អេស្ប៉ាញ៖ Gareth Bale មានបំណងចង់ចាកចេញពី Real Madrid ដោយសារតែមួយរយៈចុងក្រោយនេះ Bale ហាក់ដូចជាមានបញ្ហាមិនសមប្រកបច្រើននៅអេស្ប៉ាញ។ Bale បានសម្លឹងរកមើលឱកាសក្នុងការចាកចេញទៅកាន់ក្លិបនៅអង់គ្លេស ស្របពេលដែលក្លិបធំៗដូចជា Manchester United, Spur និង Chelsea ជាដើមសុទ្ធសឹងតែបានបង្ហាញពីចំណាប់អារម្មណ៍ចង់នាំរូបគេមកកាន់ក្របខណ្ឌ Premier League។ ប៉ុន្តែក្លិបទាំងនេះហាក់បីដូចជាមានការរារែកគួរសម សម្រាប់តម្លៃខ្លួនរហូតដល់ ១៥០លានផោន និងប្រាក់ឈ្នួលរបស់គេរហូតដល់ ៦៥០,០០០ផោនក្នុងមួយសប្តាហ៍។
ដោយឡែកលោក Jonathan Barnett ដែលជាភ្នាក់ងាររបស់ Bale បានឱ្យដឹងថា៖ “ Bale ពេញចិត្តនឹងនៅ Real Madrid។ ប៉ុន្តែបើទោះបីជាគេចង់ចាកចេញពិតមែន ក៏គ្មានក្លិបណាហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់បែបនេះសម្រាប់រូបគេដែរ”។
រឿងរ៉ាវដែល Bale ចាប់ផ្តើមល្អក់កករជាមួយក្លិប គឺក្រោយមានការរិះគន់ខ្លាំងៗពីអ្នកគាំទ្រ Real Madrid ក្រោយចាញ់ Barcelona និងបន្ទាប់ពីមានរឿងរ៉ាវបែកធ្លាយថា Bale មានការពិបាកក្នុងការហ្វឹកហាត់ជាមួយក្រុម ដោយសារតែគេមានភាពពិបាកប្រាស្រ័យទាក់ទងជាមួយមិត្តរួមក្រុម។ Marcelo ធ្លាប់បាននិយាយប្រាប់សារព័ត៌មានមួយថា Bale មិនធ្លាប់និយាយភាសាអេស្ប៉ាញសោះតែម្តង ទោះបីជារូបគេបានចូលរួមជាមួយ Real Madrid ជាង ៦ឆ្នាំកន្លងមកយ៉ាងណាក្តី។
ទោះបីជាបែបណាក៏ដោយ Bale បានរួមចំណែកកសាងស្នាដៃ និងសមិទ្ធផលជាច្រើនជាមួយ Real Madrid ដោយឈ្នះ Champions League បាន ៤ដង ស៊ុតបាន ១០១គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ២១៨ដងជាមួយ Real Madrid ក្រោយចាកចេញពី Spur ក្នុងតម្លៃខ្លួន ៨៥លានផោន។ សម្រាប់រដូវកាលថ្មីនេះ Bale រកគ្រាប់បាល់ឱ្យ Real Madrid បាន ១៣គ្រាប់ ពីការបង្ហាញខ្លួន ៣៣ប្រកួត។ គួរឱ្យដឹងថា Gareth Bale នៅសល់កុងត្រាជាមួយក្លិបយក្សអេស្ប៉ាញមួយនេះរហូតដល់ឆ្នាំ ២០២២៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]