថា លោកក៏មានប្រវត្តិលំបាក ប្រឹងធ្វើការរកស៊ី ធ្វើជំនួញទាំងបាតដៃទទេ រហូតមានបានដល់សព្វថ្ងៃនេះ ដូច្នេះលោកក៏ចង់ផ្តល់ឱកាសដល់កំលោះៗ ដែលចង់មកធ្វើជាកូនប្រសារបស់លោក ជាមនុស្សដែលរឹងមាំ និងមានឆន្ទៈខ្ពស់។

នាង Kansita Rotthong

ដោយឡែក បើងាកមកស្ដាប់សម្ដីកូនស្រីរបស់លោក Anont វិញ នាង Kansita Rotthong បាននិយាយថា ដំបូងឡើយនាងស្មានតែឪពុករបស់នាងនិយាយលេង ទើបក្រោយមកបានដឹងថាឪពុកនាងនិយាយមែន ពីការស្វែងរកកូនប្រសាប្រុសនោះ។

Kansita និយាយថា ជុំវិញនឹងរឿងរ៉ាវនេះ នាងនិងបងប្អូនគ្រួសាររបស់នាង ក៏មិនជំទាស់ ពោលគឺគោរពទៅតាមការសម្រេចចិត្តរបស់ឪពុកនាងផងដែរ។ នាងថា សុំត្រឹមតែជាបុរសដែលសមរម្យម្នាក់ ខិតខំធ្វើការ និងស្រលាញ់គ្រួសាររបស់នាង គឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់នាង។

Kansita បាននិយាយបែបលេងសើចចុងក្រោយថា បងស្រីធំរបស់ខ្ញុំ គាត់មានគ្រួសារហើយ នៅឡើយតែនាងប៉ុណ្ណោះ។ ដូច្នេះប្រហែលជាប៉ារបស់នាង ខ្លាចមិនបានឃើញមុខកូនប្រសាក្រោយគាត់ហើយមើល៍ទៅ ទើបខំប្រឹងប្រកាសរកបែបនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

លោក Anont Rotthong
លោក Anont Rotthong
លោក Anont Rotthong
នាង Kansita Rotthong
នាង Kansita Rotthong
គ្រឿងអលង្ការ
លោក Anont Rotthong
លោក Anont Rotthong
ទុរេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]