ជប៉ុន៖ ស្ថាបនិក ឬអ្នកបង្កើតតុក្កតា «Momo» បាននិយាយថាលោក បានបំផ្លាញតុក្កតាខ្មោចនេះចោលហើយ បន្ទាប់ពីផ្ទុះករណីអត្តឃាត Momo Challenge ដែលបានសម្លាប់កុមារអស់រាប់សិបនាក់លើពិភពលោក។

យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា លោក Keisuke Aisawa ដែលជាសិល្បករបង្កើតតុក្កតា Momo បាននិយាយថា៖

«ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះការធ្វើឱ្យឪពុកម្តាយ និងក្មេងៗជាច្រើនជុំវិញពិភពលោកមានការភ័យខ្លាច បន្ទាប់ពីមានជនអនាមិកបានប្រើប្រាស់តុក្កតា Momo ដែលលោកបានបង្កើតយកទៅធ្វើបាប និងសម្លាប់ក្មេងៗ។»

សិល្បករវ័យ ៤៦ឆ្នាំរូបនេះក៏បានបន្តថ្លែងទៀតថា៖

«វាមិនមាននៅលើលោកនេះទៀតទេ។ វាគឺជារឿងអពមង្គល ហើយខ្ញុំបានបោះវាចោលហើយ។ ក្មេងៗអាចទុកចិត្តបាន ព្រោះ Momo បានស្លាប់បាត់ហើយ។ រឿងអពមង្គលនេះបានរលាយពីលើលោកនេះហើយ។»

លោក Aisawa បានបន្ថែមទៀតថា វាបានរលាយបាត់ពីលើលោកនេះហើយ លោកទុកតែភ្នែកខាងឆ្វេងម្ខាងប៉ុណ្ណោះ ដើម្បីសម្រាប់គម្រោងមួយផ្សេងទៀត៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Momo
លោក Keisuke Aisawa

អត្ថបទចាស់

បរទេស៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន ប្រាកដជាធ្លាប់បានឮហើយពី «Momo Challenge» ឬហ្គេមអត្តឃាត ដែលកន្លងមកធ្លាប់បានសម្លាប់កុមារតូចៗ និងក្មេងៗវ័យជំទង់អស់ជាច្រើននាក់ តាមរយៈការបំភ័យដោយរូបភាព វីដេអូ និងសារសំឡេងគួរឲ្យខ្លាចផ្សេងៗជាច្រើន ដោយបង្គាប់បញ្ជាឬគំរាមកំហែងឲ្យពួកគេអនុវត្តន៍តាម។

យ៉ាងណាមិញ ថ្មីៗនេះហ្គេម ឬល្បែងគ្រោះថ្នាក់ដ៏រន្ធត់ Momo នេះ ក៏បាននឹងកំពុងបង្ហាញខ្លួនវាយលុកជាថ្មីលើអនឡាញ តាមរយៈ Youtube នៅពេលដែលអ្នកឬកូនតូចៗរបស់អ្នក ទស្សនាវីដេអូគំនូជីវចល Papa Pig និង Fortnite ។

អ្វីដែលរឹតតែគួរឲ្យព្រួយបារម្ភ និងភ័យតក់ស្លុតសម្រាប់កុមារតូចៗទៀតនោះ Momo Challenge ក៏កំពុងតែរីករាលដាលខ្លាំងនូវវីដេអូចម្រៀងលើ Youtube និងលើបណ្តាញសង្គមមួយចំនួន ក្នុងន័យបំភ័យក្មេងៗដោយគំរាមថានឹងសម្លាប់ពួកគេថែមទៀតផង។

«Momo. Momo. Momo នឹងទៅសម្លាប់អ្នក

Momo. Momo. Momo នឹងទៅសម្លាប់អ្នក

នាងនឹងទៅដល់នៅពេលយប់ នៅពេលដែលអ្នកកំពុងតែគេង

នៅពេលព្រឹកអ្នកនឹងស្លាប់

Momo. Momo. Momo នឹងទៅសម្លាប់អ្នក

Momo. Momo. Momo នឹងទៅសម្លាប់អ្នក

តើអ្នកចង់ភ្ញាក់ផ្អើលទេ?

មើលក្នុងក្រសែភ្នែករបស់នាងមក

ខ្ញុំមិនកុហកអ្នកទេ អ្នកនឹងត្រូវស្លាប់

Momo. Momo. Momo នឹងទៅសម្លាប់អ្នក

ប្រសិនបើអ្នកមិនជឿ អ្នកអាចនឹងគិតថា នាងគ្រាន់តែធ្វើឡើងពីដុំថ្ម

នាងនឹងទៅរកអ្នក នៅពេលដែលអ្នកនៅផ្ទះម្នាក់ឯង

Momo. Momo. Momo នឹងទៅសម្លាប់អ្នក» ។

វីដេអូឃ្លីបនេះដែរ (ចម្រៀង) ត្រូវបានគេដឹងថា ចែកចាយដំបូងនៅក្នុងបណ្តាញសង្គមងងឹត មុនបែកធ្លាយលើបណ្តាញសង្គមនានា ដែលបង្កជាការព្រួយបារម្ភដល់កុមារ និងត្រូវបានគេចាត់ទុកថា ជាឃាតកដ៏អាថ៌កំបាំងដែលអាចសម្លាប់ពួកគេបាន។

តួយ៉ាង ជុំវិញនឹងករណីដែលកំពុងតែផ្ទុះកក្រើកជាថ្មីនេះដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានចែកចាយសាររៀបរាប់លម្អិតដើម្បីឲ្យមហាជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗរបស់ខ្លួន នៅពេលដែលពួកគេមើលវីដេអូលើយូធូប និងលេងហ្គេមអនឡានជាដើម យ៉ាងដូច្នេះថា៖

«សូមមាតាបិតាទាំងអស់ប្រយ័ត្នពេលកូនមើលវីដេអូ និងលេងហ្គេមអនឡាញក៏ដូចជាប្រើ WhatsApp ព្រោះមានអ្នកយកតួអង្គមុខខ្មោចឈ្មោះ Momo មកបន្លាចក្មេង។ តួអង្គនេះអាចទាក់ទងមកតាម WhatsApp ឬចូលមកក្នុងវីដេអូក្មេងៗកំពុងមើលហើយបញ្ជាឲ្យក្មេងធ្វើតាមគេ ដូចជាចាក់ខ្លួនឯងឬសម្លាប់ខ្លួន ហើយមិនឲ្យប្រាប់ទៅអ្នកណាទេ បើប្រាប់គេនឹងមករកក្មេងពេលយប់។ ល។ Momo នេះមិនមែនថ្មីទេ តែពេលថ្មីៗនេះគឺគេចាប់ផ្តើម Hack ចូលវីដេអូក្មេងតូចៗដែលធ្វើឲ្យមានការបារម្ភខ្លាំង។ យោងតាម BBC, Washington Post, Daily Mail, ជាដើម មទល់ពេលនេះមានក្មេងប៉ុន្មាននាក់ហើយដែលបានសម្លាប់ខ្លួនដោយសារហ្គេម Momo Challenge» ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះសាលាបឋមសិក្សានៅចក្រភពអង់គ្លេសជាច្រើន បានធ្វើការព្រមានអំពីគ្រោះថ្នាក់នៃការប្រកួតលេងហ្គេមនេះ ដោយបញ្ជាក់ថា វាគឺហ្គេមឬល្បែងគំរាមកំហែងដ៏គ្រោះថ្នាក់ និងហានិភ័យធ្ងន់ធ្ងរបំផុតចំពោះសុវត្ថិភាពកុមារ។

គេក៏បានណែនាំដល់អាណាព្យាបាលកុមារទាំងអស់ ឲ្យយកចិត្តទុកដាក់លើកូនៗរបស់ខ្លួន ពិសេសចៀសឲ្យឆ្ងាយពីការប្រើប្រាស់ទូរស័ព្ទ ឬមើលវីដេអូផ្សេងៗនៅលើបណ្តាញសង្គម ក៏ដូចជាយូធូបផងដែរ។

សូមបញ្ជាក់ថា «Momo Chanllenge» គឺជាទម្រង់ហ្គេម ឬល្បែងគំរាមកំហែងតាមអ៊ីនធើណែត ដែលរីករាលដាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ជាពិសេស គឺគោលដៅឆ្ពោះទៅរកកុមារតូចៗតែម្តង។ ហ្គេមនេះវានឹងនាំឲ្យអ្នកអនុវត្តន៍ទៅតាមអ្វីដែលវាបានបញ្ជា តាមរយៈរូបភាព វីដេអូ សារអក្សរឬសំឡេង និងដោយពុំឲ្យអ្នកប្រាប់ពីរឿងសម្ងាត់នេះដល់នរណាម្នាក់ឡើយ បើមិនដូច្នេះទេវានឹងគំរាមសម្លាប់អ្នក៕

Momo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]